Wednesday, July 23, 2025
Homeតារាខ្មែរនាង ដាវីន មានគូដណ្ដឹង មិនមែនឈូឈូ

នាង ដាវីន មានគូដណ្ដឹង មិនមែនឈូឈូ

ភ្នំពេញ ៖ តារាចម្រៀងហង្សមាស លោក នាង ដាវីន បានឲ្យដឹងថា លោកមានគូដណ្ដឹងហើយ ដែលនារីពិសេសក្នុងបេះដូងរបស់លោកនោះ គឺជាអ្នកលក់អីវ៉ាន់ Online ហើយលោកច្បាស់លាស់ជាមួយនាង ១០០% តែម្ដង ព្រោះបានភ្ជាប់ពាក្យជាមួយគ្នា តាំងពីមុនលោកប្រលងចម្រៀងនៅហង្សមាស (២០២២) ម្ល៉េះ ប៉ុន្ដែមិនទាន់អាចកំណត់ថ្ងៃរៀបការបានទេ ព្រោះរូបលោកនិងគូដណ្ដឹង សុទ្ធតែជាអ្នកមានបន្ទុកក្នុងគ្រួសារដូចគ្នា។

 លោក នាង ដាវីន ប្រាប់ «នគរធំ» នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ថា «ខ្ញុំបង្ហាញគាត់យូរដែរហើយតើបង ។ ពួកយើងច្បាស់លាស់ជាមួយគ្នាហើយ ព្រោះបានភ្ជាប់ពាក្យជាមួយគ្នា ក្លាយជាគូដណ្ដឹងគ្នាហើយ ។ ប៉ុន្ដែទាក់ទងរឿងរៀបការ ខ្ញុំមិនទាន់ហ៊ានកំណត់ថានឹងការថ្ងៃណាទេ ព្រោះអាស្រ័យទៅលើពេលវេលាដែលសមស្រប ដោយសារតែទាំងរូបខ្ញុំ និងគូដណ្ដឹង មានបន្ទុកគ្រួសាររៀងៗខ្លួន» ។

ការអះអាងរបស់ នាង ដាវីន ថាលោកមានគូដណ្ដឹង នៅពេលនេះ នាំឲ្យជម្រះមន្ទិលរឿងគេសង្ស័យថា លោកមានទំនាក់ទំនងស្នេហាជាមួយស្រីស្រស់ អាង សុជាតា ហៅឈូឈូ នោះ ព្រោះពេលប្រលងចម្រៀងនៅហង្សមាស លោកដាវីន តែងតែទទួលបានបាច់ផ្កា ពីឈូឈូ លើកទឹកចិត្ត ពីមួយវគ្គទៅមួយវគ្គ រហូតគេសង្ស័យថា អ្នកទាំងពីរគឺជាគូសង្សារ ។ ប៉ុន្ដែដឹងអីពេលនេះអនាគតភរិយារបស់លោកដាវីន គឺជាអ្នកលក់ Online ដ៏ស្រស់ស្អាតម្នាក់ នៅក្រៅរង្វង់សិល្បៈសោះ ។

 នាង ដាវីន ថាតាមពិតគូដណ្ដឹងលោក ក៏ធ្លាប់ទៅលើកទឹកចិត្តលោក ដល់ឆាកដែរ អំឡុងពេលប្រលងចម្រៀង តែគេចាប់អារម្មណ៍តែឈូឈូ ។ លោកថា ឈូឈូ ត្រូវជាបងប្អូនរបស់លោកទេ ហើយទាំងគូដណ្ដឹងលោក និងឈូឈូ ស្គាល់គ្នាច្បាស់ ដឹងរឿងច្បាស់ អ៊ីចឹងមិនមានអ្វីដូចគេច្រឡំឡើយ ។

 នាង ដាវីន អតីតបេក្ខភាព Cambodian Idol រដូវកាលទី៤ ឈានដល់វគ្គផ្ដាច់ព្រ័ត្រ ជាមួយលោកថុល សុភិទិ, លីម តិចម៉េង និងស៊ឹម ច័ន្ទពន្លឺ តែដាវីន មិនអាចយកឈ្នះលោកតិចម៉េង បានឡើយ ។ យ៉ាងណាលោកដាវីន នៅតែមានឱកាសឈរជើងនៅហង្សមាស និងចេញច្រៀង Concerts ធំៗ ជាបន្ដបន្ទាប់ទៀតផង។ ប៉ុន្ដែដាវីន នៅមិនទាន់ប្រឡូកក្នុងវិស័យភាពយន្ដ ដូចតារាផ្សេងៗទៀតរបស់ហង្សមាស នោះទេ ។

នាង ដាវីន បន្ថែមថា លោកគ្មានបំណងឈានជើងចូលថតភាពយន្ដនោះទេ ព្រោះដឹងថាការសម្ដែងរបស់លោក នៅស្ទើរ ហេតុនេះផែនការរបស់លោក នៅតែជាគោលដៅផ្ដោតលើការពង្រឹងអាជីពចម្រៀងដដែល ។ លោកថា នៅថ្ងៃអនាគត ចង់បន្ដអាជីពចម្រៀង ដែលជាមូលដ្ឋានគ្រឹះរបស់ខ្លួន ខណៈដែលគូដណ្ដឹងលោក នៅតែលក់អីវ៉ាន់ Online ពោលគឺដើរទន្ទឹមគ្នាតែម្ដង ។ លោកថា ក្រោយស្រលាញ់គ្នា ៥ឆ្នាំ គូដណ្ដឹងយល់ច្បាស់ពីអាជីពលោក ហើយនាងក៏មិនចេះប្រចណ្ឌទាក់ទងលោកស្និទ្ធជាមួយតារាស្រី ក្នុងពេលថតសម្ដែងដែរ។

 តារាសម្ដែងកញ្ញាអាង សុជាតា ហៅឈូឈូ

នាង ដាវី មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ ចំណែកគូដណ្ដឹង កញ្ញា Meaw មានស្រុកកំណើតនៅក្រុងភ្នំ ពេញ ។ ដាវីន ប្រាប់ថា មូលហេតុដែលោកមិនជ្រើសប្រពន្ធជាតារាដូចគ្នា តែរកប្រពន្ធជាអ្នករកស៊ីក្រៅសិល្បៈ ព្រោះតែជានិស្ស័យ និងវាសនាចារឲ្យលោកនិងនាងបានជួបគ្នា ហើយតាំងពីស្រលាញ់គ្នា ៥ឆ្នាំមក ចុះសម្រុងគ្នាល្អ។ លោកថាមង្គលការ នឹងចេញជារូបរាង នាពេលខាងមុខ គ្រាន់តែមិនអាចកំណត់ច្បាស់លាស់នាពេលនេះបាន ។

 នាង ដាវីន ជាតារាម្នាក់ទៀតដែលមានគូស្នេហ៍ជាអ្នកលក់ Online បន្ទាប់ពីលោកឃុន វុត្ថា, គ្រី ថៃពៅ, ថុល សុភិទិ និងសំ សុវណ្ណារ៉ាក់ ជាដើម ។

ឆ្លើយតបសំណួរថា តើដាវីន ចង់រៀបការប្រពន្ធមុនឬក្រោយលោកភិទិ ? ដាវី ថារឿងនេះក៏មិនអាចនិយាយទុកមុនបានដែរ ព្រោះជូនកាលអាចរៀបការមុន ជូនកាលអាចរៀបការក្រោយលោកភិទិ ក៏ថាបាន ៕

RELATED ARTICLES