Tuesday, July 8, 2025
Homeតារាខ្មែរមាន សូនីតា លេងបិទពួន សេង មង្គល ថាអត់ដឹងអីផង!

មាន សូនីតា លេងបិទពួន សេង មង្គល ថាអត់ដឹងអីផង!

ភ្នំពេញ ៖ មាន សូនីតា បានបង្ហាញឲ្យគេដឹងថា ខ្លួនមានគូដណ្ដឹងហើយ តាមរយៈការទទួលបានចិញ្ចៀនពេជ្រ មួយវង់ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ ពីប្រុសសង្ហាម្នាក់ ដែលនាងព្យាយាមលាក់មុខ ឲ្យតែឃើញខ្នង។ ប៉ុន្ដែនៅថ្ងៃទី៥ ខែកក្កដា សូនីតា បង្ហាញសកម្មភាពថា រូបភាពទាំងនោះគឺជាការរៀបចំថត ដោយមានអ្នក ដឹកនាំត្រឹមត្រូវ នៅអង្គរវ៉ាយដ៍ឡាយហ្វ៍ និងអាក្វារៀម (Angkor Wildlife & Aquarium) ដែលជាអាងកែច្នៃបែបពិព័រណ៍ត្រីទឹកសាប ត្រីទឹកប្រៃ ក្រោមបាតសមុទ្រ និងទន្លេ ស្ថិតនៅខេត្តសៀមរាប ។ ប៉ុន្តែសូនីតា នៅតែលាក់មុខតួសម្ដែងប្រុសនោះដដែល ស្របពេលដែលនៅថ្ងៃទី៥ ខែកក្កដា នោះ លោកសេង មង្គល ដែលគេសង្ស័យថាលេងបិទពួនជាមួយមាន សូនីតា នោះ ក៏បានបង្ហោះរូបភាពនៅអាងត្រីក្រោមទឹកនោះដែរ ទើបនាំឲ្យ Fan ជាច្រើន នៅលើបណ្ដាញសង្គម ដេញដោលសួរលោកមង្គល ថាតើលោកជាគូដណ្ដឹង របស់សូនីតា ឬ? និងខ្លះទៀតជំរុញឲ្យលោករៀបការជាមួយស្រីស្រស់រូបនោះទៀតផង ប៉ុន្ដែលោកហូ ប៉ូសេង បែរជាសួរអ្នកគាំទ្របញ្ច្រាសថា តើបងប្អូនសង្ស័យរឿងអី ? ទៅវិញ និងចុងក្រោយ លោកថាអត់ដឹងអ្វីទាំងអស់…។

 ថ្វីត្បិតតែមានការរិះគន់មាន សូនីតា ថាចេះតែលេងឈុតឆាកធ្វើឲ្យគេគិតថា នាងដែលជាមេធីម Single រកឃើញគូហើយនោះ រំភើបជំនួសនាងក្ដី ប៉ុន្ដែធាតុពិត នោះគ្រាន់តែជាការសម្ដែងសោះ ហើយបើអ៊ីចឹងដដែល តើនាងខ្លាចអីបង្ហាញមុខតួសម្ដែងប្រុសនោះ?

មាន សូនីតា ថាដៃគូសម្ដែងរបស់នាង អៀនពេក ទើបនាងអត់បង្ហាញមុខ។ យ៉ាងណានាងថាអ្វីដែលនាងមិននឹកស្មានដល់ គឺមានអ្នកឆាត និងខម្មិន មកសួរនាំនាងច្រើន ពីរឿងនេះ ធ្វើឲ្យខ្លួននាងគិតថា នាងមានសំណាងបំផុត មានការស្រលាញ់និងខ្វល់ខ្វាយលើខ្លួនច្រើន ទើបអារម្មណ៍នាងអរចង់ហោះតែម្ដង ។ នាងថា បុរសដែលនាងចង់បានជាគូជីវិត គឺជាអ្នកដែលចុះសម្រុងជាមួយនាង ទាំងការដើរលេង ហូបចុក និងរ៉ូមែនទិក  ។ ចំពោះអ្នកខម្មិននៅលើហ្វេសបុក របស់សូនីតា ក្រៅពីពួកគេបន្ដសង្ស័យលើលោកសេង មង្គល នោះ ក៏មានអ្នកខ្លះថា ប្រុសនោះជាតារាសម្ដែងជើងថ្មីម្នាក់ទៀត ដែលមុខស្រដៀងលោកមង្គល ដែរ តែសូនីតា នៅតែមិនព្រមបង្ហាញ មុខប្រុសនោះទេ។

 មាន សូនីតា អាយុ៣៥ឆ្នាំ នៅឆ្នាំ២០២៥ នេះបានធ្វើឲ្យគេភ្ញាក់ផ្អើលផ្ទួនៗ ដូចជាកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ នាងចេញច្រៀងតាមឆាកតន្រ្ដី ដោយមានអ្នករាំអមដល់ទៅ ៦នាក់ បើទោះជាគ្មានអ្នកណាគិតដល់ថា សំឡេងតូចស្រាលរបស់នាង អាចច្រៀងកើតក្ដី។ ប៉ុន្ដែនាងប្រឆាំងក្រុមអ្នកបង្អាប់ខ្លួន ដោយឡើងបង្ហើរសំនៀង ទាំងញ័រជើង។ ចុងក្រោយនេះ សូនីតា លេង១ក្បាច់ ដែលព្រួញមួយបាញ់បានសត្វពីរ នោះគឺថតឱបតួប្រុសក្មេងម្នាក់ ដោយបញ្ចេញចិញ្ជៀនពេជ្រ ដែលប្រុសនោះសុំនាងរៀបការ ដែលបញ្ហានេះនាំឲ្យមានការលើកឡើងថា ឈុតនេះនាំឲ្យអ្នកធ្លាប់សង្ស័យថា នាងស្រលាញ់ស្រី និងមានមន្រ្ដីគយ តាមដាក់អន្ទាក់ស្នេហ៍ គេចមិនរួចនោះ នឹងបន្សាបមន្ទិលទាំងនេះបានខ្លះជាមិនខាន ។ ប៉ុន្ដែបើសូនីតា នៅតែលាក់មុខប្រុសដៃគូសម្ដែងនោះទៀត ច្បាស់ជាមិនអាចលុបបំបាត់ពាក្យចរចាមអារ៉ាមទាំងអស់នោះបានឡើយ ផ្ទុយទៅវិញ កាន់តែធ្វើឲ្យគេរឹតតែម៉ៃថា នាងមិនហ៊ានបញ្ចេញមុខប្រុសស្នេហ៍ពិតប្រាកដ ព្រោះមានសម្ពាធពីគូស្នេហ៍នៅក្រោយខ្នងនោះជាមិនខាន ។          

គួរបញ្ជាក់ថា មាន សូនីតា អតីត Freshie លេខ៣ ឆ្នាំ២០០៩ បានអះអាងថា សម្រាប់ទស្សនៈរបស់នាង បញ្ហាពិបាកជាងគេនៅលើលោកនេះគឺ «រឿងយកប្ដី» ព្រោះនាងថា បើយកប្ដីមន្រ្ដីធំ ខ្លាចតែគ្មានសេរីភាព ជាប់ទ្រុងស្នេហ៍ ហេតុនេះនាងគិតមិនចេញទេ ។ យ៉ាងណា ក្នុងជំនួបផ្ទាល់ កន្លងមក សូនីតា ធ្លាប់អះអាងថា នាងមានសង្សារហើយ ប៉ុន្ដែនាងថាមិនទាន់ឈានដល់ដំណាក់កាលគិតគួររៀបការទេ ។ Fan ថា ប្រសិនបើតួប្រុសក្នុង MV មាន សូនីតា នោះ គឺជាលោកហូរ ប៉ូសេង ហៅសេង មង្គល នោះច្បាស់ជាលោកមង្គល ត្រូវហូរទឹកភ្នែកជាថ្មីជាមិនខាន ព្រោះប្រុសសង្ហារូបនេះ ឲ្យតែកៀកកើយស្រីណា នោះនាងនឹងរៀបការចោល។  ជាក់ស្ដែងដូចជាលោកស្រី ទី្រ ដាណា និងហ៊ិន ច័ន្ទនីរ័ត្ន ជាដើម ។ ប៉ុន្តែទស្សនិកជន រំពឹងថាសូនីតា នឹងមិនធ្វើឲ្យលោកមង្គល ហូរទឹកភ្នែកជាលើកទី៣ ឡើយ ៕

RELATED ARTICLES