សហរដ្ឋអាមេរិក ៖ កូនកំលោះទី២ របស់លោកព្រាប សុវត្ថិ គឺកំលោះសង្ហា សុវត្ថិ មុនីនាគ ហៅ N. JOHN បានលេងហ្គីតារខ្លួនឯង ច្រៀងបទជាភាសាអង់គ្លេស ដែលល្បីនៅឆ្នាំ១៩៧១មានចំណងជើងថា«What going On ?» ដោយមានរូបទង់ជាតិកម្ពុជាពីក្រោយខ្នង ដើម្បីបួងសួងឲ្យកម្ពុជា មានសន្ដិភាព ដែលបង្ហាញថា បើទោះជាកំពុងរស់នៅសហរដ្ឋអាមេរិក ក៏កូនខ្មែរម្នាក់នេះ មិនភ្លេចជាតិមាតុភូមិរបស់ខ្លួន ដែលកំពុងប្រឈមនឹងការឈ្លានពានពីប្រទេសជិតខាង។

មុនីនាគ ទទួលបានការលើកទឹកចិត្តពីអ្នកគាំទ្រ (Fan) មួយចំនួន ប៉ុន្ដែខ្លះទៀតនៅតែតាមរិះគន់ បង្អាប់លោកដដែល។ ការដែលមុនីនាគ ទទួលបានការគាំទ្រនិងរិះគន់ព្រមគ្នាបែបនេះ បន្ទាប់ពីរូបគេបានចេញបទចម្រៀង «Sweet love» ចំពេលដែលកម្ពុជា ផ្ទុះសង្រ្គាមជាមួយសៀមដែលឈ្លានពានទឹកដី កាលពីពេលថ្មីៗនេះ ទើបខ្លះថា លោកចេញបទនោះ មិនសមទៅតាមពេលវេលា ។ ប៉ុន្ដែក៏មានខ្លះដែលគាំទ្រតាំងពីលោកព្រាប សុវត្ថិ រហូតមកដល់កូននោះ នៅតែលើកទឹកចិត្តដល់មុនីនាគ ថាពិតជាមានការតស៊ូជម្នះឧបសគ្គ ឈានជើងចូលតន្រ្ដីអន្ដរជាតិ ដើម្បីឲ្យគេស្គាល់កម្ពុជា កាន់តែច្បាស់ ។ ចំណែក Fan មួយចំនួនទៀតចង់ឲ្យមុនីនាគ វិលចូលស្រុក ច្រៀងជាភាសាខ្មែរផង អង់គ្លេសផង ជាមួយឪពុក បងនិងប្អូនរបស់គេ ដូចមុនទៅវិញ ។

សូមបញ្ជាក់ថា សុវតិ្ថ មុនីនាគ ក្រោយចាកចេញពីហង្សមាស ត្រូវបានលោកព្រាប សុវត្ថិ ផ្អឹបមិនឲ្យទៅច្រៀងនៅផលិតកម្ម Galaxy តាមលោកនោះទេ ដោយបានជួលគ្រូបង្ហាត់ច្រៀងនិងរាំ ជាជនបរទេស មកបង្វឹកនៅ អាមេរិក រហូតដល់កូនទី២ របស់លោក អាចច្រៀងបទជាភាសារអង់គ្លេស បាន ។ ទោះជាមិនទាន់មានឱកាសឡើងឆាកធំៗជាលក្ខណៈអន្ដរជាតិ ប៉ុន្ដែមុនីនាគ ដែលចេញបទចម្រៀងជាភាសាអង់គ្លេស កន្លងមក ត្រូវបានគេប្រដូចថា លោកមានសំឡេងស្រដៀងគ្នាទៅនឹង Michael Jackson តែគេមិនដឹងថា ពាក្យសរសើរទាំងនោះ ចេញពីចិត្ត ឬជាការផ្លែផ្កាឲ្យកូនព្រាប សុវត្ថិ នោះទេ ។

មានការលើកឡើងថា ហេតុអ្វីបានជាមុនីនាគ ពេលចេញបទចម្រៀងម្ដងៗ ចេះតែមានគេចំអក? បញ្ហានេះ មិនទាន់ត្រូវបានសាមីខ្លួនចេញមុខបំភ្លឺទេ ប៉ុន្ដែមុនីនាគ មិនដែលបង្ហាញប្រតិកម្មខឹង ឬតបតទៅអ្នកលេងបណ្ដាញសង្គម ដែលវាយប្រហារមកលើខ្លួនឡើយ គឺរូបគេនៅតែដើរតាមក្ដីសុបិនរបស់ខ្លួន ទៅមុខជានិច្ច ។ ប៉ុន្ដែប្រភពខ្លះថា មុនីនាគ អាចត្រូវបានអ្នកលេងបណ្ដាញសង្គម ច្រើនតែឌឺដងឲ្យខ្លួនបែបនេះ ព្រោះតែរូបគេរងថ្មបាក់ពីឪពុក ដែលបច្ចុប្បន្នត្រូវបានអ្នកលេងហ្វេសប៊ុក ចាត់ទុកថា លោកព្រាប សុវត្ថិ កំពុងប្រឡូកឬបម្រើនយោបាយ ជាងផ្ដោតលើច្រៀង ។

គួរកត់សម្គាល់ថា ក្រៅពីអាជីពចម្រៀង សុវត្ថិ មុនីនាគ មានតួនាទីជាជំនួយការផ្នែកចម្រៀងសម័យយោធាភិរម្យ ការិយាល័យទី៥ ។ មុនីនាគ ក្រោយផ្អាកស្និទ្ធស្នេហ៍ជាមួយស្រីស្រស់ រ៉េត ស៊ូហ្សាណា កាលពីឆ្នាំ២០២២ ពេលនេះលោកមិនទាន់បង្ហាញសញ្ញាមានស្នេហាថ្មីជាមួយនារីណាផ្សេងទេ ។ ចំណែកតារាស្រីស្អាតៗក្នុងស្រុក កន្លងមកមានខ្លះបានហៅព្រាប សុវត្ថិ និងអ្នកស្រីឡុង ស្រីមុំ ថាឪក្មេក ម៉ែក្មេក ព្រោះចង់ធ្វើកូនប្រសាអ្នកទាំងពីរ តែពេលនេះកូនកំលោះឧកញ៉ា ព្រាប សុវត្ថិ ទាំង៣ នៅតែមិនទាន់មានម្នាក់ណាការប្រពន្ធឡើយ ។

អ្នកជំនាញសិល្បៈខ្លះថា មុនីនាគ កំពុងព្យាយាមចាក់មូលដ្ឋានគ្រឹះសិល្បៈឲ្យរឹងមាំ ដើម្បីបន្ដវេនពីឪពុករបស់ខ្លួន នៅពេលដែលលោកសុវត្ថិ ចូលនិវត្តន៍ពីអាជីពចម្រៀង នាពេលខាងមុខ ។ ប៉ុន្ដែការលើកឡើងបែបនេះ ត្រូវឬខុស គឺមានតែមហាជនទេ អាចវាយតម្លៃពីសមត្ថភាពលោកបាន ខណៈដែលតារាចម្រៀង ពេជ្រ សោភា ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា មុនីនាគ អាចស្នងតំណែងលោកព្រាប សុវត្ថិ បាន នាពេលអនាគត ៕



លោកគួច ខេវិន អ្នកដឹកនាំផលិតកម្មវិធីសិល្បៈជាន់ខ្ពស់ និងលោកសុវត្ថិ មុនីនាគ

លោកព្រាប សុវត្ថិ និងកូនប្រុសទី២ សុវត្ថិ មុនីនាគ