ភ្នំពេញ ៖ តាំងពីថៃ ឬសៀម បង្កសង្រ្គាមឈ្លានពានទឹកដីកម្ពុជា នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ មក មានប្រជាពលរដ្ឋកម្ពុជា ជាច្រើន បានធ្វើពហិការ ឈប់ប្រើទំនិញថៃ ។ ទន្ទឹមគ្នានេះដែ តារា ៣ដួង បានប្រកាសលុបចោលនិងឈប់ច្រៀងបទលំនាំចម្រៀងថៃ ទៀតហើយ ។
១- ខេមរៈ សិរីមន្ដ ៖ តារា Galaxy លោកខេមរៈ សិរីមន្ដ ដែលមានឈ្មោះដើម ខែម ប៊ុនថៃ បានប្រកាសលុបចោលបទចម្រៀងដែលលោកច្រៀងជាមួយតារាថៃ លោកទិក ឈីរ៉ូ បទ «អូនអែន» និងបទ «Sad Man» កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ គឺក្រោយសង្រ្គាមនៅតំបន់ព្រំដែនកម្ពុជា-ថៃ ផ្ទុះ២ថ្ងៃ។ លោកសិរីមន្ដ ថានោះគឺជាស្មារតីជាតិនិយម ទើបលោកសម្រេចចិត្តលុបចោលបទចម្រៀងទាំងពីរបទខាងលើ ដែលច្រៀងជាមួយថៃ កន្លងមក ចេញពីគ្រប់ Platform ផ្លូវការរបស់លោកទាំងអស់ ចាប់ពីពេលនេះតទៅ ។ ប៉ុន្ដែលោកមិនបញ្ជាក់ថាតើលោកនឹងលុបចោលបទចម្រៀងផ្សេងៗទៀតដែលគេចោទថា លោកច្រៀងលំនាំបទថៃ ដែរនោះទេ គឺគ្រាន់តែកម្ទេចចោលបទចាប់ដៃតារាថៃ លោកទិក ឈីរ៉ូ ប៉ុណ្ណោះ ។


២- ហ្សូណូ ៖ អតីតតារាហង្សមាស លោកកែ សុវណ្ណារ៉េត ហៅហ្សូណូ ជូនដំណឹងទៅFan របស់លោកថា បទលំនាំចម្រៀងថៃ របស់លោក ដល់ទៅ៤បទ ដែលលោកបានច្រៀង លោកសម្រេចចិត្តលាបទល្បីៗទាំងនោះហើយ ពោលគឺមិនយកទៅច្រៀងទៀតទេ ។ បទចម្រៀងដែលលោកហ្សូណូ លែងយកទៅច្រៀងទៀតនោះ គឺបទ «កូនប្រុសខុសហើយ», «មនុស្សអតីត», «អរគុណគ្រប់យ៉ាង» និងបទ «ខ្លាចអូនប្រាប់ថាបែកម្ដងទៀត» ។ យ៉ាងណាលោកហ្សូណូ គ្រាន់តែលែងច្រៀងបទទាំង៤ប៉ុណ្ណោះ មិនបានលុបចោលពី Platform ដូចលោកខេមរៈ សិរីមន្ដ នោះទេ ព្រោះលោកមិនបានចាប់ដៃគូច្រៀងបទទាំងនោះជាមួយតារាថៃ ឡើយ ។ អ្វីដែលគួរឲ្យកត់សម្គាល់ ហ្សូណូ ដែលច្រៀងល្បីជាងគេបទ «កូនប្រុសខុសហើយ» និងតែងតែលើកយកបទនេះទៅច្រៀងសឹងគ្រប់ឆាកតន្រ្ដីទាំងឡាយនោះ ពេលនេះគ្មានការស្ទាក់ស្ទើរចិត្តនោះទេ គឺលោកលែងច្រៀងបទនេះតែម្ដង ។


៣- ឆន សុវណ្ណារាជ ៖ ថ្វីត្បិតតែសម្រេចចិត្តហាក់ក្រោយគេបន្ដិច ប៉ុន្ដែតារារោមទ្រូងច្រើន លោកសុវណ្ណារាជ បានប្រកាសនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ថាលោកនឹងលែងច្រៀងបទល្បីៗរបស់លោកលំនាំបទថៃ ដល់ទៅ៧បទ ចាប់ពីពេលនេះតទៅ ទោះជាមានការសំណូមពរពី Fan ក៏លោកមិនអាចច្រៀងបានតទៅទៀតជាដាច់ ខាត។ តារាហង្សមាស រូបនេះថ្លែងថា លោកសូមទោសចំពោះទស្សនិកជន និងអ្នកគាំទ្រ ដែលលោកមិនអាចច្រៀងបទទាំងនោះបានទៀតទេ គឺមានដូចជាបទ «មួយខែ ដប់ថ្ងៃ», «ជួបដើម្បីបែក», «បងដឹង», «រឿងនិទានមុនចូលគេង», «មិនហ៊ានប្រាប់អូនផ្ទាល់មាត់», «វេលាទឹកភ្នែក» និងបទ «សប្បាយចិត្តទេអូន?» ។ លោកសុវណ្ណារាជ ថាមូលហេតុដែលលោកធ្វើពហិការ មិនច្រៀងបទទាំងនេះតទៅទៀត គឺដោយសារតែបទនេះយកលំនាំតាមបទថៃ កាលពីប៉ុន្មានឆ្នាំមុន ។



យ៉ាងណា ក្រៅពីតារាល្បីទាំង៣ដួង ខាងលើ នៅមិនទាន់ឃើញតារាផ្សេងៗទៀតដែលនិយមច្រៀងបទលំនាំបទថៃ ដែរ ដូចជាលោកព្រាប សុវត្ថិ, ណុប បាយ៉ារិទ្ធ, កែវ វាសនា និងសាន ផានិត ជាដើម ប្រកាសជំហរពួកគេថា តើនៅបន្ដឬឈប់ច្រៀងបទលំនាំបទថៃ តទៅទៀតឬយ៉ាងណាឡើយ ។ ចំណែកតារាសម្ដែង នី មុនីនាថ ប្រកាសឈប់មើលរឿងថៃ ខណៈដែលសួង សាខារ៉ានីត ជូនដំណឹងតាំងពីមុនផ្ទះសង្រ្គាមថា នាងលែងទទួលថតសម្ដែងរឿងថៃ ដែលផលិតករខ្មែរ ថតឡើងវិញទៀតហើយ ៕