ខេត្តកំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ បានប្រារឰទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទ “រួមគ្នាបង្ការទប់ស្កាត់ និងកាត់ផ្តាច់ឫសគល់ នៃបញ្ហាគ្រឿងញៀននៅកម្ពុជា” និងបានដុតកម្ទេចគ្រឿងញៀន ប្រមាណជាង៤៣២គីឡូក្រាម។

ពិធីនេះប្រារព្ធធ្វើឡើងនៅបរិវេណចម្ការកៅស៊ូចម្ការអណ្តូង ឃុំចម្ការអណ្តូង ស្រុកចម្ការលើ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកំពង់ចាម លោកខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកសួស ឡា ប្រធានសាលាដំបូងខេត្តកំពង់ចាម។

លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ទិវានេះរដ្ឋបាលខេត្តកំពង់ចាម បានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ។ ប៉ុន្តែឆ្នាំនេះ ត្រូវបានប្រារព្ធធ្វើក្នុងទ្រង់ទ្រាយធំ នៅក្នុងស្រុកចម្ការលើ ពីព្រោះគ្រឿងញៀនដែលសមត្ថកិច្ចរឹបអូសនិងដុតកម្ទេចចោលនៅពេលនេះ មានទម្ងន់ ជាង៤០០គីឡូក្រាម។

លោកអភិបាលខេត្ត ក៏បានក្រើនរំលឹកយុវជន សូមកុំចង់សាកល្បងគ្រឿងញៀន និងត្រូវចៀសឱ្យឆ្ងាយពីគ្រឿង ញៀន កុំជឿតាមការញុះញង់បោកបញ្ឆោតរបស់នរណាម្នាក់ ឈានដល់ការប្រើប្រាស់រហូតធ្លាក់ខ្លួនជាអ្នក ញៀនគ្រឿងញៀន ដែលធ្វើឱ្យប៉ះពាល់ដល់អនាគតរបស់ខ្លួន។ ដូច្នេះទាំងអាណាព្យាបាល ក៏ដូចជាអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ យើងត្រូវចូលរួមទាំងអស់គ្នា ដើម្បីឱ្យសហគមន៍របស់យើងមិនមានគ្រឿងញៀន។

លោកឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ពីសំណាក់លោកសន្តិបណ្ឌិត នេត សាវឿន ប្រធាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជូនចំពោះគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ មានមន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សានុសិស្ស ដែលក្នុងរយៈពេល ១ឆ្នាំចុងក្រោយនេះ បានយកអស់កម្លាំងកាយចិត្ត ចូលរួមគ្រប់រូបភាព វិធីសាស្ត្រក្នុងបេសកកម្មដ៏មុតស្រួច ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅក្នុងខេត្តកំពង់ ចាមទាំងមូល ក៏ដូចជារួមចំណែកគ្រប់សកម្មភាពរៀបចំទិវាអន្តរជាតិឆ្នាំនេះ ឱ្យដំណើរការទៅយ៉ាងរលូន និងសកម្មផុលផុស នៅក្នុងទឹកដីស្រុកចម្ការលើ ដែលបានបង្ហាញពីស្មារតីចូលរួម និងជាចលនាជាតិមួយ គឺចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងក្នុងសហគមន៍គ្មានគ្រឿងញៀន៕

