Sunday, July 6, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមដឹកសង្សារទៅមើលប្រដាល់ បាត់ម៉ូតូ

ដឹកសង្សារទៅមើលប្រដាល់ បាត់ម៉ូតូ

ភ្នំពេញ ៖ យុវជនម្នាក់បាន ជិះម៉ូតូដឹកសង្សារ ទៅមើលការប្រកួតកីឡាប្រដាល់គុនខ្មែរ រួចបានផ្ញើម៉ូតូនៅកន្លែងផ្ញើមួយកន្លែង បែរជាអ្នកទទួលកិបសំបុត្រ អត់ទទួលខុសត្រូវ ពេលចប់ម៉ោងនាំគ្នាទៅបាត់អស់ លុះយុវជនជាម្ចាស់ម៉ូតូ ចេញមកវិញ បាត់ម៉ូតូ សួរអ្នកកឹបសំបុត្រ អត់ទទួលខុសត្រូវ ក៏ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

ករណីនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ៩និង៣៥នាទីយប់ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ នៅកន្លែងផ្ញើម៉ូតូ ១កន្លែង តាមផ្លូវជាតិលេខ៤ ជាប់ខ្លោងទ្វារវត្តស្ងួនពេជ្រ កន្លែងប្រដាល់គុនខ្មែរអន្តរជាតិ ក្នុងភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល។

យុវជនជាម្ចាស់ម៉ូតូ មានឈ្មោះណៃ ពន្លក ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាជាងកាត់សក់ រស់នៅក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។

យុវជនជាម្ចាស់ម៉ូតូ បាននិយាយថា ម៉ូតូដែលបាត់នោះ ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1AQ-2931។ នៅយប់ថ្ងៃនោះ ខ្លួនបានដឹកសង្សារ ចេញពីផ្ទះ នៅម្តុំព្រែកព្នៅ ទៅមើលប្រដាល់គុនខ្មែរ នៅកន្លែងខាងលើ ដោយផ្ញើម៉ូតូនៅកន្លែងទទួលផ្ញើយកលុយមួយកន្លែង រួចហើយដាក់សំបុត្រនោះនៅក្នុងកែបម៉ូតូ។

យុវជនខាងលើ បន្តថា លុះនៅវេលាម៉ោងជាង ៩យប់ ដោយសារមនុស្សច្រើនពេក ក៏នាំគ្នាត្រឡប់មកយកម៉ូតូវិញ ដើម្បីជិះចេញទៅផ្ទះ ស្រាប់តែរកម៉ូតូមិនឃើញ និងឱ្យអ្នកទទួលកិបសំបុត្រ ជួយរកទៀត ក៏នៅតែមិន ឃើញ។ បន្ទាប់មក ក្រុមអ្នកទទួលកិបសំបុត្រ ប្រាប់ថា ចាំពេល ដែលគេចេញទៅអស់ ចាំរកម្តងទៀត ប៉ុន្តែនៅពេលផុតម៉ោង ក្រុមអ្នកទទួលកិបសំបុត្រទាំងនោះបាននាំគ្នារើអីវ៉ាន់ទៅបាត់អស់ ដោយមិនទទួលខុសត្រូវ លើការបាត់ម៉ូតូរបស់ខ្លួននោះទេ។

ក្រោយពេលកើតហេតុ យុវជនជាម្ចាស់ម៉ូតូ បានទាក់ទងទៅបងប្អូន ឱ្យមកយក រួចហើយនាំគ្នាទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កន្ទោក ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្រាវជ្រាវរកអ្នកទទួលកិប សំបុត្រ មកដោះស្រាយតាមផ្លូវច្បាប់៕

RELATED ARTICLES