ភ្នំពេញ ៖ ជនដៃដល់ជាឃាតករ ១ក្រុម ដែលធ្វើសកម្មភាពចាក់យុវជនម្នាក់ បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម នៅចំណុចទល់មុខរបងវត្តស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ កាលពីយប់ ថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ២០២៥ នោះ ត្រូវបានកម្លាំងជំនាញអាវុធហត្ថ ស្រាវជ្រាវឃាត់ខ្លួនបាន សរុបចំនួន៤នាក់ នាំយកមកចាត់ការតាមច្បាប់។

ករណីឃាតកម្មនេះ បានកើតឡើង កាលពីវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ចំណុច ក្បែរបង់អង្គុយ ជាប់គល់ស្ពានអាកាសស្ទឹងមានជ័យ ទល់មុខរបងវត្តចង្ក្រានតាព្រហ្ម ហៅវត្តស្ទឹងមានជ័យ តាមផ្លូវ២១៧ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។ រហូតមកដល់វេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ទើបកម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការពន្លាតសមត្ថកិច្ចដែនដី សហការជាមួយកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម និងមូលដ្ឋានអាវុធហត្ថស្រុកស្រីសន្ធរ បានឃាត់ខ្លួនជនសង្ស័យម្នាក់ រួចបន្តឃាត់ខ្លួន ៣នាក់បន្ថែមទៀត នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
ជនដៃដល់ជាឃាតករ ទាំង៤នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន ទី១-ឈ្មោះងៀប សាដទីរ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ (ជាជនដៃដល់)។ ទី២-ឈ្មោះសេង អៀមសៀ ភេទប្រុស អាយុ២៦ឆ្នាំ។ ទី៣-ឈ្មោះមាស ពេជ្រ ភេទប្រុស អាយុ៣៦ឆ្នាំ និងទី៤-ឈ្មោះហ៊ាង សីហៈ ហៅម៉ៅ ភេទប្រុស អាយុ៤៦ឆ្នាំ។ ចំណែកយុវជនរងគ្រោះ មានឈ្មោះខាន់ ស៊ីវន អាយុ២៤ឆ្នាំ ជាអតីត សន្តិសុខ មានលំនៅក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ (ក្បែរទីតាំងកើតហេតុ)។
យោងតាមប្រភពមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា មានករណីឃាតកម្មដែលបង្កឡើងដោយជនដៃដល់ម្នាក់ និងបក្ខពួក ១ក្រុម ប្រដាប់ដោយកូនកាំបិតចុងស្រួច ជិះម៉ូតូ ២គ្រឿង បានធ្វើសកម្មភាពចាក់ទៅលើជនរងគ្រោះ ចំនួន២កាំបិត បណ្តាលស្លាប់ក្នុងថ្លុកឈាម នៅចំណុចទល់មុខរបងវត្តស្ទឹងមានជ័យ សួនច្បារមុខវត្តចង្ក្រានតាព្រហ្ម ហៅវត្តស្ទឹងមានជ័យ ផ្លូវ២១៧ ភូមិមានជ័យ១ សង្កាត់ស្ទឹង មានជ័យទី១ ខណ្ឌមានជ័យ កាលពីវេលាម៉ោងប្រមាណ១១និង៣០នាទីយប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ លុះពេលធ្វើសកម្មភាពរួច ក្រុមជន សង្ស័យ បាននាំគ្នាជិះម៉ូតូគេចខ្លួនដោយសុវត្ថិភាព។
បន្ទាប់ពីទទួលបានព័ត៌មានខាងលើនេះ កម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានបើកការស៊ើបអង្កេត និងស្រាវជ្រាវ រហូតដល់វេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការពន្លាតសមត្ថកិច្ចដែនដី ដោយសហការជាមួយកម្លាំងជំនាញកងរាជអាវុធហត្ថ ខេត្តកំពង់ចាម និងមូលដ្ឋានអាវុធហត្ថស្រុកស្រីសន្ធរ បានឈានទៅដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ និងបន្តឃាត់ខ្លួន ៣នាក់បន្ថែមទៀត នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សរុបចំនួន៤នាក់ (១-ងៀប សាដទីរ៉ា ២-ឈ្មោះសេង អៀមសៀ ៣-ឈ្មោះមាស ពេជ្រ ៤-ឈ្មោះហ៊ាង សីហៈ ហៅម៉ៅ) នាំមកកាន់ការិយាល័យព្រហ្មទណ្ឌ នៃមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កង រាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខមន្ត្រីជំនាញអាវុធហត្ថ ជនសង្ស័យឈ្មោះងៀប សាដទីរ៉ា (ជនដៃដល់) បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើឃាតកម្ម ដោយបានយកកាំបិតចាក់ទៅលើជនរងគ្រោះ បណ្តាលឱ្យស្លាប់ប្រាកដ មែន មូលហេតុដោយសារមានជម្លោះជាមួយជនរងគ្រោះ។ ចំណែកជនសង្ស័យ ៣នាក់ទៀត បានឆ្លើយ សារភាពដូចគ្នាថា ពួកគេពិតជាមានពាក់ព័ន្ធក្នុងអំពើឃាតកម្មខាងលើ ហើយក៏ជាមុខសញ្ញាប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងក៏ធ្លាប់ជាប់ពន្ធនាគារពាក់ព័ន្ធករណីគ្រឿងញៀនផងដែរ។
ជនសង្ស័យទាំង៤នាក់ខាងលើ ត្រូវបានការិយាល័យជំនាញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី។ ចំណែកជនសង្ស័យដែលជាបក្ខពួកនៅសេសសល់ កំពុងរត់គេចខ្លួន សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការស្រាវជ្រាវដើម្បីឃាត់ខ្លួនបន្ត។
គួររំលឹកថា កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ មានករណីឃាតកម្មមួយ បានកើតឡើងនៅចំណុចក្បែរបង់អង្គុយ ជាប់គល់ស្ពានអាកាសស្ទឹងមានជ័យ ទល់មុខរបងវត្តចង្ក្រានតាព្រហ្ម ហៅវត្តស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ដោយបុរស ២នាក់ បានជិះម៉ូតូដួលតាមផ្លូវ ឃើញបែបនេះ ក៏មានយុវជនម្នាក់ទៀត បានស្ទុះរត់ទៅជួយលើក ស្រាប់តែមិនដឹងថាមានរឿងអ្វី ស្រាប់តែឃើញភាគីទាំងសងខាងកើតមានជម្លោះ បន្ទាប់មកភាគីអ្នកជិះម៉ូតូ បានជិះម៉ូតូដឹកគ្នាចេញទៅបាត់មួយភ្លែត ក៏ត្រឡប់មកវិញ ដោយមានគ្នា៤នាក់ ជិះម៉ូតូ ២គ្រឿង តាមរកគូទំនាស់ រួចចុះទៅដកកាំបិតចាក់ប្រហារទៅលើយុវជនរងគ្រោះ ចំនួន២កាំបិត បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម ចំណែកជនដៃដល់ជាឃាតករ បានជិះម៉ូតូដឹកគ្នាគេចខ្លួនបាត់។
តាមសម្តីស្ត្រីជាម្តាយរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ គាត់និងកូនស្រីម្នាក់ទៀត បាននាំគ្នាដើរចេញពីផ្ទះ បំណងមករកទិញធូបមូស រួចក៏ឃើញកូនប្រុសគាត់ អង្គុយលេងនៅលើបង់ ក្បែរកន្លែងកើតហេតុ និងបានប្រាប់ថា គេបានបាត់កូនកាបូប រួចដើររកនៅលើស្មៅក្បែរៗនោះ លុះបន្តិចក្រោយមក ពេលដែលគាត់កំពុងទិញធូបមូស ក្រឡេកឃើញមានបុរស២នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាក PCX ពណ៌ស មិនចាំស្លាកលេខ ដួលម៉ូតូនៅតាមផ្លូវ ហើយភ្លាមនោះ កូនប្រុសគាត់បានស្ទុះរត់ទៅជួយលើក ស្រាប់តែមិនដឹងជា យ៉ាងម៉េច ឃើញភាគីអ្នកដួលម៉ូតូទាំង២នាក់ បានឈ្លោះប្រកែក និងព្រួតវាយកូនប្រុសរបស់គាត់ បណ្តាលឱ្យរងរបួស ដាច់រលាត់ត្រង់ក្តោងច្រមុះ និងកំភួនដៃ បន្តិចបន្តួច ហើយគាត់ក៏ចូលទៅឃាត់ ទើបភាគីអ្នកជិះម៉ូតូ ដួលនោះ នាំគ្នាជិះម៉ូតូចាកចេញទៅអស់ទៅ។
ស្ត្រីជាម្តាយជនរងគ្រោះ បន្តថា លុះជនសង្ស័យចេញទៅផុត គាត់សួរនាំកូនប្រុស (ជនរងគ្រោះ) ថាមានរឿងអ្វី? ហើយកូនប្រុស បានប្រាប់គាត់ថា “ខ្ញុំគ្រាន់តែជួយលើកម៉ូតូវា ស្រាប់តែពួកវាខឹង ព្រួតវ៉ៃខ្ញុំ ខ្ញុំអត់ខុសអីសោះ វាមកវ៉ៃខ្ញុំ”។ បន្ទាប់មក គាត់បានប្រាប់ឱ្យកូនប្រុស ត្រឡប់ទៅផ្ទះវិញ តែគេមិនព្រមទៅ ដោយបានសុំលុយគាត់ ១ដុល្លារ យកទៅទិញទឹកផឹក ហើយគាត់ក៏ឱ្យលុយទៅកូន រួចត្រឡប់ទៅផ្ទះវិញ ស្រាប់តែបន្តិចក្រោយមក ឃើញជនសង្ស័យ ២នាក់ ដែលឈ្លោះជាមួយកូនប្រុសគាត់នោះ បានត្រឡប់មកវិញ ដោយនាំទាំងបក្ខពួកមកថែមម្នាក់ទៀត (ម៉ូតូ ១គ្រឿង ជិះគ្នា៣នាក់) បានដឹកគ្នាមកសួររកកូនប្រុសរបស់គាត់។ លុះក្រោយមក នៅពេលឃើញកូនប្រុសគាត់កំពុងអង្គុយនៅលើបង់ ក្បែររបងវត្តស្ទឹងមានជ័យ ក្រុមជនដៃដល់ បានចូលទៅចាក់កូនប្រុសគាត់ បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមតែម្តង។

ដោយឡែក តាមសម្តីបុរសជាឪពុកជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ កូនប្រុសគាត់ឃើញជន សង្ស័យមានគ្នា ២នាក់ ដួលម៉ូតូនៅលើផ្លូវ ក៏ចូលទៅជួយលើក ស្រាប់តែទាស់សម្តីគ្នា ត្រូវក្រុមអ្នកដួលម៉ូតូ ព្រួតវ៉ៃ តែគ្រាន់តែរងរបួសតិចតួចប៉ុណ្ណោះ ហើយក៏សម្រួលគ្នា ចាកចេញទៅវិញអស់។ រីឯកូនប្រុសគាត់ បានសុំលុយពីម្តាយ ទៅទិញបារីជក់ និងទឹកបរិសុទ្ធ១ដប មកផឹក ស្រាប់តែបន្តិចក្រោយមក លេចមុខក្រុមជនដៃដល់មានគ្នា៣នាក់ ជិះម៉ូតូដឹកគ្នាត្រឡប់មកវិញ និងបានសួរនាំគាត់ថា “អាមួយហ្នឹងទៅណាបាត់ហើយ?” ឮបែបនេះ គាត់និយាយថា “វាទៅបាត់ហើយ អូនអើយ មានរឿងអីនិយាយគ្នាទៅ ចប់ត្រឹមហ្នឹងទៅ” តែក្រុមជនសង្ស័យមិនព្រម ក៏ជិះម៉ូតូតាមរកកូនប្រុសគាត់ទាល់តែឃើញ រួចក៏ចូលទៅចាក់ប្រហារកូនប្រុសគាត់ ទាំងកំរោល។ ចំណែកគាត់ជាឪពុក បានឃើញ ស្ទុះទៅជួយដែរ តែទៅមិនទាន់ឡើយ។ ក្រុមជនដៃដល់ ពេលចាក់ប្រហារកូនប្រុសគាត់រួច ក៏ឡើងជិះម៉ូតូគេចខ្លួនបាត់។ ចំណែកគាត់ បានរត់ទៅមើលកូនប្រុស ឃើញកូនប្រុសបានដេកដួលស្លាប់ក្នុងថ្លុកឈាមបាត់ទៅហើយ ដោយមានស្នាមរបួស ចំនួន២កន្លែង ១កន្លែង ត្រង់ក្រលៀនខាងឆ្វេង (មុតរយះធំណាស់) និង១កន្លែងទៀត ត្រង់ដើមដៃខាងឆ្វេង៕