Wednesday, June 25, 2025
Homeតារាខ្មែរខេមរៈ សិរីមន្ដ ស្រក់ទឹកភ្នែក ថ្ងៃខួបកំណើតប្រពន្ធ ៣៧ឆ្នាំ

ខេមរៈ សិរីមន្ដ ស្រក់ទឹកភ្នែក ថ្ងៃខួបកំណើតប្រពន្ធ ៣៧ឆ្នាំ

ភ្នំពេញ ៖ ខុសពីឆ្នាំមុន ដែលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ដ ធ្វើខួបកំណើតឲ្យប្រពន្ធ ធម្មតាៗ ឬគ្រាន់តែជប់លៀងជាលក្ខណៈគ្រួសារប៉ុណ្ណោះ ប៉ុន្ដែកាលពីរាត្រីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥  លោកខែម ប៊ុនថៃ បានធ្វើខួបធំឲ្យប្រពន្ធ គម្រប់អាយុ៣៧ឆ្នាំ ដោយហៅតារារួមអាជីពជាច្រើនចូលរួម ។ ចំណែកនៅកន្លែងថតរូប មាន ឡើងអក្សរថា «Happy Birthday លោកជំទាវ គួយ ផល្លី» ពោលគឺទាំងក្រុមគ្រួសារ និងភ្ញៀវចូលរួមភាគ ច្រើនហៅអ្នកនាងផល្លី ថា «ជំទាវ» ។ អ្វីដែលគួរឲ្យកត់សម្គាល់ផងដែរ នៅថ្ងៃខួបប្រពន្ធ ឆ្នាំនេះ សិរីមន្ដ អួលដើមក ស្រក់ទឹកភ្នែកពេលលោកច្រៀងបទ «គ្មានអ្នកណាល្អជាងប្រពន្ធខ្ញុំ» ខណៈអ្នកនាងផល្លី រំភើបហូរទឹកភ្នែកដូចគ្នា ។

ខេមរៈ សិរីមន្ដ ចេញសារទៅប្រពន្ធថា «ជូនពរភរិយាជាទីស្រលាញ់ ក្នុងថ្ងៃខួបកំណើតកាលពីយប់មិញ សូមអូនទទួលបាននូវសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច» ។

សូមបញ្ជាក់ថា ខេមរៈ សិរីមន្ដ ចាប់ដៃអ្នកនាង គួយ ផល្លី រយៈពេល២១ឆ្នាំ (២០០៤-២០២៥) មកហើយ ដែលពេលនេះទទួលបានចំណងដៃ កូន៣នាក់ គឺកូនប្រុសទី១ ឈ្មោះខេមរៈ មន្ដស្នេហ៍ អាយុ១២ឆ្នាំ, កូនស្រីទី២ ឈ្មោះខេមរៈ ស្រ្ដី អាយុ៩ឆ្នាំ និងកូនស្រីទី៣ ឈ្មោះខេមរៈ មន្ដរាជិនី អាយុ៧ឆ្នាំ។ សិរីមន្ដ ជោគជ័យក្នុងអាជីពចម្រៀង ជាង២០ឆ្នាំមកនេះ មួយផ្នែកក៏មានចំណែកអ្នកនាងផល្លី នៅក្រោយខ្នងដែរ ដែលដើរតួនាទីប្រៀបដូចជាជំនួយការរបស់ប្ដី ព្រមទាំងធ្លាប់ដឹកនាំសម្ដែង MV ឲ្យលោកថៃ អំឡុងនៅហង្សមាស ទៀតផង ។ ប៉ុន្ដែលោកថៃ មិនដែលហៅប្រពន្ធថត MV របស់ខ្លួន ដូចលោកព្រាប សុវត្ថិ នោះទេ ។

អ្នកគាំទ្រខេមរៈ សិរីមន្ដ លើកឡើងថា ប្រសិនបើលោកប៊ុនថៃ ចង់ធ្វើឲ្យប្រពន្ធកាន់តែរំភើបជាងនេះទៅទៀត រហូតយំឱបលោកនោះ គឺមានតែតាមរយៈការរៀបអាពាហ៍ពិពាហ៍ ជាចំហ ដែលពេលនោះ ធានាថា អ្នកនាងផល្លី រំភើបលើសការធ្វើខួបកំណើត ១០ដងជាមិនខាន បើទោះជាមានព័តមានថា អ្នកទាំងពីរបានរៀបការតាំងពីឆ្នាំ២០០៩ ហើយក្ដី។ ប៉ុន្ដែការរៀបការលាក់លៀម មិនបើកចំហនោះ ប្រាកដជាមិនធ្វើឲ្យស្ត្រីជាប្រពន្ធ រំភើបឬសប្បាយដូចរៀបការជាសាធារណៈឡើយ ។

 មជ្ឈដ្ឋានមហាជនមើលឃើញថា លោកខេមរៈ សិរីមន្ដ ជ្រកនៅ Galaxy ជាង២ឆ្នាំនេះលោកប្រែប្រួលច្រើន ពិសេសគឺទ្រព្យសម្បត្តិតែម្ដង ដែលទោះជាមិនសូវឡើងឆាក ក៏មានលុយលេងម៉ូដឡានថ្មីៗជាបន្ដបន្ទាប់ ខណៈដែលភាពលេចធ្លោរបស់លោក នៅផលិតកម្មទី៤នេះ គេពិបាកបែងចែកថា តើលោកឈរនៅលេខ១ ឬលេខ២ ព្រោះព្រាប សុវត្ថិ មិនដែលធ្វើជាតួរងឡើយ ទោះជាមានវ័យបងសិរីមន្ដ ដល់ទៅ១០ឆ្នាំក្ដី ។ ប៉ុន្តែ Fan និយាយថា តាំងពីសិរីមន្ដ ចូល Galaxy មក ពេលនេះតារាប្រុស មានតែលោកថៃ នេះហើយ អុកឡុកទីផ្សារចម្រៀងជាងគេ ហើយចំណុចខ្លាំងរបស់តារាកូន៣ រូបនេះ គឺលោកមានបងប្រុសរបស់ខ្លួន លោកខេមរៈ ភារុណ នៅក្រោយខ្នង ពោលគឺបើលោកថៃ ប្រឈមធ្លាក់ចុះ លោកភារុណ ចេញអន្ដរាគមន៍ភ្លាម ។

 គួរកត់សម្គាល់ថា ខេមរៈ សិរីមន្ដ មានអាយុបងប្រពន្ធ ៣ឆ្នាំ ហើយទោះជាជីវភាពកាន់តែល្អប្រសើរក្ដី ប៉ុន្ដែនៅមិនទាន់មានដំណឹងថា លោកថៃ ត្រៀមយកកូនទី៤ នោះទេ ។ ប្រភពបានឲ្យដឹងថា ទោះជាអ្នកនាងផល្លី មិនធ្លាប់ចេញមុខប្រចណ្ឌប្ដីក៏ដោយ ប៉ុន្ដែពេលសិរីមន្ដ ថតឱបថើបតារាស្រីក្មេងខ្លះ នៅចំពោះមុខនាង តួស្រីទាំង នោះ ចេះតែបារម្ភខ្លាចអ្នកនាងផល្លី ឆេះដុំ ក្នុងនោះមានដូចជាស្រីស្អាត នែប ព្រំរិទ្ធិកា ម៉ិច ខេម៉ា និង នី មុនីនាថ ជាដើម ៕

RELATED ARTICLES