Wednesday, June 25, 2025
Homeព័ត៌មានជាតិដោះស្រាយជម្លោះព្រំដែន អ្នកវិភាគថា បារាំង ភាគីទី៣ ជួយសម្រួលឯកសារដល់កម្ពុជា-ថៃ

ដោះស្រាយជម្លោះព្រំដែន អ្នកវិភាគថា បារាំង ភាគីទី៣ ជួយសម្រួលឯកសារដល់កម្ពុជា-ថៃ

ភ្នំពេញ ៖ អ្នកវិភាគ បានលើកឡើងថា ដោយសារបារាំង ធ្លាប់ជាសហប្រធានរៀបចំកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ដើម្បីដោះស្រាយជម្លោះនៅកម្ពុជា និងធ្លាប់ដាក់អាណានិគមលើកម្ពុជា ហេតុនេះបារាំង គឺជាភាគីទី៣ ដែលអាចជួយសម្របសម្រួលដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ បាន ជាពិសេស ប្រធានាធិបតីបារាំង ក៏បានបញ្ជាក់នាពេលថ្មីៗនេះថា ប្រទេសបារាំង អាចជួយសម្រួលផ្តល់ឯកសារដល់ភាគីកម្ពុជា-ថៃ ដើម្បីដោះស្រាយជម្លោះព្រំដែន ។

លោកបណ្ឌិត ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា និងជាអ្នកវិភាគនយោបាយ-សង្គម បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “ប្រធានាធិបតីបារាំង លោក Emmanuel Macron បានបញ្ជាក់ថា ប្រទេសបារាំង អាចជួយសម្រួលដល់ការផ្តល់ឯកសារដល់ភាគីកម្ពុជា-ថៃ ដើម្បីដោះស្រាយជម្លោះព្រំដែន។ នេះជាដំណឹងល្អ សម្រាប់ការដោះស្រាយបញ្ហាព្រំដែននេះ ពីព្រោះមួលហេតុមួយនៃបញ្ហានេះកើតឡើង ដោយសារតែកត្តាប្រវត្តិសាស្ត្រ នៃការកំណត់ព្រំដែន ដែលបានបន្សល់ក្រោយសម័យបារាំង ប្រគល់ឯករាជ្យឱ្យកម្ពុជា។ ដោយសារបារាំង ក៏ធ្លាប់ជាសហប្រធានរៀបចំកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ដើម្បីដោះស្រាយជម្លោះនៅកម្ពុជា ហេតុនេះបារាំង ពិតជាអាចជួយសម្របសម្រួលដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ នេះផងដែរ“ ។

បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកបណ្ឌិត ប៉ា ចន្ទរឿន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ថា ដើម្បីឲ្យមានមូលដ្ឋានផ្នែកច្បាប់ ជាពិសេសទាក់ទងនឹងផែនទី កម្ពុជា និងថៃ ត្រូវតែជជែកគ្នា ទាក់ទងនឹងការជ្រើសរើសផែនទី ដើម្បីយកមកប្រើនៅក្នុងការកំណត់អំពីទីតាំងភូមិសាស្រ្ត និងព្រំដែន ដែលកំពុងតែមានជម្លោះ ហើយដោយសារតែបារាំង ជាអ្នកដែលចុះសន្ធិសញ្ញាបារាំង-សៀម កាលបារាំង នៅជាអាណាព្យាបាលរបស់កម្ពុជា នោះ បារាំង អាចដើរតួជាអ្នកជួយសម្របសម្រួល និងផ្ដល់ជំនួយបច្ចេកទេសដល់ប្រទេសទាំងពីរ នៅក្នុងការកំណត់យកផែនទី ក៏ដូចជាផ្ដល់ផែនទីដែលបានប្រើប្រាស់ ដើម្បីកំណត់ព្រំប្រទល់ដែន ។  

លោកបណ្ឌិត ប៉ា ចន្ទរឿន បានមានប្រសាសន៍ថា “បាទ! បើសិនជាយើងពិនិត្យមើលឲ្យបានហ្មត់ចត់បន្តិចទៅ បញ្ហាជម្លោះព្រំដែនថៃ-ខ្មែរ នេះវាកើតឡើងទាំងកត្តាប្រវត្តិសាស្រ្ត កត្តានយោបាយ ហើយកត្តាប្រវត្តិសាស្រ្តនេះ ខ្ញុំចង់សង្កត់ធ្ងន់ទាក់ទងទៅនឹងការប្រើប្រាស់ផែនទីកំណត់ដែនសីមា រវាងប្រទេសទាំងពីរហ្នឹង នៅពេលដែលក្លាយទៅជាប្រទេស ក្លាយទៅជារដ្ឋសម័យទំនើបនោះ ហើយការគូសវាសនឹងផែនទីហ្នឹង កាលណោះគឺមានសន្ធិសញ្ញាបារាំង-សៀម មុនពេលដែលប្រទេសថៃ រាល់ថ្ងៃហ្នឹង ក្លាយទៅជាថៃ ក្រោយមកទៀតហ្នឹង គឺការគូសវាសកំណត់ព្រំប្រទល់ដែលហ្នឹង គឺបារាំង ហ្នឹងឯងអ្នកធ្វើជាមួយនឹងប្រទេសសៀម ពីមុន ។ ដូច្នេះហើយ យើងឃើញថា តាមរយៈកិច្ចប្រជុំគណៈកម្មការរួមគ្នាចម្រុះ រឿងព្រំដែន កាលពីអាទិត្យមុនអី ឃើញមានការលើកឡើងខ្វែងគំនិតគ្នារវាងការប្រើប្រាស់ផែនទី ដែលកម្ពុជា សំអាងទៅលើផែនទី ១/២០០ ០០០ ដែលគូសដោយបារាំង ប្រើប្រាស់នៅក្នុងសន្ធិសញ្ញាបារាំង-សៀម ដើម្បីកំណត់ព្រំប្រទល់ដែនរវាងប្រទេសទាំងពីរ។ ប៉ុន្តែភាគីថៃ គេប្រើប្រាស់ផែនទី UTM ថ្មី ដែលគេគូសដោយឯកតោភាគី គូសតែម្នាក់ឯង គឺ១/៥០ ០០០ ដែលការប្រើប្រាស់ផែនទីខុសគ្នានេះ គឺវាបង្ហាញឲ្យឃើញអំពីមូលដ្ឋាននៅក្នុងការកំណត់អំពីព្រំប្រទល់ដែន ក៏ដូចជាមូលដ្ឋានផ្នែកច្បាប់ ដើម្បីយកទៅជជែក ថាតើព្រំដែនជាក់ស្ដែងរ វាងប្រទេសទាំងពីរហ្នឹង នៅកន្លែងណា? ដូច្នេះហើយ ដើម្បីឲ្យវាមានមូលដ្ឋានផ្នែកច្បាប់ ជាពិសេសគឺទាក់ទងនឹងផែនទីហ្នឹង ឲ្យរួមគ្នា ខ្ញុំមើលឃើញថា កម្ពុជា និងថៃ ត្រូវតែជជែកគ្នា ទាក់ទងនឹងការជ្រើសរើសផែនទី ដើម្បីយកមកប្រើនៅក្នុងការកំណត់អំពីទីតាំងភូមិសាស្រ្ត និងព្រំដែនកំពុងតែមានជម្លោះហ្នឹង ហើយដោយសារតែបារាំង ជាអ្នកដែលចុះសន្ធិសញ្ញាបារាំង-សៀម កាលបារាំង នៅជាអាណាព្យាបាលរបស់កម្ពុជា នោះ“ ។

លោកបណ្ឌិត ប៉ា ចន្ទរឿន បានមានប្រសាសន៍បន្តថា “ដូច្នេះខ្ញុំមើលឃើញថា បារាំងអាចដើរតួជាអ្នកជួយសម្របសម្រួលនិងផ្ដល់ជំនួយបច្ចេកទេសដល់ប្រទេសទាំងពីរ នៅក្នុងការកំណត់យកផែនទី ក៏ដូចជាផ្ដល់ផែនទីដែលបានប្រើប្រាស់ដើម្បីកំណត់ព្រំប្រទល់ដែន កាលសម័យបារាំង នៅជាអាណាព្យាបាលរបស់កម្ពុជា ដែលបារាំង បានចុះសន្ធិសញ្ញាជាមួយនឹងសៀម កាលពីពីពេលនោះ ហើយកន្លងមកនេះ យើងឃើញមានការលើកឡើងជាហូរហែ ។ ឧទាហរណ៍ជាក់ស្ដែង លោកអគ្គរដ្ឋទូតបារាំង ប្រចាំនៅកម្ពុជា ធ្លាប់បានលើកឡើងដែរថា បារាំង មានផែនទី អាចផ្ដល់ជំនួយទាក់ទងនឹងផែនទីនៅក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែន ហើយពេលថ្មីៗនេះ នៅពេលដែលសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានទៅប្រជុំទាក់ទងនឹងរឿងសន្ធិសញ្ញាសមុទ្រ នៅប្រទេសបារាំង នោះ ក៏បានជួបជាមួយប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ហើយលោកម៉ាក្រុង ក៏បានបង្ហាញចេតនានៅក្នុងការជួយផ្ដល់ជំនួយបច្ចេកទេសទាក់ទងនឹងរឿងផែនទី ឬក៏ជំនួយអីផ្សេងទៀតដល់កម្ពុជា ដើម្បីដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយថៃ ហ្នឹងដោយសន្តិវិធី ឬឈរនៅលើគោលការណ៍ច្បាប់អន្តរជាតិ ជាធរមាន ។ ចំណុចមួយទៀត ដែលខ្ញុំមើលឃើញថា បារាំង ប្រទេសដែលអាចជួយសម្របសម្រួលដោះស្រាយបញ្ហាជម្លោះហ្នឹង គឺដោយសារបារាំង ក៏ជាអតីតសហប្រធានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដើម្បីបញ្ចប់សង្រ្គាមនៅកម្ពុជា ។ ដូច្នេះកម្ពុជា ក៏អាចស្នើទៅបារាំង ឲ្យប្រើប្រាស់យន្តការកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ហ្នឹងដើម្បីដោះស្រាយបញ្ហាជម្លោះព្រំដែនហ្នឹងផងដែរ ដោយសារតែនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសហ្នឹង ក៏មានចែងអំពីការគោរពបូរណភាពទីកដីរបស់កម្ពុជា ទៅឲ្យប្រទេសជិតខាង ហើយទាំងប្រទេសថៃ ប្រទេសឡាវ ប្រទេសវៀតណាម នៅជាប់ព្រំប្រទល់យើងនេះ ក៏ជាហត្ថលេខីនៃកិច្ចព្រមព្រៀងនេះផងដែរ ។ ដូច្នេះការស្វែងរកជំនួយបច្ចេកទេស ក៏ដូចជាការសម្របសម្រួលពីប្រទេសបារាំង ក្នុងនាមជាភាគីទី៣ ដើម្បីដោះស្រាយបញ្ហាព្រំដែននេះ វាជាជម្រើសដ៏ល្អមួយដែរ ដើម្បីបញ្ចៀសការប្រឈមមុខគ្នាដោយហិង្សា ដោយអាវុធ និងដោះស្រាយបញ្ហានេះដោយសន្តិវិធី ដោយឈរនៅលើទាំងច្បាប់អន្តរជាតិ ក៏ដូចជាមូលដ្ឋានគ្រឹះនៃកិច្ចព្រមព្រៀងដែលកម្ពុជា បានធ្វើកន្លងមក ជាមួយនឹងប្រទេសថៃ ក៏ដូចជាបារាំង ធ្វើជាមួយនឹងប្រទេសសៀម កាលពីបារាំងនៅជាអាណាព្យាបាលរបស់កម្ពុជា“ ។

លោកបណ្ឌិត ប៉ា ចន្ទរឿន បានមានប្រសាសន៍បន្តថា “តាមពិតទៅ ឥឡូវនេះឃើញការជជែកពិភាក្សាគ្នាដោះស្រាយបញ្ហាតាមទ្វេភាគី រវាងកម្ពុជា និងថៃ ដូចជាមិនទៅមុខទេ ហើយសម្ដេចហ៊ុន សែន ក៏លោកធ្លាប់បានលើកឡើងជាសាធារណៈដែរថា បញ្ហាទំនាស់ព្រំដែននៅតំបន់៤ ដែលកំពុងតែក្ដៅគគុកសព្វថ្ងៃនេះ គឺទោះជាដោះ ១០០ឆ្នាំទៀត ក៏មិនទៅមុខដែរ ដោយសារតែបញ្ហាបច្ចេកទេស ការប្រើប្រាស់ផែនទីខុសគ្នា ដែលវាមិនអាចក្លាយទៅជាមូលដ្ឋាននៅក្នុងការកំណត់ថា ព្រំប្រទល់ជាក់ស្ដែងរវាងប្រទេសទាំងពីរហ្នឹង នៅកន្លែងណាទេ បើសិនជាភាគីទាំងពីរហ្នឹង ប្រើប្រាស់ផែនទីខុសគ្នាដែលជាមូលដ្ឋាននៅក្នុងការវាស់វែង ឬក៏កំណត់ព្រំប្រទល់ហ្នឹង ។ ដូច្នេះជម្រើសបន្ត គឺមានតែរកភាគីទីបី មកជួយសម្របសម្រួល ដោះស្រាយ ជាពិសេសគឺបារាំង ហ្នឹងឯង ដោយសារតែភាពខុសគ្នាកន្លងមក យន្តការនៅក្នុងការជជែកដោះស្រាយបញ្ហាព្រំដែនរបស់ប្រទេសទាំងពីរ នៅត្រង់ណាៗហ្នឹង គឺវាអាស្រ័យទៅលើផែនទី ហើយដើម្បីបានផែនទីរួមគ្នាហ្នឹង វាទាល់តែយើងទៅពឹងបារាំង ព្រោះបារាំង ជាអ្នកដែលទុកដាក់ឯកសារ ក៏ដូចជាអ្នកបានចុះហត្ថលេខាលើសន្ធិសញ្ញាបារាំង-សៀម កាលពីសម័យប្រទេសកម្ពុជា ស្ថិតនៅក្រោមអាណាព្យាបាលរបស់បារាំង ។ ហើយដូចខ្ញុំបានបញ្ជាក់ឡើងវិញអ៊ីចឹង គឺបារាំង ក៏ជាអតីតសហប្រធានកិច្ចព្រមព្រៀងទីក្រុងប៉ារីសដែរ អានេះក៏ជាយន្តការច្បាប់អន្តរជាតិមួយដែរ ដែលកម្ពុជា អាចសាកល្បងប្រើ ពីព្រោះសម្រាប់កម្ពុជា ដែលជាប្រទេសតូច ហើយដើម្បីកុំឲ្យមានការប្រឈមមុខគ្នាដោយការប្រើប្រាស់អំពើហិង្សា និងអាវុធហ្នឹង គឺវាមានតែការប្រើប្រាស់យន្តការច្បាប់អន្តរជាតិ និងយន្តការច្បាប់ដែលមានកន្លងមកទេ ។ អាហ្នឹងវាក៏ជាចំណែកមួយ ប្រសិនបើថៃ មិនចង់បាក់មុខ ឬមិនចង់ប្រើយន្តការតុលាការយុត្តិធម៌អន្តរជាតិ ខ្ញុំថាការប្រើប្រាស់យន្តការជំនួយពីភាគីទី៣ ជាពិសេសបារាំង ហ្នឹងក៏ជាជម្រើសល្អមួយដែរ សម្រាប់ប្រទេសទាំងពីរ មិនមែនសម្រាប់តែប្រទេសកម្ពុជា ទេ“ ។

លោកបណ្ឌិត ប៉ា ចន្ទរឿន បានមានប្រសាសន៍បន្ថែមថា “ជាដំំណោះស្រាយរួម ខ្ញុំថា ការជជែកគ្នាទ្វេភាគីហ្នឹង ក៏នៅតែបន្តទៅ ពីព្រោះការជជែកគ្នា ការជួបជុំគ្នារវាងគណៈកម្មការរួមចម្រុះហ្នឹង ក៏ជាផ្នែកមួយដើម្បីបន្តឆាណែលទំនាក់ទំនងខាងផ្នែកការទូត ដើម្បីកាត់បន្ថយនូវការប្រឈមមុខដាក់គ្នា សម្រួលស្ថានការណ៍ ។ ទី២ យន្តការតុលាការយុត្តិធម៌អន្តរជាតិ ដែលកម្ពុជា បានដាក់ពាក្យប្ដឹងទៅហ្នឹង ក៏បន្តនីតិវិធីទៅ ប៉ុន្តែកម្ពុជា ក៏ត្រូវមានផែនការមួយទៀតដែរ គឺការពិនិត្យមើលអំពីការប្រើយន្តការភាគីទីបី ជាពិសេសគឺបារាំង ដែលជាអ្នកដែលមានផែនទីនៅក្នុងដៃ ហើយក៏ជាប្រទេសមហាអំណាចមួយ ក៏ជាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយក៏ជាអ្នកពាក់ព័ន្ធរឿងការកំណត់ ការគូរវាសផែនទីព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ ផងដែរ ។ ដូច្នេះជម្រើសចុងក្រោយ ដែលឲ្យមានអ្នកសម្របសម្រួល ភាគីទីបី ដែលខ្ញុំមើលឃើញថា ប្រទេសបារាំង ហ្នឹងក៏ជាជម្រើសល្អដែរ ទាំងសម្រាប់ប្រទេសកម្ពុជា ទាំងសម្រាប់ប្រទេសថៃ ប្រសិនបើភាគីទាំងពីរហ្នឹង ព្រមព្រៀងឲ្យបារាំង មកជួយសម្របសម្រួល ក៏ដូចជាផ្ដល់ជំនួយបច្ចេកទេសទាក់ទងនឹងការកំណត់យកផែនទីគោលរួមគ្នា ខ្ញុំជឿថា ជម្លោះហ្នឹង អាចដោះស្រាយបាន ហើយនឹងមិនធ្វើឲ្យជាពិសេសភាគីថៃ ហ្នឹងបាក់មុខ បើសិនជាយើងមើលឃើញថា ថៃ មិនចង់ប្រើ ឬក៏មិនចង់ទៅតតាំងនៅតុលាការយុត្តិធម៌អន្តរជាតិទេ ដោយសារតែបទពិសោធន៍ជូរចត់នៃការចាញ់ក្ដីរឿងប្រាសាទព្រះវិហារ កាលពីទសវត្សរ៍ឆ្នាំ១៩៦០ នោះ“ ។

គួរបញ្ជាក់ថា ការលើកឡើងរបស់លោកបណ្ឌិត ប៉ា ចន្ទរឿន អ្នកវិភាគ ខាងលើនេះ បានធ្វើឡើងក្រោយពីប្រធានាធិបតីបារាំង លោកអេម៉ានុយអែល ម៉ាក្រុង បានគូសបញ្ជាក់ថា បារាំង អាចជួយសម្របសម្រួលការផ្តល់ឯកសារដល់ភាគីកម្ពុជា-ថៃ ដើម្បីដោះស្រាយជម្លោះព្រំដែនក្នុងករណីចាំបាច់ ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចហ៊ុន ម៉ាណែត នៅទីក្រុងនីស ប្រទេសបារាំង កាលពីពេលថ្មីៗនេះ ។

ក្នុងជំនួបនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងពីជំហរ៤ចំណុច របស់កម្ពុជា ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃ ដែលរួមមាន ទី១- កម្ពុជា ប្រកាន់ខ្ជាប់នូវគោលជំហររក្សាសន្តិភាព មិត្តភាពនិងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសថៃ។ ទី២- ការសម្រេចរបស់កម្ពុជា ក្នុងការយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) គឺដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី នៃបញ្ហាព្រំដែននៅតំបន់ទាំងនោះ ឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន ជាជាងការទុកបញ្ហាដែលមិនត្រូវបានដោះស្រាយជាយូរ ដែលអាចនាំឱ្យមានជម្លោះប្រដាប់អាវុធជាថ្មី។ ទី៣- បន្តសហការជាមួយភាគីថៃ ដើម្បីជំរុញការវាស់វែងព្រំដែនដែលនៅសល់ និងការបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ (ក្រៅពីតំបន់ទាំងបួនខាងលើ) ដោយប្រើយន្តការគណៈកម្មការព្រំដែនចម្រុះកម្ពុជា-ថៃ (JBC) និងទី៤- បន្តរក្សាទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈគ្រប់យន្តការដែលមានស្រាប់ ដើម្បីជាប្រយោជន៍កាន់តែធំដល់ប្រជាជនកម្ពុជា និងថៃ ។

ជាការឆ្លើយតប នៅពេលនោះ ប្រធានាធិបតីបារាំង លោកម៉ាក្រុង បានបញ្ជាក់ថា បារាំង អាចជួយសម្រួលបាន តាមរយៈការផ្តល់ឯកសារពាក់ព័ន្ធ ដល់ភាគីទាំងពីរ កម្ពុជា និងថៃ ប្រសិនបើចាំបាច់ ៕ កុលបុត្រ

RELATED ARTICLES