ភ្នំពេញ ៖ មន្ត្រី និងអ្នកទោស ជាប់ឃុំក្នុងមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ ទូទាំងប្រទេស ប្រមាណជាង ៥ម៉ឺននាក់ បានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ។ ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញនេះ ធ្វើឡើងស្រប ពេលដែលក្រសួងសុខាភិបាល បានប្រកាសពីសារសំខាន់នៃការបន្តចាក់វ៉ាក់សាំងដូសជំរុញ។

ដោយទទួលគោលការណ៍ណែនាំពីលោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឱ្យប្រ ញាប់ចាត់ចែងរៀបចំចាក់វ៉ាក់សាំង ទាំងមន្ត្រីពន្ធនាគារ និងអ្នកជាប់ឃុំ ដែលជាសត្យានុម័ត គឺពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ ជាកន្លែងប្រមូលផ្តុំមនុស្ស ជាអចិន្ត្រៃយ៍ រួចមក ជាលទ្ធផល នៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ ទូទាំងប្រទេស មានមន្ត្រី និងអ្នកជាប់ឃុំ ជាង៥ម៉ឺននាក់ បានទទួលការចាក់វ៉ាក់សាំង ដូសជំរុញ ជាស្ថាពរ។

លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ បានបញ្ជាក់ឱ្យដឹងថា ការចាក់វ៉ាក់សាំង ដូសជំរុញនេះ បានផ្តើមអនុវត្តតាំងពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ ដោយមានកិច្ចសហការគាំទ្រពីក្រសួងសុខាភិបាល រហូតបញ្ចប់រួចរាល់ កាលពីថ្ងៃទី១១ ខែកក្កដា កន្លងទៅ។
បើតាមលោកឈន សាណាត រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណរបស់សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយមានលោកបណ្ឌិត ស សុខា ប្រមុខក្រសួងមហាផ្ទៃ ជាសេនាធិការ កាន់តែបង្កើនការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពអ្នកជាប់ ឃុំ។
ជាក់ស្តែង ចាប់ពីដើមនីតិកាលទី៧ មក អត្រាអ្នកជាប់ឃុំឈឺនិងស្លាប់ បានថយចុះគួរឱ្យកត់សម្គាល់ ខណៈអង្គការ សមាគម និងប្រទេសជាដៃគូ ដែលមានកិច្ចសហការជាមួយគ្គនាយកដ្ឋានពន្ធនាគារ ក៏កត់សម្គាល់ពីភាពប្រសើរឡើងនេះ និងបានផ្តល់ការលើកទឹកចិត្ត ព្រមទាំងបន្តចាប់ដៃសហការលើការងារថ្មីៗបន្ថែមទៀត ជាមួយអគ្គនាយកដ្ឋាន។

គួរកត់សម្គាល់ថា ជាទឡ្ហីករណ៍ជាក់ស្តែង បង្ហាញថា រាជរដ្ឋាភិបាល ពិតជាបាននិងកំពុងគិតគូរយ៉ាងល្អិតល្អន់ចំពោះសុខភាពអ្នកជាប់ឃុំ នៅខែកក្កដា ឆ្នាំ២០២៥ នេះ ក្រសួងមហាផ្ទៃ បានប្រកាសប្រឡងចម្រាញ់យកវេជ្ជបណ្ឌិត ចំនួន២៩រូប វេជ្ជបណ្ឌិតឯកទេសរោគស្ត្រី ៥រូប និងគិលានុបដ្ឋាក ចំនួន៣៨រូប ដើម្បីបំពេញការងារតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ ទូទាំងប្រទេស៕