Thursday, August 14, 2025
Homeព័ត៌មានជាតិស្នើសុំចុះបញ្ជីកម្មសិទ្ធិនៅសាលារាជធានី តែខណ្ឌកាត់ដីឲ្យអ្នកគ្មានឯកសារ

ស្នើសុំចុះបញ្ជីកម្មសិទ្ធិនៅសាលារាជធានី តែខណ្ឌកាត់ដីឲ្យអ្នកគ្មានឯកសារ

ភ្នំពេញៈ ពលរដ្ឋមួយគ្រួសារ តំណាងដោយស្រី្តឈ្មោះ សុខ ហ៊ាង ជាម្ចាស់ដីទំហំ១០៣៤ម៉ែត្រការ៉េ នៅតំបន់អភិវឌ្ឍឫស្សីកែវ បានអះអាងថា អ្នកស្រីមានឯកសារគ្រប់គ្រាន់ ដើម្បីសុំចុះបញ្ជីកម្មសិទ្ធិស្របច្បាប់ នៅសាលារាជធានីភ្នំពេញ  ។ ប៉ុន្តែរដ្ឋបាលខណ្ឌឫស្សីកែវ បែរជាកាត់ដីរបស់អ្នកស្រី ទៅឲ្យភាគីម្ខាងទៀតឈ្មោះលូ ធី ដែលគ្មានឯកសារទៅវិញ ដោយថាមានដីជាន់នឹងអ្នកស្រី និងទទួលបានដីដល់ទៅ ៦០០ម៉ែត្រការ៉េ ឯសុខ ហ៊ាង ទទួលបានតែ៤៨៩ម៉ែត្រការ៉េ ។ មិនតែប៉ុណ្ណោះ អភិបាលខណ្ឌ ថែមទាំងគំរាមរុះរើសំណង់ដែក របងថ្ម និងផ្ទះ សម្ភារៈផ្សេងៗចេញពីដីនេះម្ដងហើយម្ដងទៀតផង ប៉ុន្តែអ្នកស្រីមិនអាចទទួលយកបាន ។

គួរបញ្ជាក់ថា នៅក្នុងលិខិតលើកទី១ ចុះថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ និងលិខិតលើកទី២ ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ អភិបាលខណ្ឌ នៃគណៈអភិបាលខណ្ឌឫស្សីកែវ ជិន ប៊ុនធឿន បានជម្រាបមកអ្នកស្រី សុខ ហ៊ាង (កូនស្រីបង្កើតរបស់លោកសុខ ទ្រី) ថា ដើម្បីឈានទៅបញ្ចប់ទំនាស់ទាំងស្រុងក្នុងប្លុកត្រីកោណ នៃតំបន់អភិវឌ្ឍឫស្សីកែវ រដ្ឋបាលខណ្ឌឫស្សីកែវ តម្រូវឲ្យអ្នកស្រី ធ្វើការរុះរើសំណង់រោងរែក របងថ្ម និងសម្ភារៈផ្សេងៗចេញពីដីឡូតិ៍ដែលរដ្ឋបាលរាជធានីភ្នំពេញ បានដោះស្រាយជូនប្រជាពលរដ្ឋក្រៅពីឡូតិ៍ដែលរដ្ឋបាលរាជធានីភ្នំពេញ ប្រគល់ជូនអ្នកស្រី ក្នុងរយៈពេល៧ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ហើយសូមអ្នកស្រីចូលកាន់កាប់ និងគ្រប់គ្រងដីឡូតិ៍លេខ ២បេ ផ្លូវលេខ ៥៩៨ ទៅតាមការសម្រេចដោះស្រាយរបស់រដ្ឋបាលរាជធានីភ្នំពេញ ។ ក្នុងករណីអ្នកស្រី មិនអនុវត្តតាមណែនាំខាងលើ រដ្ឋបាលខណ្ឌ នឹងចាត់វិធានការរដ្ឋបាលដោយពុំទទួលខុសត្រូវលើការខូចខាត ឬបាត់បង់ផលប្រយោជន៍អ្វីឡើយ ។

ទោះបីយ៉ាងណា អ្នកស្រីសុខ ហ៊ាង បញ្ជាក់ថា ទីតាំងដីដែលរដ្ឋបាលខណ្ឌឫស្សីកែវ បង្គាប់ឱ្យរុះរើ គឺជាកម្មសិទ្ធិរបស់អ្នកស្រីដែលបានកាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលជាក់ស្តែង និងជាសាធារណៈ ជាបន្តបន្ទាប់ ចាប់ពីឆ្នាំ១៩៩៩ រហូតមកដល់ពេលបច្ចុប្បន្ន ។ ដូច្នេះអ្នកស្រីមិនអាចធ្វើតាមការបង្គាប់របស់រដ្ឋបាលខណ្ឌឫស្សីកែវ បានទេ ផ្ទុយទៅវិញគិតថា អ្នកស្រីទទួលរងភាពអយុត្តិធម៌ នៅក្នុងរឿងដីធ្លីនេះ ទើបក្នុងនាមជាជនរងគ្រោះ អ្នកស្រីសុំអន្តរាគមន៍ពីសម្ដេចហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធ រួមមានរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអភិបាលរាជធានីភ្នំពេញ ដោះស្រាយករណីរបស់អ្នកស្រី ដោយក្ដីអនុគ្រោះ ។

ជាមួយនឹងការលើកឡើង ស្នើសុំខាងលើ អ្នកស្រី សុខ ហ៊ាង បានបង្ហាញឯកសារមួយចំនួន ដូចខាងក្រោម៖

១. លិខិតប្រគល់និងទទួលសិទ្ធិ ចុះថ្ងៃចន្ទ ២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៩៦៤ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ។

២. លិខិតគោរពជូនអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ចុះថ្ងៃអង្គារ ១៥រោច ខែកក្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ក្នុងកម្មវត្ថុ សំណើសុំលោកអភិបាលមេត្តាជួយសម្រួលអនុញ្ញាតឲ្យមានការចុះបញ្ជីធ្វើប័ណ្ណកម្មសិទ្ធិ លើដីទំហំ១០៣៤ម៉ែត្រការ៉េ (មួយពាន់សាមសិបបួនម៉ែត្រការ៉េ) ស្ថិតនៅដីឡូត៍លេខ៣៦៩H ផ្លូវលេខ៥៩៨ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

៣. លិខិតរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មការដោះស្រាយទំនាស់ដីធ្លីក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ លេខ:០១៩/២៥ ឆត.ច ចុះថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ ជម្រាបមកលោកអភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ ស្ដីពីការឯកភាពតាមសំណើសុំកែសម្រួលប្លង់ដីទំនាស់ ។

៤. លិខិតរបស់អភិបាលខណ្ឌប្ញស្សីកែវ លេខ០០៧ ២៥.របក ចុះថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ បានគោរពជម្រាបជូនលោកអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកម្មវត្ថុរាយការណ៍ស្ដីពីករណីឈ្មោះសុខ ហ៊ាង (កូនស្រីបង្កើតរបស់ឈ្មោះសុខ ទ្រី) ប្រជាពលរដ្ឋគ្រប់គ្រងដីឡូត៌បម្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញ ប្លុកត្រីកោណ នៃតំបន់ទំនាស់អភិវឌ្ឍន៍ខណ្ឌឫស្សីកែវ ។

៥. លិខិតរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លេខៈ ១៨៥/៤៥ ឆត.ច ចុះថ្ងៃសុក្រ ២កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ជម្រាបមកលោកអភិបាល នៃគណៈអភិបាលខណ្ឌប្ញស្សីកែវ សូមឲ្យលោកអភិបាលខណ្ឌ ចាត់មន្ត្រីជំនាញចុះវាស់វែងដីឡូត៍ខាងលើ និងណែនាំឈ្មោះ សុខ ហ៊ាង ឱ្យស្នើសុំបំពេញបែបបទចុះបញ្ជីធ្វើប័ណ្ណកម្មសិទ្ធិស្របតាមនីតិវិធីសុរិយោដី ។

៦. ដីកាសម្រេច លេខ១១០០ “ឃ” ដ.ម ចុះថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ របស់សាលាដំបូងរាជធានីភ្នំពេញ ឲ្យសន្តតិជនឈ្មោះ សុខ ហ៊ាង តែម្នាក់គត់ ដែលបានទទួលបន្តនូវសិទ្ធិនិងករណីយកិច្ចទាំងអស់ស្ថិតនៅក្រោមទ្រព្យសម្បត្តិរបស់មរតកជនឈ្មោះ លាង ជូ និងមរតកជនឈ្មោះ សុខ ទ្រី លើដីទំ១០៣៤ម៉ែត្រក្រឡា ។

៧.លិខិតបញ្ជាក់ការចូលស្ថាពរនៃដីកាសម្រេច របស់សាលាដំបូងរាជធានីភ្នំពេញ លេខៈ ១៤៥៧ “ឃ” ល.ស.ព ចុះថ្ងៃអង្គារ ១៥កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ បញ្ជាក់ថា ដីកាសម្រេចលេខៈ​ ១១០០ “ឃ” ដម ចុះថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ របស់សាលាដំបូងរាជធានីភ្នំពេញ បានចូលជាស្ថាពរចាប់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ រួចហើយ ។

៨. រូបមន្តអនុវត្តដីកាសម្រេច របស់ក្រឡាបញ្ជីសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃអង្គារ ១៥កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៩ បញ្ជាក់ពីខ្លឹមសារនៃការអនុវត្ត ។

៩.ដីកាបញ្ជូន របស់តុលាការអនុវត្ត នៃសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃសុក្រ ១៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ គោរពជូនអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងសំណុំរឿងអនុវត្តដោយបង្ខំលេខៈ៥៦ ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ លេខ២៤៥៥ ដប/២០២១ ។

១០. លិខិតផ្ទុកផ្ដាក់ ឲ្យចុះបញ្ជីអំពីការផ្ទេរកម្មសិទ្ធិ របស់សាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃសុក្រ ១៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ ផ្ទេរកម្មសិទ្ធិឲ្យទៅឈ្មោះ សុខ ហ៊ាង តាមអំណាចដីកាសម្រេចលេខ ១១០០ “ឃ” ដម ចុះថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ របស់សាលាដំបូងរាជធានីភ្នំពេញ ។

១១. លិខិតអញ្ជើញ រដ្ឋបាលខណ្ឌឫស្សីកែវ សូមអញ្ជើញឈ្មោះ សុខ ហ៊ាង ទៅចូលរួមប្រជុំស្ដីពីសំណើចុះបញ្ជីដីទំហំ ១០៣៤ម៉ែត្រការ៉េ ចំនួន១លើក និងធ្វើការអញ្ជើញលោកឪពុករបស់អ្នកស្រី សុខ ហ៊ាង ឈ្មោះសុខ ទ្រី (ស្លាប់) មកប្រជុំសម្របសម្រួលដីធ្លីក្នុងតំបន់ឫស្សីកែវ ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៤ ។

១២. លិខិតសុំអន្តរាគមន៍ គោរពជូនលោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះថ្ងៃអង្គារ ១៣កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ ។

១៣. លិខិតសុំអន្តរាគមន៍ គោរពជូនលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ចុះថ្ងៃអង្គារ ១៣កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ ។

១៤. កំណត់ហេតុ ស្ដីពីការប្រជុំពិភាក្សាដោះស្រាយបញ្ហាទំនាស់ដីធ្លីនៅក្នុងតំបន់អភិវឌ្ឍឫស្សីកែវ របស់នាយកដ្ឋានរដ្ឋបាល និងបុគ្គលិក នៃអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦ ។

១៥.បង្កាន់ដៃទទួលពាក្យ បានទទួលពាក្យស្នើសុំកាន់កាប់ដីរបស់ឌី ប៉ូ ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩៨៩ ។

១៦. លិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ពីឈ្មោះឌី ប៉ូ ទៅឲ្យឈ្មោះ លូ ឡេនីន នៅឆ្នាំ១៩៩៧ ។

១៧. លិខិតផ្ទេរសិទ្ធិកាន់កាប់ ប្រើប្រាស់ដីធ្លី ពីឈ្មោះ លូ ឡេនីន ទៅឲ្យឈ្មោះ ស៊ាន ដេត និងឌី សំណាង នៅថ្ងៃទី១២ ខែមីនា ឆ្នាំ១៩៩៩។

១៨.លិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ពីឈ្មោះស៊ាន ដេត និងឌី សំណាង ទៅឲ្យឈ្មោះ សុខ ទ្រី និងលាង ជូ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៩៩ ។

១៩. លិខិតបញ្ជាក់ប្រវត្តិដី របស់មេភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០០៤ ។

២០. សេចក្ដីបញ្ជាក់ របស់ចៅសង្កាត់គីឡូម៉ែត្រលេខ៦ ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ១៩៩៩ បញ្ជាក់ថា ឈ្មោះឌី ប៉ូ បានផ្ទេរដីនេះទៅឲ្យឈ្មោះលូ ឡេនីន គ្រប់ចំនួនដី តែលូ ឡេនីន បានផ្ទេរដីទៅឲ្យឈ្មោះស៊ាន ដេត និងឌី សំណាង សរុបផ្ទៃដីចំនួន ៦៩០,០១m2 (ប្រាំមួយរយកៅសិបម៉ែត្រការ៉េ និងសូន្យមួយ) នៅខាងកើតផ្លូវ៥៩៨ ដីនេះនៅសល់ខាងលិចផ្លូវ៥៩៨ទាំងអស់ ។

២១. គំនូសបង្ហាញទីតាំងក្បាលដី ស្ថិតនៅភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ របស់ឈ្មោះសុខ ទ្រី ទំហំ៩៨៩ម៉ែត្រការ៉េ របស់លូ ធី ៥៤០ម៉ែត្រ ។

២២. លិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃព្រហស្បតិ៍ ៦កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ដែលចុះហត្ថលេខាដោយលោកឆាយ វីរៈ ជម្រាបជូនអ្នកស្រី សុខ ហ៊ាង ដើម្បីបញ្ចប់ទំនាស់ដ៏រ៉ាំរ៉ៃនៅក្នុងតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ច ត្រូវរុះរើសំណង់រោងដែក របងថ្ម និងសម្ភារៈផ្សេងៗចេញពីដីឡូត៍របស់ប្រជាពលរដ្ឋដែលរដ្ឋបាលរាជធានីភ្នំពេញបានផ្ដល់ជូនកន្លងមក និងរុះរើចេញពីដីឡូត៍បម្រុងរបស់រដ្ឋបាលរាជធានី ដែលបានរំលោភកាន់កាប់លើសពីទំហំដែលបានប្រគល់ជូន ព្រមទាំងចូលរួមអនុវត្តតាមខ្លឹមសារលើលិខិតលេខ៧៧៧/២៥ សជណ ចុះថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ របស់រដ្ឋបាលខណ្ឌឫស្សីកែវ ឲ្យមានប្រសិទ្ធភាព ។

២៣. លិខិតសុំអន្តរាគមន៍ គោរពជូនលោកសារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រាជធានីភ្នំពេញៈ ចុះថ្ងៃចន្ទ ១០កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ កម្មវត្ថុ សុំអន្តរាគមន៍ បញ្ឈប់ការបង្គាប់បង្ខំឲ្យរុះរើសំណង់ដែក របងថ្ម និងសម្ភារៈផ្សេងៗចេញពីដីឡូត៍លេខ២បេ ផ្លូវ៥៩៨ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មកឲ្យនាងខ្ញុំ សុខ ហ៊ាង ។

២៤.ពាក្យសុំតវ៉ាចំពោះការបង្គាប់ឲ្យរុះរើសំណង់ដែក របងថ្មី និងសម្ភារៈផ្សេងៗចេញពីដីឡូត៍លេខ២បេ ផ្លូវ៥៩៨ គោរពជូនលោកអភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ ។

តាមរយៈការបង្ហាញឯកសារខាងលើនេះ អ្នកស្រី សុខ ហ៊ាង បញ្ជាក់ថា នេះអាចបញ្ជាក់បានថា អ្នកស្រីមានឯកសារគ្រប់គ្រាន់ ក្នុងការទទួលបានការចុះបញ្ជីប័ណ្ឌកម្មសិទ្ធិស្របច្បាប់ និងធ្វើអ្វីៗតាមនីតិវិធី ដោយមិនបានទៅបំពានច្បាប់នោះទេ ។ ដូច្នេះប្រទេសមានច្បាប់ អ្នកស្រីសុំឲ្យយុត្តិធម៌មានមកលើអ្នកស្រីផង ។ ជាពិសេសអ្នកស្រី សុខ ហ៊ាង បាននិយាយថា “ចា! នាងខ្ញុំចង់ជម្រាបសួរវិញថា បញ្ហាប្លង់ ខាងអភិបាលរងរាជធានីថា ដីដែលយើងកាន់កាប់លើសទំហំហ្នឹង វាលើសត្រង់កន្លែងណា? វាលើសរបៀបម៉េច? តើការចេញសេចក្ដីសម្រេចចុងក្រោយ ជាការសម្រេចដោយអ្នកណា សូមជួយបង្ហាញផង? តើហេតុអី្វបានជាយកយកដីនាងខ្ញុំទៅកាត់ឲ្យអ្នកផ្សេង ដោយមិនបញ្ជាក់ពីភាពច្បាស់លាស់? តើបុគ្គលលូ ធី ពិតជាអាចប្ដឹងផ្លោះបែបនេះបានដែរឬ? ហើយនាងខ្ញុំក៏សុំសួរបន្ថែមទៀតថា តើមានទំនាស់ជាមួយអ្នកណា និងមានបណ្ដឹងជាមួយអ្នកណា ដែលថាដីនេះជាដីមានទំនាស់ប្ដឹងផ្ដល់គ្នា? ព្រោះដីដែលនាងខ្ញុំកាន់កាប់មកដល់បច្ចុប្បន្ន មិនដែលឃើញមានពាក្យបណ្ដឹងណាមួយមកទេ ។ អ្វីដែលជាចម្ងល់បន្ថែមលើនេះទៀត តើឲ្យនាងខ្ញុំយកតាមមួយណា រវាងលិខិតរបស់លោក ឃួង ស្រេង អភិបាលរាជធានី និងលិខិតរបស់លោក ឆាយ វីរៈ អភិបាលរងរាជធានីភ្នំពេញ? ព្រោះនៅក្នុងចំណាររបស់លោកអភិបាលរាជធានី អនុញ្ញាតឲ្យនាងខ្ញុំធ្វើប័ណ្ណកម្មសិទ្ធិ តែខាងនេះ មកបដិសេធថា ឯកសាររបស់នាងខ្ញុំមិនត្រឹមត្រូវ ដល់ពេលអ៊ីចឹង តើត្រូវឲ្យនាងខ្ញុំធ្វើម៉េច? “៕

RELATED ARTICLES