ភ្នំពេញ ៖ តន់ ច័ន្ទសីម៉ា ត្រូវបានអ្នកដឹកនាំកម្មវិធី Cambo Rapper ផ្ដល់តំណែងថ្មីឲ្យនាងឡើងអង្គុយកៅអីធ្វើជាគ្រូបង្វឹក (Coach) ដែលនេះជាជំហានថ្មីមួយទៀតរបស់ស្រីស្រស់តូចច្រឡឹងរូបនេះ នៅចុងឆ្នាំ២០២៥ ។ ប៉ុន្ដែសីម៉ា ត្រូវប្រជែងជាមួយគ្រូបង្វឹក ៣រូបផ្សេងទៀត រួមមាន លោកប្រុសឡា, លោកសង្ហា និងលោក Tempo Tris ដើម្បីដឹកនាំកូនក្រុមរបស់ខ្លួន ដណ្តើមពាន។

ក្នុងជំនួបផ្ទាល់កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ច័ន្ទសីម៉ា ប្រាប់ «នគរធំ» ថា នាងមុនដំបូងនាងហាក់ស្ទាក់ស្ទើរចំពោះតំណែងថ្មីនេះដែរ ប៉ុន្ដែនាងថា ឆ្លងកាត់បទពិសោធន៍កន្លងមក ដូចជាធ្លាប់ជាអ្នកស្មូត ហើយវិវត្តន៍ខ្លួនមកជាតារាចម្រៀងសម័យបាននោះ នាងថាការងារនេះគ្មានឧបសគ្គធំសម្រាប់រូបនាងឡើយ ។ ច័ន្ទសីម៉ា ថាមនុស្សយើងត្រូវមានក្ដីស្រមៃ ឈោងចាប់នូវក្ដីស្រមៃដែលខ្លួនមាន ហើយនាងនឹងប្រើប្រាស់បទពិ សោធន៍ផ្ទាល់ខ្លួន នូវកម្មវិធីផ្សេងៗ ដែលរួមការងារជាមួយ Galaxy បានវិវឌ្ឍខ្លួនពីតារាចម្រៀងមនោសញ្ចេតនា រហូតច្រៀងបទញាក់ និងរ៉េប បានជូនទៅកូនក្រុមរបស់ខ្លួន។ សីម៉ា ក៏ទទួលស្គាល់ថា ពីដំបូង នាងហាក់ស្ទើរចិត្តចំពោះតំណែងមួយនេះដែរ ប៉ុន្ដែក្រោយមកនាងគិតថា អាចធ្វើការងារនេះបាន ទោះជាថ្មីសម្រាប់ខ្លួនក៍ដោយ។

តន់ ច័ន្ទសីម៉ា តារាវ័យ២៧ឆ្នាំ របស់ Galaxy បន្ថែមថានាង ចង់ជំរុញនិងលើកទឹកចិត្តដល់បេក្ខភាពនារីទាំង ឡាយ ឲ្យចូលរួមប្រកួត ព្រោះវិស័យ Rapper មិនប្រកាន់ថា ជាបុរសឬនារីទេ ឲ្យតែមានភាពក្លាហាន និងអាចបំពេញក្ដីស្រមៃរបស់ខ្លួនបាន ។

តន់ ច័ន្ទសីម៉ា បានជ្រកនៅ Galaxy ជាង៦ឆ្នាំមកហើយ ដែលពេលនេះរូបនាងនៅតែជាតួឯកប្រចាំផលិតកម្ម មិនទាន់មានតារារូបណាប្រជែងបានទេ ព្រោះតែតារាប្រុសលំដាប់ជូរមុខព្រាប សុវត្ថិ, ខេមរៈ សិរីមន្ដ និងលោកខេម នៅតែជាដៃគូរបស់នាងតែម្នាក់គត់ ព្រោះថៅកែមិនទាន់ទិញតារាស្រីជើងខ្លាំងរូបណាមកប្រជែងនាងឡើយ ។ មុនឡើងជាគ្រូបង្វឹក Cambo Rapper នេះ តន់ ច័ន្ទសីម៉ា ធ្លាប់ច្រៀងបទរ៉េប ល្បីៗនៅ Galaxy មានដូចជាបទ «Lambo Toy», «Are You Ok ?» និងបទ «រំលស់ប្រពន្ធ» ជាដើម ។ អតីតអ្នកស្មូតលេខ១ ប្រ ចាំខេត្តតាកែវ រូបនេះក៍ជាធ្លាប់ជាកូនក្រុមរបស់គ្រូង្វឹក ឱក សុគន្ធកញ្ញា កម្មវិធី The Voice Cambodia រដូវ កាលទី២ ផងដែរ ប៉ុន្ដែបរាជ័យលើកពាន ព្រោះមិនអាចឈ្នះលោកថែល ថៃ បាន ។ ប៉ុន្ដែពេលនេះនាងបែរជាវ៉ាតារាជាច្រើនក្នុងស្រទាប់យុវវ័យ ព្រោះតែអាចច្រៀងបានជាច្រើនទម្រង់ ។

តន់ ច័ន្ទសីម៉ា បន្ថែមទៀតថា សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ នាពេលខាងមុខនេះ រូបនាងក៏មានបទចម្រៀងប្រពៃ ណីខ្មែរ ចេញថ្មីៗផងដែរ ។ ចំណែកបទសម័យថ្មីៗវិញ នាងថាបានថតរួចរាល់ជាច្រើនបទ តែនៅមិនទាន់ចេញ ។ ដោយឡែកសម្រាប់ការច្រៀងនៅក្រៅស្រុកវិញនាងថានឹងមើលទៅតាមប្រភេទកម្មវិធី ឬពេលវេលាដែលស័ក្តិសម។

គួរបញ្ជាក់ថា តន់ ច័ន្ទសីម៉ា ជាតារាស្រីម្នាក់ដែលហ៊ានសារភាពថា បានកែសម្រស់ ៣កន្លែង គឺធ្វើច្រមុះ, ចាក់ចង្កា និងពត់ធ្មេញ ។ កែកុនសម្រស់បានប៉ុណ្ណឹងហើយ សីម៉ា នៅតែថ្ងូរថា អត់សង្សារទៀត រហូតពេលខ្លះនាងថា ពិបាកចិត្ត ម៉ែចង់ឲ្យយកប្ដី ប៉ុន្ដែមិនដឹងកូនកំលោះនៅឯណាទៀតផង ។

ទស្សនិកជនរង់ចាំមើលថា តន់ ច័ន្ទសីម៉ា ភ្លក្សរសជាតិធ្វើជា Coach លើកទី១ នេះ អាចនាំកូនក្រុមខ្លួនលើកពានបានដែរឬទេ ?…៕
