Friday, August 1, 2025
Homeតារាខ្មែរថុល សុភិទិ សរសើរប្រពន្ធល្អស្អាតគ្រប់កន្លែង

ថុល សុភិទិ សរសើរប្រពន្ធល្អស្អាតគ្រប់កន្លែង

ភ្នំពេញ ៖ តារាចម្រៀង ថុល សុភិទិ បានចេញមុខសរសើរប្រពន្ធរបស់ខ្លួន អ្នកនាងឡុង ម៉ានីន នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ថាពិតជាស្រីល្អស្អាតតាំងពីចុងសក់ ដល់ចុងជើង ពិសេសគឺបេះដូងល្អបរិសុទ្ធតែម្ដង ។ ការលើកប្រពន្ធមួយក្រឺតទៀត របស់តារាលេងម៉ូដសាក់រូបនេះ បន្ទាប់ពី ម៉ានីន បានបានប្រកាសនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បរិច្ចាគទឹកប្រាក់ចំនួន៤ម៉ឺនដុល្លារ ដល់កងទ័ព និងពលរដ្ឋភៀសខ្លួនដែលខ្វះស្បៀង នៅតាមតំបន់ព្រំដែន ទើបធ្វើឲ្យនាងមិនអាចសម្ងំនៅស្ងៀមបានឡើយ ។ សកម្មភាពរបស់ ម៉ានីន បែបនេះ មិនត្រឹមតែធ្វើឲ្យ Fan របស់នាង ពេញចិត្ត សរសើរមិនដាច់ពីមាត់ទេ ប៉ុន្ដែលោកភិទិ ពេញចិត្តស្ដូកតែម្ដង ។

សូមបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេដែលអតីតតារាចម្រៀងហង្សមាស លោកថុល សុភិទិ ចេញមុខសរសើរគូស្នេហ៍របស់លោក ប៉ុន្ដែកន្លងមក ពេលអ្នកលក់ Online រូបនេះទិញរថយន្ដ Lamborghini និង Rolls Royce ឲ្យលោកជិះនោះ កូនមន្រ្ដីធំផ្កាយ២ រូបនេះ ក៏តែងតែចេញសារសរសើរប្រពន្ធ ថាជានារីពូកែជានិច្ច ទើបអ្នករួមអាជីពថា បើមិនឲ្យភិទិ សរសើរប្រពន្ធ តើឲ្យអួតពីស្រីណាទៅ? កាន់តែធ្វើឲ្យអ្នកលក់ឡេរូបស្រស់ ញញឹមបិទមាត់មិនជិតនោះនៅថ្ងៃខួបកំណើតម៉ានីន គម្រប់អាយុ២៧ឆ្នាំ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ លោកភិទិ បានលុតជង្គង់បំពាក់ចិញ្ចៀន សុំនាងរៀបការទៀតផង ។ ប៉ុន្ដែមិនដឹងថា ថ្ងៃណាទើបពួកគេព្រមដឹកដៃគ្នាចូលរោងការឲ្យប្រាកដឡើយ ។

 ថុល សុភិទិ អតីតបេក្ខភាព Cambodian Idol រដូវកាលទី៤ ដែលបានឈានដល់វគ្គផ្តាច់ព្រ័ត្រ ពេលនេះមិនសូវលេចធ្លោដូចមុនទេ ក្រោយប្ដូរផលិតកម្ម ពីហង្សមាស មក Gen Musix ប៉ុន្ដែលោកបែរជាកាន់តែមានក្ដីសុខខ្លាំង ព្រោះតែជ្រើសបានគូស្នេហ៍ ជាអ្នកមេម៉ាយទ្រព្យស្ដុក ហើយស្អាតទៀតផង។ ប្រភពបានឲ្យដឹងថា ម៉ានីន កាន់តែពេញចិត្តភិទិ ខ្លាំងឡើងៗ បន្ទាប់ពីឃើញតារាចម្រៀងរូបនេះ ស្រលាញ់កូនស្រីប្ដីមុនរបស់នាង ដូចកូនលោកបង្កើតដែរ ហេតុនេះហើយនាងកំពុងតែសម្លឹងរកទិញរថយន្ដថ្មីៗបន្ថែមទៀត ឲ្យភិទិ ជិះលេងកម្សាន្ដ ឲ្យតែលោកចង់បាន ខណៈដែលពេលនេះ ពួកគេមានរថយន្ដទំនើបៗ មិនក្រោម ៤គ្រឿងឡើយ ។

មានការកត់សម្គាល់ថា ថុល សុភិទិ តែងតែនាំភរិយាខ្លួន ទៅតាមបណ្ដាកម្មវិធីនានា រយៈពេលចុងក្រោយនេះ ដោយខ្លះសរសើរលោកថា ភ្នែកមុត ពូកែរកប្រពន្ធ ទាំងស្អាតហើយពូកែរកស៊ីថែមទៀត។ ប៉ុន្ដែក៏មានអ្នកខ្លះ បែរជាឌឺដងថា លោកយកប្រពន្ធមេម៉ាយ ព្រោះតែសម្លឹងឃើញទ្រព្យទៅវិញ បើទោះជាពួកគេស្រលាញ់គ្នាទៅវិញទៅមក ដោយបេះដូងក៏ដោយ ។

ក្រៅពីថុល សុភិទិ តារាដែលយកប្រពន្ធ ជាអ្នកលក់ Online មានដូចជា Vj រតនា, គឹម សីហា, ឃុន វត្ថា, គ្រី ថៃពៅ, នាង ដាវីន, នី រតនា, រស់ រាជ្ជសាល និងសំ សុវណ្ណារ៉ាក់ ជាដើម ។ អ្នកជំនាញសិល្បៈ បានលើកឡើងថា អាជីពសិល្បៈ មិនឋិតថេរទេ ហេតុនេះហើយតារាប្រុសល្បីៗ ជ្រើសផ្លូវយកប្រពន្ធជាអ្នកលក់ Online ដោយសាតែពួកគេអាចជួយការងារនេះដល់ប្រពន្ធបាន ពិសេសពេល Live បាន Views ច្រើន ទាក់ទាញអតិថិជន ព្រោះល្បីស្រាប់ ៕

RELATED ARTICLES