Sunday, August 3, 2025
Homeព័ត៌មានជាតិសង្រ្គាមព័ត៌មាន មន្រ្តីកម្ពុជា ថាថៃ នៅបន្ត ក្រោយសង្រ្គាមគ្រាប់កាំភ្លើងស្ងប់

សង្រ្គាមព័ត៌មាន មន្រ្តីកម្ពុជា ថាថៃ នៅបន្ត ក្រោយសង្រ្គាមគ្រាប់កាំភ្លើងស្ងប់

ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់កម្ពុជា និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានលើកឡើងថា ក្រោយមានបទឈប់បាញ់រវាងប្រទេសទាំងពីរ កម្ពុជា-ថៃ ពេលនេះសង្រ្គាមគ្រាប់កាំភ្លើង ដែលបង្កដោយភាគីថៃ នោះ បានស្ងប់ស្ងាត់ហើយ ដោយមិនមានឮស្នូរគ្រាប់កំភ្លើងនៅតាមព្រំដែនទៀតទេ ប៉ុន្តែអ្វីដែលនៅបន្ត គឺសង្រ្គាមព័ត៌មាន ក្រោមយុទ្ធវិធី «មិនពិតដូចពិត ពិតដូចមិនពិត» ដែលបង្កដោយភាគីថៃ ។

  លោកហ៊ុយ វណ្ណៈ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ថា “សង្គ្រាមគ្រាប់កាំភ្លើង ស្ងប់ស្ងាត់ ប៉ុន្តែសង្គ្រាមព័ត៌មាននៅបន្ត ក្រោមយុទ្ធវិធី «មិនពិតដូចពិត ពិតដូចមិនពិត»។ ផ្នែកខ្លះ គេធ្វើ Media Correction ហើយផ្នែកខ្លះគេធ្វើ Media Manipulation។ ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងកាលៈទេសៈនេះ មុននឹងធ្វើអ្វីដោយ ជាពិសេសអ្វីដែលអាចដុតរោលឱ្យកើតទំនាស់ យើងគប្បីអត់ធ្មត់ និងពិចារណា ១០០ដង។ ការចូលរួមតម្កល់គោលដៅ «តម្លៃបទឈប់បាញ់» ឱ្យបាន គឺសំខាន់ណាស់ ហើយជាបំណងប្រាថ្នារបស់ជាតិនិងប្រជាជនយើង“ ។

  លោកហ៊ុយ វណ្ណៈ បានសរសេរបន្តថា “ការចែករំលែកពីខ្ញុំ! សារខ្លីៗ [ផុសក្នុងផ្ទាំងក្រហម] វាគ្រាន់តែជាដំណឹងប៉ុណ្ណោះ។ វាមិនអាចចាត់ទុកជាព័ត៌មានពេញលក្ខណៈស្របតាមទម្រង់នោះទេ។ ពេលនេះ ក៏មិនមែនជាម៉ោងពេលដែលត្រូវបង្រៀនពីវិជ្ជាជីវៈព័ត៌មានអាជីព និងការគ្រប់គ្រងព័ត៌មាននោះទេ។ ខ្ញុំសូមជួយសង្ខេបជូន ៖

  ១- ព័ត៌មានវិជ្ជាជីវៈ ត្រូវតែមានអង្គ៦ នោះគឺ 5W+1H ។ សព្វថ្ងៃនេះសម្បូរណាស់ សំណេរខ្លីៗ មួយម៉ាត់ៗ តាមរបៀបបញ្ចេញខោលីអូ ឱ្យគេចាប់អារម្មណ៍ ឱ្យគេស៊ីអារម្មណ៍។ (សុំចងចាំថា ការផុសច្រើនពេក អាចទៅជាការបំពុល ពីព្រោះវាជាដំណឹងអត្តនោម័ត ហើយភាគច្រើនលើសលប់ មិនបានយោងប្រភពអស់សេចក្តី)។ ទោះបីជាយ៉ាងណា សូមបន្តធ្វើតាមឧបនិស្ស័យ និងការអំណោយផលរបស់បច្ចេកវិទ្យាអនឡាញ ហើយយើងក៏មិនទាត់ចោលអ្វីដែលមានប្រយោជន៍នោះទេ។ ខ្ញុំសូមខ្សឹបបន្តិច ៖ ម៉ោងនេះ បើមួម៉ៅការងារ សុំជេរសៀមចុះ តែកុំដៀមដាមជេរបងៗកាសែតអាជីព។ មានន័យថា ដើរទៅមុខ តែកុំឆ្លៀតផាយមកក្រោយ។

  ២- ខ្ញុំយល់ពីទឹកចិត្តនិងការឈឺឆ្អាលរបស់បងប្អូន ហើយសូមបងប្អូនបន្តចូលរួម។ ប៉ុន្តែ សូមធ្វើចំណាត់ថ្នាក់ព័ត៌មាន។ សាធារណមតិ ការបំផុសមនុស្សធម៌ នៅជំរំជនភៀសសឹក… សូមបងប្អូនបន្តធ្វើ ដើម្បីបំផុសការជួយគ្នាក្នុងគ្រាលំបាក។ ប៉ុន្តែព័ត៌មានសន្តិសុខជួរមុខ និងសន្តិសុខនយោបាយ សូមមានការអត់ធ្មត់ និងថ្លឹងថ្លែង។

  ៣- ក្នុងកាលៈទេសៈនេះ អ្វីដែលកម្ពុជាយើងចង់បាន គឺសន្តិភាព។ ដូច្នេះសូមចូលរួមថ្នាក់ថ្នមសភាពការណ៍ និងបរិយាកាសនៃបទឈប់បាញ់។ អាយុជីវិតបងៗកងទ័ព ជាអាទិភាព។ សេចក្តីសុខ សុវត្ថិភាពរបស់ប្រជាជន ជាអាទិភាព។ សន្តិភាពរបស់ជាតិ ក៏យើងត្រូវតែរួមគ្នាការពារ“ ។

  បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកហ៊ុយ វណ្ណៈ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ថា សង្រ្គាមព័ត៌មាននេះ មុនពេលប្រយុទ្ធ ក៏ធ្វើ ក្នុងពេលប្រយុទ្ធ ក៏ធ្វើ ក្រោយពេលប្រយុទ្ធ ក៏ធ្វើ គឺវាផ្ទុះរហូត មិនដូចសង្រ្គាមគ្រាប់កាំភ្លើង កាលណាវាផ្ទុះហើយ វាចប់ហើយ ។ ម្យ៉ាងទៀត សង្រ្គាមព័ត៌មាន អាក្រក់ណាស់ វាសម្លាប់នៅក្នុងបេះដូងមនុស្ស ឲ្យមានការចងគំនុំ ស្អប់សួពូជយូរអង្វែង ដែលខាងអ្នកកាសែតទាំងអស់ ជាពិសេសកាសែតថៃ ត្រូវប្រកាន់គោលការណ៍យកមូលដ្ឋានវិជ្ជាជីវៈ ព្រោះយើងត្រូវគិតថា យើងពាក់អាវមួយ សម្រាប់តំណាងឲ្យការពិត ហើយតួនាទីកាសែតនេះ វាមានតម្លៃសកល យើងធ្វើការឲ្យមនុស្សជាតិទៅ គឺកិច្ចការនយោបាយ សង្រ្គាមមួយចំនួន វាមានភារកិច្ចផ្សេងគ្នា ប៉ុន្តែជាស្ថាប័នកាសែត ដែលជាអំណាចទី៤ នេះ គឺប្រើគោលការណ៍ការពិត និងវិជ្ជាជីវៈឲ្យបានច្រើន តែលោកក៏លើកទឹកចិត្តអ្នក ជំនាញព័ត៌មាន (IT) កម្ពុជា ផងដែរ ក្នុងការកម្ទេចឫសគល់ព័ត៌មានក្លែងក្លាយ ពីភាគីថៃ។

លោកហ៊ុយ វណ្ណៈ បានមានប្រសាសន៍ថា “បាទ! ស្ថានភាពក្រោយពីសមរភូមិមុខស្ងប់ស្ងាត់ តាមរយៈការព្រមព្រៀងបទឈប់បាញ់ ប៉ុន្តែយើងឃើញខាងថៃ បង្កើនសង្រ្គាមព័ត៌មាន គេហៅការបំប្លែង ការបង្ហោះនូវព័ត៌មានមិនពិត ការប្រឌិត មួលបង្កាច់ អាហ្នឹងគឺមានច្រើន ហើយអានេះហើយពេលដែលយើងឃើញព័ត៌មានហ្នឹង វាធម្មតាទេ វាបង្កើតឲ្យមានសាធារណមតិមួយ គឺចម្ងល់ មន្ទិល ។ អ៊ីចឹងដើម្បីដោះស្រាយអាហ្នឹង គឺជាការពិតហើយ កម្ពុជាយើង ដឹងហើយ ច្បាស់អីជាអីហើយ ថាការពិតនៅកន្លែងណាហើយ ។ ដូច្នេះវិធីដែលយើងបន្តតាមដានហ្នឹង គឺដូចការអំពាវនាវពីរដ្ឋាភិបាលអ៊ីចឹង គឺមើលផេកផ្លូវការរបស់យើង ហើយស្របពេលជាមួយគ្នា ក៏យើងអាចចូលទៅខម្មិនក្នុងផេកហ្នឹងតែម្ដង បើសិនជាយើងស្នេហាជាតិ អាចចូលខម្មិនផេកហ្នឹង បើសិនណានិយាយកុហកអ៊ីចឹងក៏បានដែរ អត់អីទេ ។ ក្នុងចំណុចនេះ អានេះជាយុទ្ធសាស្រ្ត “ព័ត៌មានពិត ដូចមិនពិត” ហ្នឹង គឺជាយុទ្ធសាស្រ្តព័ត៌មានបំពុលហើយ កាលណានិយាយច្រើនដងទៅ និយាយ១០០០ដងទៅ ពាក្យហ្នឹងក្លាយជាការពិតហើយ កុហកច្រើន ។ នេះជាយុទ្ធសាស្រ្តនៃពួកឈ្លានពាន ហើយមានបញ្ហាហ្នឹង យើងត្រូវទទួលស្គាល់ ជាសាធារណមតិ មានបរទេសគាំទ្រកម្ពុជា ក៏មានបរទេសខ្លះគាត់ជឿតាមការប្រឌិតរបស់ថៃ ដែរ“ ។

  លោកហ៊ុយ វណ្ណៈ បានមានប្រសាសន៍បន្តថា “សង្រ្គាមព័ត៌មាន វាមានឥទ្ធិពលពីរយ៉ាង ។ ទី១ សង្រ្គាមព័ត៌មាន គេធ្វើមុនពេលប្រយុទ្ធ ក៏ធ្វើ ក្នុងពេលប្រយុទ្ធ ក៏ធ្វើ ក្រោយពេលប្រយុទ្ធ ក៏ធ្វើដែរ ព័ត៌មានហ្នឹងគឺវាផ្ទុះរហូត ។ សង្រ្គាម កាលណាវាផ្ទុះៗហើយ វាចប់ៗហើយ តែអាសង្រ្គាមព័ត៌មាននេះ គឺវាផ្ទុះរហូត ។ វាផ្ទុះហ្នឹង គឺវាបង្កើតអរិភាពហ្នឹងហើយ វានាំឲ្យមានការផ្ទុះសង្រ្គាមហ្នឹងឯង ហើយកាលណាសង្រ្គាមពាក្យសម្ដីហ្នឹងវាតទៅ វានាំឲ្យទំនាស់កម្ពុជា ទំនាស់ថៃ ហ្នឹង វាសួពូជយូរអង្វែង ។ អ៊ីចឹងបានន័យថា អាសង្រ្គាមពាក្យសម្ដី អាសង្រ្គាមព័ត៌មានហ្នឹង វាអាក្រក់ណាស់ វាសម្លាប់នៅក្នុងបេះដូងមនុស្ស ឲ្យមានការចងគំនុំ ហើយស្អប់ហ្នឹងសួពូជយូ រអង្វែងណាស់ តែក៏ខ្ញុំអំពាវនាវដែរថា ខាងអ្នកកាសែតទាំងអស់ ជាពិសេសកាសែតថៃ ហ្នឹង គឺប្រកាន់គោល ការណ៍យកមូលដ្ឋានវិជ្ជាជីវៈ ព្រោះយើងត្រូវគិតថា យើងពាក់អាវមួយសម្រាប់តំណាងឲ្យការពិត ហើយតួនាទីកាសែតនេះ វាមានតម្លៃសកលណាស់ ហើយយើងធ្វើការឲ្យមនុស្សជាតិទៅ គឺកិច្ចការនយោបាយ សង្រ្គាមមួយចំនួន វាមានភារកិច្ចផ្សេងគ្នា ប៉ុន្តែជាស្ថាប័នកាសែត ដែលជាអំណាចទី៤ នេះ គឺប្រើគោលការណ៍ការពិត និងវិជ្ជាជីវៈឲ្យបានច្រើន“ ។

  លោកហ៊ុយ វណ្ណៈ បានមានប្រសាសន៍បន្តថា “ទប់ស្កាត់សង្រ្គាមនេះ គឺទាមទារឲ្យមានបុរេសកម្មរហូត យើងអត់អាចអត់ធ្មត់ជាមួយនឹងព័ត៌មានចចាមអារ៉ាមទេ ។ ខ្ញុំទទួលស្គាល់ កម្រិតព័ត៌មាន វាមាន ៥ទៅ៦កម្រិត នៅ ពេលសមរភូមិបែបនេះ ។ កម្រិតព័ត៌មានជួរមុខ កម្រិតព័ត៌មាននយោបាយ អាហ្នឹងអ្នកកាសែត កុំទៅលឿន ហើយកុំលូកជ្រៅ ខ្ញុំសំណូមពរអ៊ីចឹង ព្រោះអានេះជាសន្តិសុខជាតិតែម្ដង ម៉ោងនេះនោះ មិនមែនម៉ោងរឿងយើងប្រកាន់យកថាយើងជាស្ថាប័នឯករាជ្យ យើងត្រូវធ្វើទេ អានេះជាផលប្រយោជន៍ជាតិយើងតែម្ដង ផលប្រយោជន៍ជាអាយុជីវិតប្រជាជន ហើយកងទ័ពតែម្ដង ដែលការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយពីភាគីថៃ គឺខ្ញុំអំពាវនាវឲ្យគ្រប់គ្នាត្រូវតែចេញតស៊ូ ត្រូវតែហ៊ានប្រយុទ្ធតែម្ដង ត្រូវតែហ៊ានប្រយុទ្ធគ្រប់រូបភាព បើ MMO វ៉ៃកម្ទេចផេកហ្នឹងបាន វ៉ៃទៅ អាហ្នឹងគឺខ្ញុំលើកទឹកចិត្តឲ្យ MMO វ៉ៃកម្ទេចវេបសាយហ្នឹងបាន វ៉ៃចុះ ខ្ញុំលើកទឹកចិត្ត ហើយបើបងប្អូនណាចូលខម្មិនអាហ្នឹង ហើយគេយល់បាន អាហ្នឹងក៏ល្អ ហើយបើយើងមានវិធីណាក្រៅពីការប្រឈមទៅវិញ អាហ្នឹងអត់បញ្ហាទេ ជាកាតព្វកិច្ចពលរដ្ឋហើយ“ ។

  លោកហ៊ុយ វណ្ណៈ បានមានប្រសាសន៍បន្ថែមថា “សង្រ្គាមព័ត៌មាន ទី១ គឺយើងបំភ្លឺ បើបំភ្លឺ មិនស្ដាប់ទេ គឺវិធីកម្ទេចផេកចោលហ្នឹង គឺអាចធ្វើបាន ។ ជារួម ខ្ញុំគ្រាន់តែបញ្ជាក់ថា ទោះបីសង្រ្គាមចប់ក៏ដោយ តែអាសង្រ្គាមព័ត៌មាននេះ វាកាន់តែក្ដៅឡើង ដើម្បីយកប្រៀបសាធារណមតិ ដើម្បីកំណត់ថាអ្នកណាខុស អ្នកត្រូវ អ្នកណាឈ្លានពានអ្នកណា ។ នៅពេលដែលយើងរងគ្រោះ គេបាញ់ទាំងប្រាសាទ ទាំងវត្ត ទាំងប្រជាជន គេឈ្លានពានយើង អាហ្នឹងដែលគេប្រើសមរភូមិព័ត៌មាន ដើម្បីការពារការចូលឈ្លានពានរបស់គេ ហើយយើងមិនអាចនៅស្ងៀមទេ នៅលើអំពើឈ្លានពាន ក្នុងក្របខ័ណ្ឌព័ត៌មាន ដែលជាព័ត៌មានក្លែងក្លាយ ខ្ញុំអត់និយាយពីព័ត៌មានសន្តិសុខសមរភូមិមុខ និងសន្តិសុខនយោបាយទេ តែចំពោះព័ត៌មានក្លែងក្លាយ គឺត្រូវតែតស៊ូ ក្នុងនាមជាខ្មែរ ជាភាសាខ្មែរ ក៏ដោយ ជាភាសាអង់គ្លេស ក៏ដោយ ជាភាសាថៃ ក៏ដោយ យើងធ្វើបាន ធ្វើទៅ ក្នុងកម្រិតទី១ គឺជាការបំភ្លឺ កម្រិតបច្ចេកទេស អ្នកដែលចេះ IT ហ្នឹង គឺចូលកម្ទេចតែម្ដង អាហ្នឹងខ្ញុំលើកទឹកចិត្តឲ្យទៅកម្ទេចតែម្ដង ដើម្បីបិទគាត់ចោល កម្ទេចឫសគល់ហ្នឹងតែម្ដង“ ។

  គួរបញ្ជាក់ថា ការលើកឡើងរបស់មន្រ្តីកម្ពុជា បានធ្វើឡើងស្របពេលមជ្ឈដ្ឋាននិងអន្តរជាតិមើលឃើញថា ប្រព័ន្ធផ្សព្វផ្សាយរបស់ថៃ បានបន្តផ្សព្វផ្សាយព័ត៌មានបំផ្លើស បំភ្លៃ ខុសពីការពិតជាច្រើន ពាក់ព័ន្ធនឹងសង្រ្គាមរវាងថៃ និងកម្ពុជា ដោយភាគច្រើនទម្លាក់កំហុស មួលបង្កាច់មកលើកម្ពុជា ដូចជាចោទថា កម្ពុជា រំលោភបទឈប់បាញ់ ឈ្លានពានទឹកដីថៃ ជាដើម ។

ជុំវិញបញ្ហានេះ ក្លិបអ្នកកាសែតកម្ពុជា ដែលមានលោកពុយ គា ជាប្រធាន បានចេញសេចក្តីថ្លែងការណ៍មួយ អំពាវនាវដល់សារព័ត៌មានថៃ មួយចំនួននោះ ប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ ត្រួតពិនិត្យប្រភពព័ត៌មាន និងផ្ទៀងផ្ទាត់ដោយការប្រុងប្រយ័ត្ន និងចូលរួមកាត់បន្ថយភាពបាននឹងនៃជម្លោះ តាមរយៈអត្ថបទព័ត៌មានដែលមិនញុះញង់បែបជាតិនិយម ឬប្រកាន់ពូជសាសន៍ជាដើម ប៉ុន្តែអាចជួយជំរុញ និងលើកទឹកចិត្តដល់ការសន្ទនា ឬការព្រមព្រៀងជាវិជ្ជមានរវាងប្រទេសទាំងពីរ ។

  សេចក្ដីថ្លែងការណ៍ របស់ក្លិបអ្នកកាសែតកម្ពុជា ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ មានខ្លឹមសារថា “ក្លិបអ្នក កាសែតកម្ពុជា (ក.អ.ក) នៅតែកត់សម្គាល់ឃើញថា ការផ្សព្វផ្សាយព័ត៌មានមួយចំនួន នៅតែផ្សាយខុសពីការពិត ទាក់ទងទៅនឹងស្ថានការណ៍នៃជម្លោះតាមបណ្តោយព្រំដែនរវាងកម្ពុជា និងថៃ ពិសេសទាក់ទងនឹងបទឈប់បាញ់ ដែលភាគីទាំងពីរបានព្រមព្រៀងគ្នាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

  ក.អ.ក បានតាមដានដោយយកចិត្តទុកដាក់ ហើយកត់សម្គាល់ឃើញថា ការផ្សាយដោយសារព័ត៌មានមួយ ចំនួននៅប្រទេសថៃ ដូចជា Khaosod និង The Nation Thailand បាននិងកំពុងផ្សព្វផ្សាយព័ត៌មានខុសពីការពិត ហើយការផ្សាយបែបនោះមិនគ្រាន់តែបង្ហាញឱ្យឃើញពីការខ្វះវិជ្ជាជីវៈ ដែលនាំឱ្យទៅដល់ការបាត់ ជំនឿលើសារព័ត៌មាននៅក្នុងកាលៈទេសៈដ៏សំខាន់នេះទេ ប៉ុន្តែវានាំឱ្យមានការភាន់ច្រឡំ និងប៉ះពាល់ដល់ស្ថានភាពពិតនៅតាមតំបន់ព្រំដែន និងកិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរ ក្នុងការស្វែងរកដំណោះស្រាយសន្តិភាព ដោយមានការគាំទ្រពីអន្តរជាតិ ។

  ក.អ.ក សូមអំពាវនាវដោយទទូចដល់សារព័ត៌មានថៃ មួយចំនួននោះ សូមប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ ត្រួតពិនិត្យប្រភពព័ត៌មាន និងផ្ទៀងផ្ទាត់ដោយការប្រុងប្រយ័ត្ន និងចូលរួមកាត់បន្ថយភាពតានតឹងនៃជម្លោះ តាមរយៈអត្ថបទព័ត៌មានដែលមិនញុះញង់បែបជាតិនិយម ឬប្រកាន់ពូជសាសន៍ ជាដើម ប៉ុន្តែអាចជួយជំរុញនិងលើកទឹកចិត្តដល់ការសន្ទនា ឬការព្រមព្រៀងជាវិជ្ជមាន រវាងប្រទេសទាំងពីរ។

  ក្លិបអ្នកកាសែតកម្ពុជា បន្តចូលរួមជាមួយអ្នកសារព័ត៌មានទាំងពីរប្រទេសដែលកំពុងធ្វើការផ្សព្វផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ និងបន្តការប្ដេជ្ញាចិត្តក្នុងការការពារសេរីភាពសារព័ត៌មាន និងប្រឆាំងព័ត៌មានមិនពិត (ព័ត៌មានក្លែងក្លាយ)“ ៕ កុលបុត្រ

RELATED ARTICLES