ភ្នំពេញ ៖ តារាចម្រៀងរ៉េប ម៉ាន់ វណ្ណដា បានបង្ហាញអារម្មណ៍ផ្ទាល់ខ្លួន នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ថាលោកចង់ឃើញឧកញ៉ា និងលោកធំទាំងឡាយ ទិញដ្រូន (Drone) ផ្តល់ជូនកងទ័ពកម្ពុជា ដើម្បីតទល់សត្រូវឈ្លានពាន ព្រោះសង្រ្គាមសម័យនេះ គេបើដ្រូន ។

វណ្ណដា ថ្លែងថា «សម័យសង្រ្គាម Drone ប្រសិនបើឧកញ៉ាម្នាក់ ឯកឧត្តមម្នាក់ ជួយDrone មួយគ្រឿង នោះយើងបានមិនក្រោម ២ពាន់គ្រឿងទេ» ។

ក្រោយឃើញ វណ្ណដា ថ្លែងបែនេះ លោកសាន ផានិត បានពន្យល់ហេតុផលទៅវណ្ណដា ថាបើឧកញ៉ាៗទាំង នោះ សម្ងំផឹកស្រាថ្លៃៗ នៅផ្ទះលម្ហែ លោកជឿជាក់ជាងចង់ទិញ Drone ឲ្យកងទ័ពកម្ពុជា ។

លោកសាន ផានិត តបទៅវណ្ណដា ថា «បើពួកវាកំពុងទិញស្រាថ្លៃៗ ជប់លៀងស្ងាត់ៗ នៅតាមតំបន់ផ្ទះលម្ហែ ជាមួយគូកន បងជឿហ្មង» ។
តាមរយៈការអះអាងរបស់លោកសាន ផានិត ពន្យល់ទៅវណ្ណដា នោះ គេជឿថាលោកផានិត ហាក់ដូចជាយល់និងដឹងពីចរិតឧកញ៉ាៗច្បាស់ដូចនៅលើបាតដៃអ៊ីចឹង ដើម្បីឲ្យវណ្ណដា ឈប់ស្រមៃបំណងនេះទៅ ព្រោះមិនអាចទៅរួចឡើយ ។

គួរបញ្ជាក់ថា ការលើកឡើងរបស់វណ្ណដា ពញ្ញាក់អារម្មណ៍ឧកញ៉ា និងលោកធំៗ ឲ្យជួយទិញ Drone ផ្តល់ជូនកងទ័ព នាពេលនេះ គឺក្រោយពេលដែលមុននេះ មានព័តមានថាមហាសេដ្ឋីជនជាតិថៃ លោកថាក់ស៊ីន ស៊ីណាវ៉ាត់ ដែលជាឪពុកអតីតនាយករដ្ឋមន្រ្ដីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ បានឧបត្ថម្ភ Drone ដល់ទៅ១០គ្រឿង ដល់កងទ័ពថៃ ច្បាំងជាមួយទ័ពកម្ពុជា ទើបពេលនេះ តារារ៉េបល្បីរបស់ខ្មែរ វណ្ណដា បង្ហើបពីបំណងរបស់ខ្លួន ចង់ឃើញសេដ្ឋីស្រុកខ្មែរ ទិញ Drone ផ្តល់ជូនកងទ័ព ។ ប៉ុន្ដែបើតាមលោកសាន ផានិត គឺលោកជឿជាក់ថា ១០០% គឺលោកថាមិនអាចទេ ។


មុនពេលវណ្ណដា ចង់ឲ្យកងទ័ពកម្ពុជា ទទួលបានការឧបត្ថម្ភ Drone ពីក្រុមមហាសេដ្ឋីនៅស្រុកខ្មែរនេះ តារា ចម្រៀងប្រចាំផលិតកម្មបារមី រូបនេះ ក៏បានថ្លែងសារថ្កោលទោសសៀមឈ្លានពានកម្ពុជា ផងដែរ ហើយលោកក៏បានចេញចម្រៀងបទទាក់ទងសង្រ្គាមកម្ពុជា រងទុកដោយសារសៀម «១ សីហា» ដែលមានអ្នកទស្សនាដល់ទៅ 23,9លាន Views ត្រឹមរយៈពេលជាង ១សប្ដាហ៍ ។ យ៉ាងណា តាមរយៈបំណងរបស់វណ្ណដា ចង់ឲ្យឧកញ៉ាៗ ទិញ Drone ជួយកងទ័ពកម្ពុជា នោះ គេនៅមិនទាន់ឃើញតារា ៤ដួង ដែលឡើងជាឧកញ៉ា មាន ព្រាប សុវត្ថិ, ខេមរៈ សិរីមន្ដ, នាយឃ្លោក និងលាន អាព្រីលគីនីន ប្រតិកម្មតបនោះទេ គឺមានតែឧកញ៉ាក្បាលគីប សាន ផានិត ប៉ុណ្ណោះ ដែលឆ្លើយតបទៅវណ្ណដា មុនគេតែម្ដង ។ ប៉ុន្ដែគេជឿថា សាររបស់វណ្ណដា នាពេលនេះ ហាក់ចាក់ដោតចំពោះឧកញ៉ា និងមហាសេដ្ឋីមួយចំនួន តែគេរង់ចាំមើលថា តើឧកញ៉ារូបណាទៅដែលមានមនសិការស្នេហាជាតិ ប្រកាសទិញ Drone ឲ្យកងទ័ព មុនគេ?»៕


