Sunday, July 27, 2025
Homeសង្គម និងជីវិតរដ្ឋបាលខេត្តប៉ៃលិន ត្រៀមសម្របសម្រួលជួយពលករខ្មែរ-ថៃ 

រដ្ឋបាលខេត្តប៉ៃលិន ត្រៀមសម្របសម្រួលជួយពលករខ្មែរ-ថៃ 

ខេត្តប៉ៃលិន ៖ រដ្ឋបាលខេត្តប៉ៃលិន បានចេញសេចក្តីជូនដំណឹងបន្ទាន់មួយ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥  ជម្រាបដល់បងប្អូនពលករខ្មែរ និងប្រជាពលរដ្ឋខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ បើមិនមានការចាំបាច់ សូមប្រញាប់វិលត្រឡប់មកកកំណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ដោយរដ្ឋបាលខេត្ត បានរៀបចំក្រុមការងារ រង់ចាំសម្របសម្រួលជួយបងប្អូនពលករ ទោះបីមានឯកសារ ឬគ្មានឯកសារ  និងត្រៀមរថយន្តក្រុង សម្រាប់ជូនបងប្អូនវិលត្រលប់ទៅស្រុកកំណើត ដល់លំនៅឋាន គ្រប់ខេត្ត-ក្រុង ទូទាំងប្រទេស ដោយឥតគិតថ្លៃ។

សេចក្តីជូនដំណឹងបន្ទាន់ របស់រដ្ឋបាលខេត្តប៉ៃលិន មានខ្លឹមសារថា «រដ្ឋបាលខេត្តប៉ៃលិន សូមជម្រាបដល់បងប្អូនពលករខ្មែរ និងប្រជាពលរដ្ឋខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ ដោយស្ថានភាពមិនល្អបច្ចុប្បន្ន បើមិនមានការចាំបាច់ សូមប្រញាប់វិលត្រឡប់មកស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន  យើងបានរៀបចំក្រុមការងាររង់ចាំជួយសម្របសម្រួលជួយបងប្អូនពលករ «ទោះបីមានឯកសារ ឬគ្មានឯកសារ»  និងត្រៀមរថយន្តក្រុង សម្រាប់ជូនបងប្អូនវិលត្រលប់ទៅស្រុកកំណើត ដល់លំនៅឋាន គ្រប់ខេត្ត-ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយឥតគិតថ្លៃ ។

ចំពោះករណីបងប្អូនពលករខ្មែរ កំពុងស្ថិតនៅក្នុងប្រទេសថៃ ជួបបញ្ហាផ្សេងៗ ឬមិនទាន់បើកប្រាក់ខែ និងគ្មានមធ្យាបាយធ្វើដំណើរមកដល់ព្រំដែនកម្ពុជាយើង តែមានបំណងចង់វិលត្រឡប់ទៅស្រុកកំណើត សូមទំនាក់ ទំនងតាមរយៈលេខទូរស័ព្ទ 0975 79 78 78 / 088 369 6666 នោះក្រុមការងារនឹងរង់ចាំជួយសម្រប សម្រួលជួយដោយឆន្ទ:ខ្មែរតែមួយ» ។

ជាមួយគ្នានេះ នៅថ្ងៃដដែលនោះ លោកស្រី បាន ស្រមុំ អភិបាលខេត្តប៉ៃលិន បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋថៃ ដែលស្នាក់នៅនិងធ្វើការនៅធ្វើការក្នុងប្រទេសកម្ពុជា នៅគ្រប់កន្លែង សូមស្ងប់ស្ងៀមដោយសន្តិភាព កុំភ័យកុំព្រួយបារម្ភ ព្រោះប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំកម្ពុជា មានឧត្តមគតិស្រលាញ់ប្រជាជន គ្មានហេតុផលធ្វើបាបប្រជាជនស៊ីវិល ស្លូតត្រង់នោះ ទេកុំជឿតាមព័ត៌មានភូតកុហក ញុះញង់ ក្នុងន័យកេងចំណេញនយោបាយ ចោទប្រកាន់មកលើប្រទេសកម្ពុជា បងប្អូនជាជនស៊ីវិលមស្លូតត្រង់ នៅតែជាមិត្តល្អ ជាបងប្អូនកម្ពុជាដដែល ។

លោកស្រី បាន ស្រីមុំ បានសរសេរក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់លោកស្រី នៅថ្ងៃទី២៥ ខែកក្កដាឆ្នាំ២០២៥ ថា «នាងខ្ញុំប្រធានគណ:បញ្ជាការឯកភាពខេត្តប៉ៃលិន សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋថៃ សូមបងប្អូនរស់នៅ ធ្វើការនៅគ្រប់កន្លែង ដោយស្ងប់ស្ងៀមដោយសន្តិភាព ក្រុមការងារនៅធានាមើលថែសុវត្ថិភាពជូនប្រជាជនល្អ ស្លូតត្រង់ ដូចប្រជាជនកម្ពុជា កុំភ័យកុំព្រួយបារម្ភ ប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំកម្ពុជា មានឧត្តមគតិស្រលាញ់ប្រជាជន គ្មានហេតុផលធ្វើបាបប្រជាជនស៊ីវិលស្លូតត្រង់នោះទេ កុំជឿតាមព័ត៌មានភូតកុហកញុះញង់ ក្នុងន័យកេងចំណេញនយោបាយ ចោទប្រកាន់មកលើប្រទេសកម្ពុជា នោះ បងប្អូនជាជនស៊ីវិល មនុស្សល្អ ស្លូតត្រង់ នៅជាមិត្តល្អ ជាបងប្អូនកម្ពុជា ដដែល»៕

RELATED ARTICLES