Wednesday, August 6, 2025
Homeតារាខ្មែរព្រាប សុវត្ថិ បុកល្ហុង ស្លាប់ដោយជំងឺក្រិនថ្លើម

ព្រាប សុវត្ថិ បុកល្ហុង ស្លាប់ដោយជំងឺក្រិនថ្លើម

ភ្នំពេញ ៖ អតីតតារាចម្រៀងផលិតកម្ម U2 លោកស៊ីថា ហៅព្រាប សុវត្ថិ បុកល្ហុង ឬព្រាប សុវត្ថិទី២  បានទទួលមរណភាពក្នុងអាយុ ៤៥ឆ្នាំ កាលពីព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ នៅមន្ទីពេទ្យកាល់ម៉ែត ហើយសពត្រូវបូជានៅល្ងាចថ្ងៃដដែល នៅវត្តសំបួរមាស ដោយមានអ្នករួមអាជីពតិចតួចប៉ុណ្ណោះ ទៅចូលរួមផ្ទាល់។ 

លោកស្រ៊ុន ស៊ីថា អ្នកចម្រៀងដែលធ្លាប់ស្និទ្ធស្នាលជាមួយលោកព្រាប សុវត្ថិ បុកល្ហុង ព្រោះរួមអាជីពជាមួយគ្នា ជាង១០ឆ្នាំ បានឲ្យដឹងថា លោកបានច្រៀងជាមួយលោកបុកល្ហុង ចុងក្រោយ នៅហាង «ដៃអូន» ដែលពេលនោះ លោកឃើញសុខភាពរបស់លោក មានការប្រែប្រួល ហើមដៃ ហើមជើង ដោយសារកើតជំងឺក្រិនថ្លើម ។ លោកថា មូលហេតុដែលព្រាប សុវត្ថិ បុកល្ហុង កើតជំងឺក្រិនថ្លើម នេះ ដោយសារតែលោកមានវិបត្តិផ្លូវចិត្ត បែកបាក់ប្រពន្ធ ទើបលោកផឹកស្រា រាល់ថ្ងៃ ។ លោកស៊ីថា ថាអំឡុងពេលរួមការងារនោះលោកបានហាមឃាត់មិនឲ្យលោកបុកល្ហុង ផឹកឬធ្វើការទៀតទេ ងាកទៅព្យាបាលជំងឺសិនទៅ ប៉ុន្ដែលោកនៅតែមកធ្វើការរហូតធ្លាក់ខ្លួនឈឺធ្ងន់ចុងក្រោយគ្រោះថ្នាក់ដល់អាយុជីវិតបែបនេះ។

លោកស្រ៊ុន ស៊ីថា បង្ហើបដែរថា លោកព្រាប សុវត្ថិ បុកល្ហុង ជាមនុស្សស្លូតបូត មិនសូវមាត់កទេ ហើយក៏មិនដែលមានទំនាស់ជាមួយអ្នកណាដែរ ខណៈលោកធ្លាប់ច្រៀងជាមួយលោកបុកល្ហុង តាំងពីនៅហាង «ពិភពរាត្រី» ដល់ហាង «ដៃអូន» ។

លោកស៊ីថា ហៅព្រាប សុវត្ថិ បុកល្ហុង ធ្លាប់ល្បីនៅផលិតកម្ម U2 បទ «ខ្ញុំស្រលាញ់គេឬ?» និងបទ «ត្រដាងដួងចិត្ត» ជាដើម ។ មុនទទួលមរណភាព លោកធ្លាប់ច្រៀងនាពេលរាត្រីនៅតាមបណ្ដារហាងមួយចំនួន ដូចជា បុប្ផាជាយដែន, ពិភពរាត្រី, ដៃអូន និងហាងតន្រ្ដីផ្ទះអូន …។ សឹងតែគ្រប់ទីតាំងដែលលោកបុកល្ហុង បម្រើការ លោកច្រៀងតែបទរបស់លោកព្រាប សុវត្ថិ សឹងតែ ១០០% ហើយក្រៅពីអាជីពចម្រៀង លោកលក់បុកល្ហុង នៅផ្សារអូរឫស្សី ទើបគេហៅលោកថា ព្រាប សុវត្ថិ បុកល្ហុង រហូតមក។

តាមប្រភពពីលោកស៊ីថា បានឲ្យដឹងថា តាមលោកដឹង លោកព្រាប សុវត្ថិ បុកល្ហុង មានកូនប្រុសម្នាក់ រស់នៅផ្ទះក្បែផ្សារដើមគ ប៉ុន្ដែលោកមិនបានដឹងពីប្រវត្តិរបស់លោកបុកល្ហុង ច្បាស់ឡើយ ។

 តារាចម្រៀងលោកស្រ៊ុន ស៊ីថា និងលោកព្រាប សុវត្ថិ បុកល្ហុង(កាលនៅរស់)

សូមរំលឹកថា អំឡុងពេលដែលលោកព្រាប សុវត្ថិ បុកល្ហុង ច្រៀងនៅ U2 នោះ លោកបានរួមការងារជាមួយតារាចម្រៀង ខេមរៈ សិរីមន្ដ, ឆន សុវណ្ណារាជ, ទិត្យ វិច្ឆិកា, សាន ផានិត, អាន វិសាល, ឱក សុគន្ធកញ្ញា, មាស សុខសោភា និងតាតា ជាដើម ។ ប៉ុន្ដែនៅថ្ងៃបុណ្យសពលោក គេមិនឃើញតារាល្បីៗចូលរួមទេ គឺមានតែលោកព្រាប សុវត្ថិ ស្វាយរៀង និងក្រុមអ្នកចម្រៀងនៅហាងតន្រ្ដីផ្ទះអូន ប៉ុណ្ណោះ ទៅអុជធូប រំលែកទុក្ខក្រុមគ្រួសារសព។

លោកខេមរៈ ភារុណ បងប្រុសតារាចម្រៀង ខេមរៈ សិរីមមន្ដ ដែលធ្លាប់រួមការងារជាមួយគ្នា អំឡុងនៅផលិតកម្ម U2 បានថ្លែងសារថា «បាត់និងបែកគ្នាមួយរយៈកាលធំ លោកបុកល្ហុង សូមដួងវិញ្ញាណក្ខន្ធលោក បានដល់ឋានសុគិភព»។

 លោកអាន វិសាល បង្ហោះសារថា «អញប្រាប់អ្ហែងឈប់ផឹក អ្ហែងទៅឲ្យបានសុខ អញកំពុងអង្គុយយំ អាល្ហុង» ។

 សូមបញ្ជាក់ថា ក្រៅពីព្រាប សុវត្ថិ បុកល្ហុង អតីតតារាហង្សមាស លោកព្រាប សុវត្ថិ អំឡុងពេលកំពុងល្បីល្បាញខ្លាំងនោះ គេឃើញមានតារាជាច្រើនបានធ្វើខ្លួន លេងម៉ូដសក់ និងច្រៀងបទលោក ទើបពួកគេជាប់ ឈ្មោះជា ព្រាប សុវត្ថិផ្សេងៗ ក្នុងនោះមានដូចជា ព្រាប សុវត្ថិ ស្វាយរៀង និងព្រាប សុវត្ថិ បាត់ដំបង ជាដើម ។ លោកព្រាប សុវត្ថិ បុកល្ហុង ធ្លាប់ប្រាប់អ្នកយកព័តមានយើងថា លោកធ្លាប់បានដំបូន្មានល្អៗ ពីលោកព្រាប សុវត្ថិ ជាច្រើន អំឡុងពេលដែលលោកបានជួបផ្ទាល់ ៕

RELATED ARTICLES