Wednesday, August 20, 2025
Homeព័ត៌មានជាតិព្រះបដិមាអវលោកេស្វរៈផុស ប្រផ្នូលនាំសុខសន្តិភាពដល់កម្ពុជា

ព្រះបដិមាអវលោកេស្វរៈផុស ប្រផ្នូលនាំសុខសន្តិភាពដល់កម្ពុជា

ខេត្តកំពង់ធំ ៖ សម្តេច ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះ រាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញនិងយាងថ្វាយគ្រឿង សក្ការៈបូជាព្រះបដិមាមង្គល ព្រះអវលោកេស្វរៈ ដែលផុសនៅភូមិជីមាឃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ហើយត្រូវបានយកមកតម្កល់នៅសារមន្ទីរខេត្តកំពង់ធំ ដែលជាប្រផ្នូលមង្គល នាំនូវសុខសន្តិភាព ដល់ព្រះរាជា ណចក្រកម្ពុជា។

តាមប្រភពមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តកំពង់ធំ បានឱ្យដឹងថា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ សម្តេច ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី  បានអញ្ជើញ និងយាងថ្វាយបង្គំ ថ្វាយកម្រងផ្កា ព្រះបដិមាមង្គល ដើម្បីសុំសេចក្តីសុខសន្តិភាព ដល់ព្រះរាជាណាចក្រកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តកំពង់ធំ សូមជម្រាបជូនដំណឹងដល់សាធារណជនជ្រាបថា  ព្រះបដិមាអង្គថ្មី ដែលទើបរកឃើញនេះ នឹងដាក់តាំងបង្ហាញក្នុងអគារសារមន្ទីរខេត្តកំពង់ធំ ក្នុងរយៈពេល ១សប្តាហ៍ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ មុននឹងធ្វើការរក្សាទុក ដើម្បីធ្វើការសម្អាត និងជួសជុល មុននឹងដាក់បង្ហាញម្តងទៀត។

គួរបញ្ជាក់ថា បដិមាអវលោកេស្វរៈនេះ ត្រូវបានរកឃើញកាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ដោយអ្នកបើកបរគ្រឿងចក្រឈ្មោះកាក់ ប៊ុនថន ត្រង់ចំណុចខាងលិចវត្តពង្រ ចម្ងាយប្រមាណ២០០ម៉ែត្រ ក្នុងពេលប្រតិ បត្តិការ នៃការស្តារស្ទឹងស្លាប់ ស្ថិតនៅភូមិជីមាឃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។

ក្រោយពីការពិនិត្យចប់សព្វគ្រប់មក ជាលទ្ធផលបានបង្ហាញថា បដិមានេះ ធ្វើអំពីស្ពាន់ ដែលទំនងជារូបតំ ណាងនៃទេពក្នុងព្រះពុទ្ធសាសនានិកាយមហាយាន ដែលគេស្គាល់ព្រះនាមថា ព្រះពោធិសត្វអវលោកេស្វរៈ ឬអាចជាព្រះពោធិសត្វ ព្រះសិអារ្យមេត្រិយ ។ ការសន្និដ្ឋាននេះមិនប្រាកដទាំងស្រុង ដោយសារការបាក់បែកនៅត្រង់ចំណុចថ្ងាស និងផ្នួងសក់ ដែលជាលក្ខណៈសម្គាល់អំពីទេពទាំងពីរនេះ។ តាមទម្រង់ព្រះភក្ត្រ និងសំពត់របស់ព្រះបដិមានេះ ទំនងស្ថិតនៅក្នុងរចនាបថបាខែង (គ.ស៨៩៣-៩២៥) ក្នុងរជ្ជកាលព្រះបាទស្រីយសោវរ្ម័នទី១ ឬព្រះបាទស្រីហស៌វរ្ម័នទី១ ៕

RELATED ARTICLES