ខេត្តតាកែវ ៖ កូនបំណុល ២នាក់ប្តីប្រពន្ធ ដែលចងការប្រាក់ឯកជន ចំនួនត្រឹមតែ ២លានរៀល តែដោយសាររកប្រាក់បង់ការមិនទាន់ ធ្វើឱ្យឡើងដល់ ៤៩លានរៀល រហូតត្រូវម្ចាស់បំណុលប្តឹងចាប់ដាក់ពន្ធនាគារនោះ ពេលនេះត្រូវបានតុលាការសម្រេចដោះលែងវិញហើយ កាលពីល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។

កូនបំណុល ២នាក់ប្តីប្រពន្ធនោះ ស្ត្រីជាប្រពន្ធ មានឈ្មោះធីដា អាយុ៣៥ឆ្នាំ ចំណែកបុរសជាប្តី មានឈ្មោះឈ្មោះផាន់ សុផាត អាយុ៣៦ឆ្នាំ រស់នៅភូមិត្រពាំងរុន ឃុំឧត្តមសូរិយា ស្រុកត្រាំកក់។ ចំណែកម្ចាស់បំណុល មានឈ្មោះអេង សុខា មានលំនៅក្នុងភូមិជ្រេ ឃុំលាយបូរ ស្រុកត្រាំកក់។
ក្រោយការឃាត់ខ្លួនដាក់គុក រយៈពេលជាង ១០ថ្ងៃ ទីបំផុតកូនបំណុលត្រូវបានដោះលែងឱ្យមានសេរីភាពវិញ នាល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ក្រោយមានការស៊ើបអង្កេតពីក្រសួងយុត្តិធម៌ និងលោកធាម ច័ន្ទពិសិដ្ឋ ប្រធានសាលាដំបូងខេត្តតាកែវ បើកការស៊ើបសួររួចមក។
គួរបញ្ជាក់ថា ស្ត្រីម្នាក់ បានអះអាងថា កូនស្រីរបស់គាត់ បានចងការប្រាក់ឯកជន ចំនួនត្រឹមតែ ២លានរៀលប៉ុណ្ណោះ តែដោយសាររកលុយប្រាក់បង់ការមិនទាន់ ក៏ធ្វើឱ្យបំណុលឡើងដល់ ៤៩លានរៀល រហូតម្ចាស់បំណុលប្តឹងកូនស្រីរបស់គាត់ និងចាប់ដល់កូនប្រសាប្រុសរបស់គាត់ (ប្តីប្រពន្ធ) ដាក់គុក បន្សល់ទុកកូន៣នាក់ឱ្យនៅកំព្រាឯកា ត្រូវធ្លាក់បន្ទុកមកលើរូបគាត់ជាជីដូន ត្រូវរ៉ាប់រងមើលថែ។
តាមប្រភពស្ត្រីជាម្តាយកូនបំណុល បានរៀបប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ ថា ដើមហេតុដំបូង កូនស្រីរបស់គាត់ឈ្មោះធីដា បានទៅចងការប្រាក់ពីឈ្មោះអេង សុខា ចំនួន២លានរៀល ដោយត្រូវបង់ការ ក្នុង១ថ្ងៃ ១៦ម៉ឺនរៀល ហើយកូនស្រីគាត់តែងតែបង់ ដោយមិនឱ្យម្តាយឬគ្រួសារបានដឹងឡើយ ហើយអាជ្ញាធរភូមិ-ឃុំក៏មិនបានដឹងឮដែរគឺចងការឯកជនស្ងាត់ៗតែម្តង។
ស្ត្រីជាម្តាយ បានបន្តថា ស្រាប់តែកន្លងទៅថ្មីៗនេះ សមត្ថកិច្ចស្រុកត្រាំកក់ បានដាក់លិខិតកោះហៅកូនគាត់ទាំងប្តីប្រពន្ធ (ប្រពន្ធឈ្មោះ ធីដា និងប្តីឈ្មោះផាន់ សុផាត) ដែលជាកូនបំណុល ឱ្យចូលទៅបំភ្លឺនៅអធិការស្រុកត្រាំកក់ ក្រោយមានពាក្យបណ្តឹងពីឈ្មោះអេង សុខា ជាម្ចាស់បំណុល។ ក្រោយចូលទៅបំភ្លឺរួចរាល់ហើយ កូនគាត់បានប្រាប់គាត់ជាម្តាយថា ខាងម្ចាស់បំណុល គេឱ្យផ្តិតមេដៃទទួលស្គាល់ថា នៅជំពាក់ប្រាក់ សរុប៤៩លានរៀល ហើយបានបោះពាក្យថា “បើមិនផ្តិតមេដៃទទួលស្គាល់នៅជំពាក់ប្រាក់ ៤៩លានរៀលនេះ គេនឹងប្តឹងចាប់ដាក់គុកហើយ”។ ហេតុតែកូនរបស់គាត់ខ្លាចគេប្តឹងចាប់ដាក់គុក ក៏ព្រមផ្តិតមេដៃ ទទួលស្គាល់ថា នៅជំពាក់ប្រាក់ ៤៩លានរៀលនេះតែម្តង ហើយកូនគាត់បានប្រាប់ថា ក៏បានសងគេអស់ចំនួន១លានរៀលទៅហើយ។
ស្ត្រីជាម្តាយ បានឱ្យដឹងទៀតថា លុះ១០ថ្ងៃក្រោយមក កូនគាត់ ក៏បានទទួលលិខិតកោះហៅ ពីស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ឱ្យចូលទៅបំភ្លឺ ដោយមានលិខិតកោះហៅ២នាក់ប្តីប្រពន្ធ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីសាកសួរ តាមពាក្យបណ្តឹង។ ក្រោយពេលខាងសមត្ថកិច្ចបានសាកសួរ កូនគាត់ទាំង២នាក់ប្តីប្រពន្ធរួចហើយ កូនគាត់ត្រូវសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតា កែវ ហើយក្រោយសាលាដំបូងបានសាកសួរនាំចប់ ខាងសាលាដំបូងបានសម្រេចឃុំខ្លួនកូនគាត់ទាំង២នាក់ បណ្តោះអាសន្ន រង់ចាំការសើបអង្កេតនៅពេលក្រោយ ដោយគិតមកដល់ពេលនេះ កូនៗគាត់ ត្រូវឃុំខ្លួនរយៈ ពេល១០ថ្ងៃហើយ។

ស្ត្រីជាម្តាយរូបនេះ បានសំណូមពរទៅដល់លោកវ៉ី សំណាង អភិបាលខេត្តតាកែវ លោកធាម ចន្ទពិសិដ្ឋ ប្រ ធានសាលាបូងខេត្តតាកែវ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាពិសេសសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សូមជួយរកយុត្តិធម៌ជូនកូនគាត់ផង ព្រោះគ្រាន់តែរឿងជំពាក់លុយ ហើយប្រពន្ធអ្នកខ្ចី បែរជាចាប់ដល់ប្តីដាក់គុកបន្ថែមទៀត បន្សល់ទុកកូន៣នាក់ ឱ្យនៅកំព្រាឯកា ត្រូវធ្លាក់បន្ទុកមកលើរូបគាត់ជាអ្នកមើលថែរ៉ាប់រង។
ពាក់ព័ន្ធទៅនឹងករណីខាងលើនេះ “នគរធំ” នៅមិនទាន់អាចទាក់ទងសុំការបំភ្លឺពីភាគីម្ចាស់បំណុលឈ្មោះអេង សុខា បាននៅឡើយទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំង អស់៕