Thursday, July 3, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចេញពីគុក លួចម៉ូតូ២ ជាប់ខ្នោះ២

ចេញពីគុក លួចម៉ូតូ២ ជាប់ខ្នោះ២

ខេត្តសៀមរាប ៖ ជនសង្ស័យម្នាក់ ជាមុខសញ្ញាលួចម៉ូតូយ៉ាងសកម្ម ទើបចេញពីពន្ធនាគារ មិនកែខ្លួន បែរជាបន្តប្រព្រឹត្តបទល្មើសដដែល ដោយនាំបក្ខពួកម្នាក់ទៀត ធ្វើសកម្មភាពលួចម៉ូតូ ដល់ទៅ២គ្រឿង បានសម្រេចជាបន្តបន្ទាប់ ទីបំផុតត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ បើកការស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនបានទាំ២នាក់។

ករណីលួចម៉ូតូនេះ បានកើតឡើង ចំនួន២លើក ដោយលើកទី១ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥  និងលើកទី២ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ នៅក្នុងភូមិសាស្ត្រក្រុងសៀមរាប។ លុះមកដល់ថ្ងៃទី២៩ និងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ទើបសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ បានជាបន្តបន្ទាប់ចំនួន២នាក់។

ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះព្រិន ជឿន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ ជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារ ចំនួន៣លើក ពាក់ព័ន្ធករណីអំពើលួចម៉ូតូ និងទី២-ឈ្មោះឈឹម ហាន ហៅតាក្របីជុយ ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិប្រាសាទ ឃុំប្រាសាទ ស្រុកសន្ទុក។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី២៤ និងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ មានករណីអំពើលួចម៉ូតូ នៅក្រុងសៀមរាប។ ក្រោយពីទទួលបណ្តឹងពីជនរងគ្រោះ កម្លាំងនៃអធិការនគរបាលក្រុងសៀមរាប បានបើកការស៊ើបអង្កេត ស្រាវជ្រាវ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប បានសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម ឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះព្រិន ជឿន ដែលជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារ ចំនួន៣លើក ករណីអំពើលួចម៉ូតូ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះព្រិន ជឿន បានឆ្លើយសារភាពថា ខ្លួននិងបក្ខពួកម្នាក់ទៀត ឈ្មោះឈឹម ហាន ហៅតាក្របីជុយ បានធ្វើសកម្មភាពលួចម៉ូតូ ក្នុងក្រុងសៀមរាបចំនួន២លើករួចមកហើយ។

បន្ទាប់មក នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានឃាត់ខ្លួនជនសង្ស័យឈ្មោះឈឹម ហាន ហៅតាក្របីជុយ ដែលជាបក្ខពួក និងបានស្រាវជ្រាវរកឃើញម៉ូតូ ចំនួន២គ្រឿង (ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៤ ពាក់ស្លាកលេខ សៀមរាប 1AQ-7895 មានលេខតួ និងលេខម៉ាស៊ីន 0121508 និងម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1AL-6172 មានលេខតួ និងលេខម៉ាស៊ីន 6139687)។

នៅចំពោះមុខសមត្ថកិច្ច ឈ្មោះឈឹម ហាន ហៅតាក្របីជុយ បានឆ្លើយសារភាពថា ខ្លួនពិតជាធ្វើសកម្មភាពលួចម៉ូតូ ជាមួយបក្ខពួកឈ្មោះព្រិន ជឿន ប្រាកដមែន។

ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បញ្ជូនទៅកម្លាំងការិយាល័យជំនាញ ដើម្បីបន្តនីតិវិធី។ រីឯវត្ថុតាង ម៉ូតូ ចំនួន២គ្រឿង ត្រូវបានប្រគល់ជូនជនរងគ្រោះវិញ៕

RELATED ARTICLES