Tuesday, July 15, 2025
Homeតារាខ្មែរយក់ ថិតរដ្ឋា តារារូបណា ហ៊ានមើលងាយ ?

យក់ ថិតរដ្ឋា តារារូបណា ហ៊ានមើលងាយ ?

ភ្នំពេញ ៖ អ្នកនាង យក់ ថិតរដ្ឋា បានបញ្ចេញអារម្មណ៍អាកអន់ស្រពោនចិត្តចំពោះតារាចម្រៀងសិស្សប្អូនម្នាក់ ដែលមិនឲ្យតម្លៃនាង មើលស្រាលលើនាងនិងស្វាមី ហើយសូម្បីតែតម្លៃខ្លួន ក៏តារាជើងថ្មីនោះបានឲ្យតម្លៃនាងត្រឹមតែ ៥០% នៃតម្លៃរបស់គេប៉ុណ្ណោះ។ ប៉ុន្ដែអ្នកនាងថិតរដ្ឋា មិនបញ្ចេញឈ្មោះចំៗទៅលើតារាចម្រៀងដែលនាងអះអាងថាសំដីផ្អែម ប៉ុន្ដែនៅក្រោយខ្នងមានល្បិចសាហាវនោះទេ ទើបមានការសង្ស័យថា តារាចម្រៀងនោះប្រហែលជា ពេច្រ សូលីកា។

 វីដេអូមួយ របស់យក់ ថិតរដ្ឋា ត្រូវបានបញ្ចេញកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ ដោយរដ្ឋា ថ្លែងថា «ទី១ ៖ គាត់ (តារាវ័យក្មេង) សំដីមាក់ងាយមកពួកខ្ញុំ, ទី២ ៖ គាត់មិនឲ្យតម្លៃខ្ញុំ គឺតម្លៃមិនស្មើ៥០% នៃគាត់ទេ គាត់បញ្ជាក់ប្រាប់ប្ដីខ្ញុំ ចឹងកុំឲ្យខ្ញុំហ្នឹងឡូយ ។ មិនធម្មតាទេ គេដៀលប៉ាដោយ ។ ខ្ញុំញ័រសាច់ដែរ ប៉ុន្ដែរក្សារទុកក្នុងចិត្ត អត់ដឹងថាសុភាព សំដីស្រទន់ ម៉េចបានទៅជាបែបហ្នឹង?» ។

 យក់ ថិតរដ្ឋា ថ្លែងថា «តារារូបនោះ ចាត់ទុកថាខ្លួនគេល្បី ចឹងពេលគេហៅនាង ត្រូវតែទៅជាមួយគេ ព្រោះនាងអត់ល្បី ចឹងហើយបានជានាងចង់សួរមកខ្លួនឯងវិញថា យក់ ថិតរដ្ឋា ល្បីប៉ុណ្ណឹងដែរ អត់មានអ្នកស្គាល់សោះប៉ាដោយ មានតែគាត់គេស្គាល់?»។

បើទោះ Fan និងអ្នកលេងបណ្ដាញសង្គម ចង់ឲ្យយក់ ថិតរដ្ឋា និងអ្នកសិល្បៈដែលបានដឹងរឿងរ៉ាវនេះច្បាស់ ទម្លាយឈ្មោះតារាម្នាក់នោះយ៉ាងណា ក៏អ្នកនាងរដ្ឋា និងមនុស្សជំនិតរបស់នាង មិនប្រាប់ ។

យ៉ាងណា លោកម៉ា ដូណា ដែលទំនងជាស្គាល់ច្បាស់ពីតារាដែលយក់ ថិតរដ្ឋា ចង់សំដៅនោះ លោកបាននិយាយថា ធ្លាប់បានជួបតារាម្នាក់នោះ ពីរដងមកហើយ ប៉ុន្ដែកុំថាឡើយសួរសុខទុក្ខលោកតែលើកដៃសំពះសួរម្ដងក៏អត់ដែរ ។

ចំណែកអ្នកនាងឆ័យលី ដាឡែន ដែលកំពុងរស់នៅសហរដ្ឋអាមេរិក បានថ្លែងថា «ខ្ញុំបានស្គាល់យក់ ថិតរដ្ឋា តាំងពីនៅក្មេង មិនទាន់មានប្ដី ហើយឥឡូវអាយុពាក់កណ្ដាល ៩០ឆ្នាំទៅហើយ មិនមែនចង់ឲ្យគេមកគោរពទេ តែអ្វីដែលយើងគួរបង្ហាញគឺគោរពចាស់ទុំ មិនមែនឲ្យតែអ្នកល្បីចាត់ទុកថាអ្នកខ្ពង់ខ្ពស់ ឬមានឥទ្ធិពលទេ គឺគេចង់ឲ្យគោរពក្នុងនាមយើងមានអាយុតិចជាងគេ ខ្ញុំជួបហើយ ស៊េរីក្មេងៗ ក្រោយដែលកើតជំងឺបូសក្លៀកនោះ នេះជាស្រីនីន (រដ្ឋា) ទេ  បើប៉ះឆ័យលី ដាឡែន អត់ខ្វល់ទេ ទោះអ្នកឯងស្អាត ឬល្បីកម្រិតណាក៏ដោយ តែចេញចរិតចឹងមក ខ្ពើមមើលហ្មង»។

រីឯអតីតអ្នកនិពន្ធហង្សមាស លោកសោម ដូរ៉េ វិញ បាននិយាយថា ខ្លួនបានបដិសេធនិពន្ធបទចម្រៀងឲ្យតារាស្រីរូបនោះ បើទោះជាមានការបញ្ជាពីមេក៏ដោយ រហូតពេលខ្លះ មេចង់ខឹងលោកទៀតផង ។ ប៉ុន្ដែលោកដូរ៉េ រងការរិះគន់ច្រើនជុំវិញការលើកឡើងរបស់លោកថាសូម្បីតែមិត្តភក្ដិលោកឲ្យតែដឹងថា រាប់អានជាមួយអ្នកចម្រៀងនោះ គឺលោកកាត់កាល់ចោលតែម្ដង ដោយអ្នកលេងហ្វេសបុក លើកឡើងថា ជូនកាលតារានោះមិនល្អជាមួយលោក ប៉ុន្ដែគេអាចល្អជាមួយមិត្តភក្ដិលោក អីចឹងធ្វើជាអ្នកនិពន្ធទៅហើយ កុំអាត្មានិយមពេក។ ដោយមានការលើកឡើងចម្រូងចម្រាសបែបនេះ ក្រោយមកលោកដូរ៉េ ថាសូមបញ្ចប់រឿងត្រឹមនេះ ព្រោះជាខ្មែរដូចគ្នា ។

ថ្វីត្បិតតែម្នាក់ៗចង់ដឹងថាតារាស្រីដែលយក់ ថិតរដ្ឋា មិនពេញចិត្តនោះជាអ្នកណាតែគ្មានអ្នកហ៊ានទម្លាយ ប៉ុន្ដែតាមព័តមានពីអ្នកលេងបណ្ដាញសង្គមថា សង្ស័យថា ម្នាក់នោះគឺពេជ្រ សូលីកា ។         

ប្រភពបានឲ្យដឹងថា នៅថ្ងៃដែលគេចាក់វីដេអូយក់ ថិតរដ្ឋា ទម្លាយរឿងតារាជើងថ្មីវាយឫកលើនាងនោះ គឺចំពេលដែលពេជ្រ សូលីកា បង្ហោះបទចម្រៀងថ្មីរបស់នាង ត្រឹមតែ ៤ម៉ោងបាន 1M Views ។

គណនីហ្វេសបុកឈ្មោះ ណែត សាឡន ខម្មិនថា «បងពេជ្រ សូលីកា ម៉ង ឃើញគាត់ផុសអក្សរកាត់ មានតែឈ្មោះហ្នឹង» ។

ចំណែកគណនី​ហ្វេសបុក ឈ្មោះ Sreynin Kong ចេញវីដេអូលើកសរសើរពីចរិតរបស់សូលីកា ចំពោះខ្លួន ចំពេលដែលគេម៉ៃ ថាតារាចម្រៀងរូបនេះ មើលស្រាលយក់ ថិតរដ្ឋា ។

លោកម៉ៃ សុគន្ធ បង្ហោះហ្វេសពាក់ព័ន្ធរឿងខាងលើថាថា «សម័យ២០២៥ នេះ ពូចង់ផលិតកម្មវិធីនិយាយដើម ដោយចំហ គាំទ្រអត់?»។

 សម្រាប់តារាចម្រៀងពេជ្រ សូលីកា មិននិយាយអ្វីទាក់ទងការលើកឡើងដោយប្រយោលរបស់យក់ ថិតរដ្ឋា ខាងលើនេះទេ ប៉ុន្ដែនៅថ្ងៃទី១៣ ខែកក្កដា នាងបានជូនដំណឹងទៅ Fan និងអ្នកជួលនាងច្រៀងថា «សុំ Cancel Event ទាំងអស់ មួយខែ សុំលំហែខួរក្បាលបន្ដិច រូបដែលត្រូវផុសឲ្យ Client នៅផុសធម្មតា»។

គួរបញ្ជាក់ថា យក់ ថិតរដ្ឋា ធ្លាប់ចាប់ដៃពេជ្រ សូលីកា ច្រៀង Solo Concert របស់ស្រីពេជ្រ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលពេលនោះ សូលីកា ជាអ្នកអញ្ជើញថិតរដ្ឋា ឲ្យមកច្រៀងជាមួយនាង។ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ សូលីកា បានបង្ហោះសារភ្ជាប់ជាមួយការសម្ដែងជាមួយអ្នកនាងយក់ ថិតរដ្ឋា ថា «ស្រលាញ់បង យក់ ថិតរដ្ឋា ជូនពរបងកាន់តែជោគជ័យ» ។          

យ៉ាងណាជុំវិញបញ្ហានេះ គេមិនទាន់មានភ័ស្ដុតាងថា យក់ ថិតរដ្ឋា និយាយរិះគន់តារាមើលស្រាលខ្លួននោះថា ជាពេជ្រ សូលីកា ចំឈ្មោះឡើយ ខណៈ ពេជ្រ សូលីកា មិនអាចទាក់ទងសុំយបល់បានទេ កាលពីម្សិលមិញ៕

RELATED ARTICLES