Wednesday, July 23, 2025
Homeតារាខ្មែររ៉េត ស៊ូហ្សាណា ស្និទ្ធស្នេហ៍យូហៃ នៅអាមេរិក 

រ៉េត ស៊ូហ្សាណា ស្និទ្ធស្នេហ៍យូហៃ នៅអាមេរិក 

សហរដ្ឋអាមេរិក ៖ ស្រីស្រស់ រ៉េត សូហ្សាណា បានហោះទៅអាមេរិក ១សប្ដាហ៍ មកហើយ និងបានចេញ ច្រៀង ២លើកមកដែរ គឺកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ នៅ Asian Art Museum នៅទីក្រុង San Francisco និងថ្ងៃទី២០ ខែកក្កដា ច្រៀងនៅរដ្ឋ Lakeshore Ave និងOakland។ តាមរយៈការច្រៀងសម្ដែងលើទឹកដីអាមេរិក នេះ ស្រីស្អាតមានត្រេមុខដូចកូនកាត់ជប៉ុន ស៊ូហ្សាណា ត្រូវបានគេមើលឃើញថា នាងនៅតែជាដៃគូសំខាន់របស់លោកយូហៃ ពោលគឺនាងស្និទ្ធបុរសខ្ពស់ស្រឡះរូបនេះជាងតារាលេងម៉ូដសាក់ លោកវណ្ណដា ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ ហ្សាណា បង្ហាញឲ្យអាណិកជនខ្មែរ និងបរទេស ឃើញថា នាងមានសមត្ថភាពទាំងច្រៀងបទជាភាសាខ្មែរ អង់គ្លេស ហើយក៏អាចរ៉េបបានដែរ ទោះជានាងមិនទាន់ចេញបទចង្វាក់រ៉េប នៅផលិតកម្មបារមី ។

រ៉េត ស៊ូហ្សាណា អាយុ២៥ឆ្នាំ មិនទាន់កំណត់ពេលវេលាវិលចូលស្រុកវិញឡើយ ខណៈដែលរូបសម្រស់នាង ទាក់ចិត្តអាណិកជនខ្មែរ នៅអាមេរិក ដោយមានខ្លះចង់ឃាត់ឲ្យនាងបន្ដរស់នៅទីនោះ តាំងពីមុននាងទៅដល់អាមេរិក ។ ប៉ុន្ដែការជ្រើសលោកយូហៃ ជាដៃគូ ប្រៀបបានជាអង្គរក្សបេះដូងនោះ ធ្វើឲ្យប្រុសមិនតិចនាក់ទេ ដែលស្ទាក់ស្ទើរដណ្ដើមបេះដូងស្រីស្អាតធ្មេញច្រពើសរូបនេះ ព្រោះខ្លាច «ស្នេហ៍មិនឈ្នះស្និទ្ធ» បើទោះជាមានការលើកឡើងថា យូហៃ គ្រាន់តែជាដៃគូធម្មតារបស់នាងក្ដី ។

គួរបញ្ជាក់ថា រ៉េត ស៊ហ្សាណា បានដើរចេញពីផលិតកម្មរស្មីហង្សមាស ១ឆ្នាំហើយដែលពេលនេះ នាងត្រូវថៅកែផលិតកម្មលោក ស្រីឡូរ៉ា ម៉ម ផ្ដល់សិទ្ធិពិសេសឲ្យ ដូចជា នាងអាចនិពន្ធទំនុកច្រៀង និង Melody រួមទាំងធ្វើជា Director លើ MV ដោយខ្លួនឯង ដែលនេះគឺជាជំហានថ្មីរបស់ហ្សាណា ព្រោះអំឡុងជ្រកនៅហង្សមាស ជិត១០ឆ្នាំ នាងគ្រាន់តែជាតារាចម្រៀងធម្មតា ធ្វើទៅតាមអ្នកដឹកនាំដាក់ឲ្យប៉ុណ្ណោះ ។ ប៉ុន្ដែគេជឿថា ដោយសា តែបទពិសោធន៍នៅហង្សមាស នោះហើយ ធ្វើឲ្យហ្សាណា មានទុនអភិវឌ្ឍន៍ខ្លួនក្លាយទៅជាតារាអាចសរសេរបទចម្រៀង និងដឹកនាំMV ដោយខ្លួនឯងបានដូចពេលនេះ ។ ចំណែកអ្នកតាមដានសកម្មភាពរបស់ហ្សាណា បានលើកឡើងថា បទចម្រៀងរបស់នាង នៅផលិតកម្មថ្មី មិនសូវលេចធ្លោខ្លាំងដូចកាលនាងច្រៀងនៅហង្ស មាសឡើយ ហេតុនេះគេមិនទាន់អាចសន្និដ្ឋានថា តើការប្ដូរផលិតកម្មពីហង្សមាស ទៅបារមី របស់ហ្សាណា នឹងធ្វើឲ្យនាងលេចធ្លោជាងមុន ឬយ៉ាងណាទេ ព្រោះតាមព័តមានថានាងនៅសល់កុងត្រា ៤ឆ្នាំទៀតជាមួយបារមី ។

រ៉េត ស៊ូហ្សាណា ធ្លាប់ត្រូវបានអ្នកជំនាញសិល្បៈ លោកម៉ិញ សុធីវណ្ណ លើកឡើងថានាងមានចំណុចខ្លាំងលើការច្រៀងបទភាសាអង់គ្លេស  និងរូបសម្រស់ទាក់ទាញ ប៉ុន្ដែការច្រៀងបទជាភាសាខ្មែរ នៅមានកម្រិត ។ ប៉ុន្តែការដែលហ្សាណា ត្រូវថៅកែបើកដៃឲ្យធ្វើបទអ្វីច្រៀងបានតាមចិត្តចង់នេះ មានន័យថា នាងនឹងបុកឬផ្ដោតទៅលើការចេញបទចម្រៀងជាភាសាអងគ្លេស ច្រើនជាងខ្មែរ ជាមិនខាន ដើម្បីឲ្យត្រូវនិងទេពកោសល្យ និងជំនាញរបស់ខ្លួន ។ ប៉ុន្ដែសម្រាប់ក្រុមអ្នកគាំទ្រ នៅតែគិតថា ហ្សាណា នៅមិនទាន់មានបទផ្ទុះ ដូចនៅផលិតកម្មចាស់ទេ នៅឆ្នាំដំបូងនេះ  តែនាងនឹងអាចមានទីផ្សារចម្រៀងប្រែប្រួលជាងនេះជាមិនខាន ប្រសិនបើនាងចាប់ដៃគូជាមួយតារារ៉េប លោកវណ្ណដា បន្ថែមពីលើយូហៃ នាពេលខាងមុខនេះ។

 មានការកត់សម្គាល់ថា រ៉េត ស៊ូហ្សាណា ចេញបទថ្មី នៅផលិតកម្មថ្មី មានដូចជាបទ «Lost», «Better Off», «ជាតិស្រ្ដី», «ម៉ែអើយ» និងបទនាងចាប់ដៃជាមួយលោកយូហៃ «2AM» ជាដើម ។ អតីតបេក្ខភាព The Voice Cambodia រដូវវកាលទី២ រូបនេះ មិនធ្លាប់មានរឿងអាស្រូវកេរ្ដិ៍នោះទេ តាំងពីប្រឡូកសិល្បៈ ជិត១០ឆ្នាំមកនេះ ព្រោះទៅណាមកណា តែងតែមានឪពុកម្ដាយតាមគ្រប់ជំហានទាំងអស់ ។ ប៉ុន្ដែការហោះទៅ អាមេរិក លើកទីមួយនេះ គេមិនឃើញហ្សាណា យកឪពុកម្ដាយ ទៅតាមដូចពេលនាងច្រៀងសម្ដែងក្នុងស្រុកនោះទេ ។ បញ្ហានេះ ធ្វើឲ្យមានការលើកឡើងថា អ្នកចង់ញ៉ែស្រីស្រស់ អាចមានឱកាសជាងមុន។ ប៉ុន្ដែការដែលហ្សាណា ចាប់ផ្ដើមទុកចិត្តទៅលើលោកយូហៃ ដូចនាងទុកចិត្តសុវត្ថិ មុនីនាគ អំឡុងនៅហង្សមាស នោះជាសញ្ញាមួយប្រាប់ថា នាងលែងរងាបេះដូង ព្រោះតែអត់កូនលោកឧកញ៉ាទៀតហើយ ៕

RELATED ARTICLES