Tuesday, July 8, 2025
Homeតារាខ្មែរសុខគា គីមលាង ប្រែប្រួល១៨០ដឺក្រេ

សុខគា គីមលាង ប្រែប្រួល១៨០ដឺក្រេ

ភ្នំពេញ ៖ ធ្លាប់តែគ្រងឈុតអប្សរា ចរិយាទន់ភ្លន់រួសរាយ តែរឹងប៉ឹងនិងម៉ឺងម៉ាត់ ស្រាប់តែពេលនេះ អ្នកគ្រូក្រមុំ សុខគា គីមលាង បង្រៀនរបាំបុរាណ និងរបាំព្រះរាជទ្រព្យ នោះ បានបត់បែនយ៉ាងរហ័ស ហ៊ានស្លៀកឈុតប៊ីគីនី បង្ហាញសាច់និងរាងរៅ នៅមាត់សមុទ្រមើលទៅយ៉ាងត្រជាក់ភ្នែក ។ ភាពប្រែប្រួលរបស់នាដការី គីមលាង នាពេលនេះ ក្រោយពីនាងដាក់ចិត្តដាក់កាយចូលប្រលងកម្មវិធី Miss Universe Cambodia 2025 ដើម្បីតំណាងឲ្យកម្ពុជា ទៅប្រកួតនៅប្រទេសឥណ្ឌា កម្មវិធី Miss Universe 2025  ដែលមិនអាចគេចផុតឈុតប៊ីគីនី ហើយគីមលាង បានដឹងពីវិញ្ញាសានេះ តាំងពីមុនប្រកួត ។ បន្ទាប់ពីមានការបណ្ដុះបណ្ដាលពីអ្នកជំនាញដើរម៉ូដ គីមលាង ប្លែកច្រើន ដូចជារៀបចំខ្លួនទៅតាមពេលវេលា និងម្ចាស់កម្មវិធីចង់បាន ជាពិសេសឈុតបញ្ចេញរន្ធផ្ចិត បីមាន់អាគក នៅមាត់ស្ទឹង ដែលមើលទៅពេលនេះបើប្រៀបធៀបពីមុន គឺបវរកញ្ញា គីមលាង ហៅកូនស្រមោច មានភាពខុសប្លែកដល់ទៅ ១៨០ដឺក្រេ ។

 គួរបញ្ជាក់ថា សុខគា គឹមលាង មុនចូលប្រកួត Miss Universe Cambodia 2025 នាងធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា មូលហេតុដែលនាងមិនចូលប្រលងបវរកញ្ញា ព្រោះតែមិនចង់ស្លៀកឈុតប៊ីគីនី ដោយសាតែនាងជាគ្រូបង្រៀនផ្នែករបាំបុរាណ និងរបាំព្រះរាជទ្រព្យ ហើយនាងតាំងចិត្តថា នឹងមិនថតសម្ដែងភាពយន្ដដែលមានភាពសិចស៊ី ស្នេហារោលរាលទេ ទោះជាតម្លៃប៉ុនណាក៏ដោយ ។ ប៉ុន្ដែក្រោយមក នាងបានប្ដូរចិត្តចូលប្រកួត Miss Universe Cambodia 2025 ហើយនាងនិយាយថា មិនខ្លាចឈុតប៊ីគីនីទេ ដែលពេលនេះ នាងហ៊ានលេងឈុតពិសេសនេះមែន ។ មហាជនមើលឃើញថា ពីដំបូង គីមលាង ហាក់មានប្រៀបជាងបេក្ខភាពផ្សេងៗទៀត ក្នុងការដណ្តើមមកុដ ទៅប្រកួតនៅប្រទេសឥណ្ឌា ព្រោះនាងមានរូបសម្រស់ សមត្ថភាពនិងទេពកោសល្យសិល្បៈល្អ ។ ប៉ុន្តែជាក់ស្ដែង មិនដូចក្ដីរំពឹងទាំងស្រុងទេ ដោយសារតែមានបេក្ខភាពខ្លាំងពីររូបទៀត មកប្រជែង នោះគឺ ពេជ្រ វត្តីសារ៉ាវឌ្ឍី និងថៃ នារីសុជាតា ដែលសុទ្ធតែមានបទពិសោធន៍ដើរម៉ូដមុននាងទៅទៀត ពិសេសគឺពេជ្រ វត្តីសារ៉ាវឌ្ឍី អាយុ២៧ឆ្នាំ ដែលជាម្ចាស់មកុដ Miss Grand Cambodia 2022។ ប៉ុន្ដែអ្នកនាងប្រាសាទ ដាវីន ដែលជាម្ចាស់កម្មវិធី Miss Universe Cambodia 2025 បានបង្ហោះលើផេកបវរកញ្ញារបស់ខ្លួនថា មានបេក្ខភាពដល់ទៅ ៦រូប ដណ្ដើមមកុដបវរកញ្ញាខាងលើ ដែលពួកគេមានសមត្ថភាព ចំណេះដឹង ទេពកោសល្យ គឺសុខគា គីមលាង, ហ្វីយ៉ាតា (ថៃ នារីសុជាតា), ពេជ្រ វត្តីសារាវឌ្ឍី, រ៉េត ស្រីនាថ ចាន់ ម៉ាលីស និងហួន ស្រីខួច ។ បើដូចការអះអាងរបស់ប្រាសាទ ដាវីន មានន័យថាសុខគា គីមលាង ត្រូវផ្ដួលបេក្ខភាពដល់ទៅ៥ នាក់ទើបអាចក្លាយទៅជាម្ចាស់មកុដ ដើម្បីតំណាងឲ្យកម្ពុជា ទៅប្រកួតនៅប្រទេសឥណ្ឌា នាពេលឆាប់ៗនេះ។          

សូមរំលឹកថា មុនឈានចូលប្រកួតបវរកញ្ញា សុខគា គីមលាង ធ្លាប់ថតភាពយន្ដ រឿង «សាសនាងងឹត» របស់LD  និងចាប់ដៃជាមួយលោក ឆន សុវណ្ណារាជ សម្ដែងខ្សែរឿងស្នេហាកម្មវិធី «សាកស្រលាញ់គ្នាបានទេ?» បន្ទាប់ពីល្បីក្នុង MV បទរបស់វណ្ណដា «អាមុំបងអើយ»។ សុខគា គីមលាង ហៅ Kon Ant ឬកូនស្រមោច អាយុ២៦ឆ្នាំ កម្ពស់១,៧០ម៉ែត្រ ទម្ងន់៥០ គ.ក្រ ហាត់របាំបុរាណ រយៈពេល១៥ឆ្នាំ ពោលគឺតាំងពីអាយុ៩ឆ្នាំម៉្លេះ ទើបពេលនេះក្លាយទៅជាគ្រូបង្រៀនរបាំបុរាណ និងរបាំព្រះរាជទ្រព្យ នៅសាលាមធ្យមវិចិត្រសិល្បៈ។ ទាក់ទងរឿងបេះដូង គីមលាង វាចាថា នាងមិនទាន់មានម្ចាស់ចិត្តទេ ហើយក៏មិនទាន់ចង់គិតក្នុងវ័យនេះដែរ ៕

RELATED ARTICLES