Friday, July 18, 2025
Homeតារាខ្មែរឈិន ម៉ានិច្ច មានឡាន៤គ្រឿង

ឈិន ម៉ានិច្ច មានឡាន៤គ្រឿង

ភ្នំពេញ ៖ មិនសូវចេះអួតអាងសម្ញែងគ្រឿងអលង្ការដូចគេ តែស្ងាត់ៗ ឈិន ម៉ានិច្ច មានរថយន្ដទំនើប ដល់ទៅ៤គ្រឿង ជិះឆ្លាស់គ្នា ដោយកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ តារាហង្សមាស រូបនេះបានទិញរថយន្ដថ្មីមួយគ្រឿងទៀត គឺឡានអគ្គិសនី Mazda Ez6 ២០២៥  តម្លៃជាង ៣ម៉ឺនដុល្លារ បន្ថែមពីលើរថយន្ដដែលមានស្រាប់ Jeep Rubicon, Lexus Lx570 និងរថយន្ដមួយទៀត ។ បើគិតតែលើការលេងរថយន្ដ ម៉ានិច្ច ចាយអស់ខ្ទង់ជាង ៣០ម៉ឺនដុល្លារ លើរថយន្ដទាំង៤គ្រឿង។ នេះជាការផ្លាស់ប្ដូរជីវភាពទ្រង់ទ្រាយធំរបស់ម៉ានិច្ច ព្រោះមុនលើកពាន Cambodian Idol រដូវកាលទី២ តាមប្រភពថា នាងរស់នៅបន្ទប់ជួល ជិះម៉ូតូឌុប ទៅច្រៀងនៅហាងមួយ នាពេលរាត្រី នៅព្រែកលាភ ។ ប៉ុន្ដែច្រៀងនៅហង្សមាស ជាង៩ឆ្នាំ នាងមានរថយន្ដទំនើបៗក្នុងក្ដីស្រមៃ ជិះយ៉ាងហ៊ឺហា ទិញបានផ្ទះល្វែងផ្ទាល់ខ្លួន និងបើកហាង Manich Beauty Spa នៅក្បែផ្សារចាស់ ទៀតផង។

ជុំវិញការកើនទ្រព្យយ៉ាងរហ័សរបស់ឈិន ម៉ានិច្ច នេះ មានការសរសើរច្រើនពីអ្នករួមអាជីព ថានាងពូកែសន្សំលុយ និងជាគំរូរល្អសម្រាប់តារាផ្សេងៗទៀត យកលំនាំតាម ហើយម៉ានិច្ច ប្រាប់ទៅ Fan ថា ឡានថ្មីនេះ ជាការទិញថែម និងប្រាប់ទៅម្ចាស់ហ្គារ៉ាស់បិទស្កុតឡាននាងថា នេះជាឡានទី៤ ដែលនាងយកមកបិតស្កុតនៅទីនោះ ។ ប៉ុន្ដែក៏មានខ្លះសង្ស័យថានាងមានគូស្នេហ៍ជួយជ្រោមជ្រែងផងដែរ បន្ទាប់ពីនាងធ្លាប់បណ្ដើរបុរសរូបសង្ហាម្នាក់ ទៅចូលរួមមង្គលការសុភ័ក្រ កុសុម៉ា កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២៤  ហើយក៏ស្ងាត់ដំណឹងវិញ ។

ឈិន ម៉ានិច្ច ដែលមានឈ្មោះដើមថា ឈិន ស្រីពេជ្រ មិនសូវលេចធ្លោខ្លាំងទេ បើប្រៀបធៀបទៅតារាតួឯក ប្រចាំផលិតកម្មនីមួយៗនោះ ថ្វីត្បិតតែនាងមានទឹកដមសំឡេងពីរោះរណ្ដំ ពេលច្រៀងបទមរតកដើមក្ដី ។ ប៉ុន្ដែការច្រៀងបទជំនាន់មុនបានយ៉ាងពីរោះនេះហើយធ្វើឲ្យម៉ានិច្ច មានទីផ្សារចម្រៀងល្អ ត្រូវប៉ាន់នៅតាមបណ្ដាកម្មវិធី Agency ទាំងឡាយ រួមទាំងការច្រៀងសម្ដែងនៅក្រៅស្រុក ដូចជាកន្លងមក នាងធ្លាប់ចេញទៅច្រៀងនៅប្រទេសកាណាដា និងអាមេរិក ជាដើម ។ ចំពោះផលិតកម្មរស្មីហង្សមាស ដែលរយៈពេលចុងក្រោយនេះបានជម្រុះតារាល្បីៗរបស់ខ្លួន សឹងតែអស់ទៅហើយនោះ ក៏នៅតែរក្សាម៉ានិច្ច និងឲ្យចាប់ដៃជាមួយលោកនី រតនា បន្ទាប់ពីដួង វីរៈសិទ្ធ ជាដៃគូរបស់នាង បានចាកចេញ  តែតាមព័តមានថា នាងនឹងផុតកុងត្រា នៅឆ្នាំ២០២៦ ខាងមុខ ។

សូមបញ្ជាក់ថា ឈិន ម៉ានិច្ច កាលមិនទាន់ល្បី គេឃើញបុរសម្នាក់ ជូននាងទៅប្រលងចម្រៀង និងតាមឆាកតន្រ្ដីនានា តែក្រោយឡើងកូដមក គេលែងឃើញមុខបុរសដែលគេបង្ហើបថាសង្សារចាស់នាងទៀត ។ ប្រភពថា អតីតតារាចម្រៀងហង្សមាស ម្នាក់ ដែលមានគូស្នេហ៍ជាមន្រ្ដីម្នាក់នោះ ពេលនេះលោកធំនោះ បែរជាងាកមកចាប់អារម្មណ៍ឈិន ម៉ានិច្ច  វិញម្ដង ។ ប៉ុន្ដែគេមិនដែលឃើញម៉ានិច្ច និងលោកធំនោះ ស្និទ្ធស្នាលគ្នាជាចំហ ឡើយ ហើយនាងក៏មិនធ្លាប់បង្ហាញប្រុសណាជាសាធារណៈ ដូចការបណ្ដើរបុរសរូបសង្ហាម្នាក់ ទៅចូលរួមមង្គលការសុភ័ក្រ កុសុម៉ា នោះដែរ ។          

ក្រៅពីឈិន ម៉ានិច្ច តារាដែលមានរថយន្ដជាច្រើនគ្រឿង ជិះឆ្លាស់គ្នា នៅឆ្នាំ២០២៥ មាន ពេជ្រ សោភា, ស៊ឹម សូលិកា, សួស វីសា និងឱក សុគន្ធកញ្ញា ជាដើម ។ តាមព័តមានថានាងឈិន ម៉ានិច្ច នឹងត្រៀមទិញឡានទី៥ នាពេលឆាប់ៗនេះ ៕

RELATED ARTICLES