Thursday, July 3, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបន្លំខ្លួនជាកងទ័ពជួរមុខ ប្រកាសសុំជំនួយ ជាប់ខ្នោះ

បន្លំខ្លួនជាកងទ័ពជួរមុខ ប្រកាសសុំជំនួយ ជាប់ខ្នោះ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានប្រើប្រាស់គណនីនិងទំព័រហ្វេសប៊ុក របស់ខ្លួន ធ្វើសកម្មភាពបន្លំខ្លួនជាកងទ័ពជួរមុខ ឆបោកប្រាក់ ដោយប្រកាសស្វែងរកជំនួយសប្បុរសធម៌ ព្រមទាំងផ្សព្វផ្សាយវីដេអូក្លែងក្លាយអំពីការផ្ទុះអាវុធ ដែលនាំឱ្យអ្នកប្រើប្រាស់បណ្តាញសង្គម ហ្វេសប៊ុកមានការភាន់ច្រឡំថា មានសង្គ្រាមកើតឡើងនៅតំបន់ព្រំដែនកម្ពុជា-ថៃ ទីបំផុតត្រូវបានកម្លាំង សមត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បើកការស្រាវជ្រាវ ឈានដល់ការចាប់ឃាត់ខ្លួន នាំយកមកចាត់ការតាមច្បាប់។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា យោងតាមបញ្ជាដឹកនាំរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរ បាលជាតិ និងតាមការចង្អុលណែនាំពីឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ ករណីផ្សព្វផ្សាយឆបោកប្រាក់ក្រោមរូបភាពរៃអង្គាសប្រាក់ ក្នុងនាមកងកម្លាំងជួរមុខនៅព្រំដែន និងបង្ហោះផ្សព្វផ្សាយព័ត៌មានមិនពិត ពីជម្លោះព្រំដែនកម្ពុជា-ថៃ បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម។

ប្រភពដដែល បន្តថា ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ នាយក ដ្ឋានបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ទ.ស.ប ភេទប្រុស។ តាមការស្រាវជ្រាវ សមត្ថកិច្ចកំណត់បានថា ជនសង្ស័យរូបនេះ ពិតបានប្រើប្រាស់គណនីនិងទំព័រហ្វេសប៊ុក របស់ខ្លួន ដើម្បីធ្វើការឆបោកប្រាក់ ដោយប្រកាសស្វែងរកជំនួយសប្បុរសធម៌ ក្រោមរូបភាពជាកងកម្លាំងនៅតំបន់ជួរមុខ ព្រមទាំងផ្សព្វផ្សាយនូវវីដេអូ ក្លែងក្លាយ អំពីការផ្ទុះអាវុធ ដែលនាំឱ្យអ្នកប្រើប្រាស់បណ្តាញសង្គម ហ្វេសប៊ុក មានការភាន់ច្រឡំថា មានសង្គ្រាមកើតឡើងនៅតំបន់ព្រំដែនកម្ពុជា-ថៃ។

ជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាន កសាងសំណុំរឿង បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានក្រើនរំលឹកដល់សាធារណជន រាល់ការបង្ហោះខ្លឹមសារ រូបភាព ឬវីដេអូអ្វីមួយ សូមបញ្ជាក់ឱ្យច្បាស់ពីប្រភព និងកន្លែងកើតហេតុ ចៀសវាងធ្វើឱ្យមានការភាន់ច្រឡំពីសាធារ ណជន។ បន្ថែមពីនោះ ក៏សូមពិនិត្យនិងពិចារណាឱ្យបានច្បាស់ នូវគោលបំណងក្នុងការបង្ហោះខ្លឹមសារ រូបភាព ឬវីដេអូណាមួយ ដែលធ្វើឱ្យសាធារណជនភ្ញាក់ផ្អើល ក្នុងន័យទាញយកការចាប់អារម្មណ៍ ឬប្រជាប្រិយភាព ឬកេងចំណេញផលប្រយោជន៍មកបុគ្គល ដែលរាល់ការបង្ហោះផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយ ព័ត៌មានបំពុលសង្គម ធ្វើឱ្យមានផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម គឺជាអំពីខុសច្បាប់ និងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ជាធរមាន៕

RELATED ARTICLES