ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ បានចេញសេចក្តីណែនាំ ស្តីពីការរៀបចំ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ដោយក្នុងនោះរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការណែនាំចំនួន១០ចំណុច ដើម្បីឱ្យពិធីនេះ ប្រព្រឹត្តទៅបានអធិកអធម ស្របតាមទំនៀមទម្លាប់ ប្រពៃណីព្រះពុទ្ធសាសនា និងធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីព្រះពុទ្ធសាសនាដ៏សំខាន់ របស់ពុទ្ធសាសនិកជនខ្មែរគ្រប់ៗរូប ដែលតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។ ពិធីបុណ្យនេះ ប្រារព្ធឡើងដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ នៃអ្នកមានគុណទាំងឡាយ ដែលបានលាចាកលោកនេះទៅកាន់លោកខាងមុខ។ ម៉្យាងវិញទៀត ក៏ជាឱកាសសម្រាប់ការជួបជុំឪពុកម្តាយ បងប្អូនញាតិ មិត្ត ដែលរស់នៅទីផ្សេងៗគ្នា អាចស្វែងយល់បានពីសុខទុក្ខ និងដំណើរប្រព្រឹត្តទៅនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ រវាងគ្នា និងបង្កើនបាននូវសាមគ្គីភាពដ៏ទូលំទូលាយផងដែរ ។
ឆ្នាំនេះ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥។
ដោយឡែក ពិធីបុណ្យកឋិនទាន ជាកាលទានមួយដ៏ថ្លៃថ្លានៅក្នុងព្រះពុទ្ធសាសនា ដែលក្នុងមួយឆ្នាំមានតែម្តង និងមានរយៈពេល ២៩ថ្ងៃ ដោយវត្តអារាមមួយទទួលបានតែអង្គកឋិនទានមួយជាទានដ៏មានផលានិសង្សសម្រាប់ទាយក ទាយិកា និងបដិគ្គាហក។ ឆ្នាំនេះ ពិធីបុណ្យកឋិនទាន នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ ១រោច ខែ អស្សុជ ដល់ថ្ងៃ ១៥កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែតុលា ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥។
យោងតាមផែនការណែនាំលេខ ១០/២០២៥ គ.ជ.ប.អ ចុះថ្ងៃព្រហស្បតិ៍ ៦កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ របស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដើម្បីចូលរួម អបអរសាទរពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងបុណ្យកឋិនទាន ឱ្យបានអធិកអធម ស្របតាមទំនៀមទម្លាប់ ប្រពៃណី ព្រះពុទ្ធសាសនា និងធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម ៖
១- រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ មន្ទីរអង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ គ្រឹះស្ថានសិក្សា ក្រុមហ៊ុន រោងចក្រ-សហគ្រាស ផ្សារទំនើប ផ្សារម៉ាត រមណីយដ្ឋាន មជ្ឈមណ្ឌលកម្សាន្ត ទីតាំងអា ជីវកម្ម គ្រប់ប្រភេទ និងគេហដ្ឋានបងប្អូនប្រជាពលរដ្ឋ ទាំងអស់ត្រូវ ៖
-លើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ និងចងបដាពាក្យស្លោក អមដោយការតែងលម្អរចនា បំភ្លឺភ្លើងពណ៌ចម្រុះនៅតាមបណ្តាអង្គភាព ទីតាំងអាជីវកម្ម និងគេហដ្ឋានរបស់ខ្លួន ឱ្យបានផុលផុស និងស្រស់ស្អាត។
-សម្រាប់ផ្សារទំនើប ផ្សារម៉ាត អគារពាណិជ្ជកម្ម ក្រុមហ៊ុន រោងចក្រ-សហគ្រាស រមណីយដ្ឋាន មជ្ឈមណ្ឌលកម្សាន្ត សំណង់បុរី និងទីតាំងអាជីវកម្មគ្រប់ប្រភេទ សូមរៀបចំបំពាក់ខ្សែភ្លើងពណ៌បំភ្លឺ និងដាក់គោមភ្លើង បំភ្លឺនៅតាមរបងមុខអគារ ឬតាមជញ្ជាំងអគារ ឬដើមឈើ និងទីតាំងអាជីវកម្មរបស់ខ្លួន ដោយអាចរៀបចំរចនាខ្សែភ្លើងពណ៌ចម្រុះ ឱ្យចេញជាអក្សរផុសឡើង។ សម្រាប់ទីតាំងអាជីវកម្ម ដែលមានសួនច្បារ សូមបាញ់ទឹកពណ៌នាពេលថ្ងៃ និងពេលរាត្រី ដោយរៀបចំបំពាក់ខ្សែភ្លើងពណ៌បំភ្លឺចម្រុះ ដើម្បីបង្កើនសោភណភាពឱ្យកាន់តែស្រស់ស្អាត។
២- រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ មន្ទីរអង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ គ្រឹះស្ថានសិក្សា ក្រុមហ៊ុន រោងចក្រ-សហគ្រាស និងទីតាំងអាជីវកម្មគ្រប់ប្រភេទ ត្រូវផ្សព្វផ្សាយអំពីខ្លឹមសារនៃពិធីបុណ្យទាំងពីរខាងលើ ឱ្យបានជ្រួតជ្រាបទូលំទូលាយ និងត្រូវបំផុសលើកទឹកចិត្តបង្កលក្ខណៈងាយស្រួលដល់មន្ត្រីរាជការ និងបុគ្គលិកក្រោមឱវាទ ជាពុទ្ធសាសនិក បានចូលរួមបំពេញកុសលជាប្រពៃណី នៅតាមវត្តអារាម ឬ នៅក្នុងអង្គភាពរបស់ខ្លួន ព្រមទាំងបានជួបជុំក្រុមគ្រួសារតាមបំណងប្រាថ្នា។
៣-រដ្ឋបាលខណ្ឌទាំង១៤ និងរដ្ឋបាលសង្កាត់ ទាំង១០៥ ត្រូវ ៖
-ធ្វើការណែនាំនិងអប់រំដល់យុវជន យុវនារី កុមារ កុមារី ដែលចូលរួមពិធីដង្ហែអង្គកឋិនទាន ត្រូវយល់ដឹង ឱ្យបានច្បាស់លាស់និងទូលំទូលាយអំពីតម្លៃនៃពិធីបុណ្យដ៏ឧត្តុង្គឧត្តមនេះ ហើយមិនត្រូវបង្កជាបាតុភាពឬសកម្ម ភាពណាមួយដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងតម្លៃ នៃព្រះពុទ្ធសាសនា ដូចជា ការគប់ស្បោងទឹក ជះទឹក គប់អំពៅ គប់ផ្លែឈើ និងគប់វត្ថុរឹងផ្សេងៗ ធ្វើឱ្យខូចរបៀបរៀបរយ បាត់បង់សណ្តាប់ធ្នាប់សង្គម និងអាចបណ្តាលឱ្យកើតមានគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ។
-សហការជាមួយមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ ដើម្បីត្រៀមចាត់កម្លាំងការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងសម្រួលចរាចរណ៍យានយន្តពុទ្ធបរិស័ទចូលក្នុងបរិវេណវត្តអារាម ឱ្យបានឆាប់រហ័ស ចៀសវាងការកកស្ទះចរាចរណ៍នៅតាមដងផ្លូវមុខវត្តអារាម។
-យកចិត្តទុកដាក់ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពនៅតាមមូលដ្ឋានរបស់ខ្លួន និងណែនាំប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់លើការអុជទៀន ធូប ការប្រើប្រាស់ភ្លើងចង្កៀង ភ្លើងចង្ក្រានអគ្គិសនី ដែលអាចនាំឱ្យមានគ្រោះអគ្គិភ័យ ណាមួយកើតឡើងជាយថាហេតុ។
-ហាមឃាត់ និងទប់ស្កាត់ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងសកម្មភាពផ្សេងៗដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ឬបង្កគ្រោះថ្នាក់ដល់អ្នកដំណើរគ្រប់ប្រភេទ។
-សហការជាមួយមន្ទីរបរិស្ថាន មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងក្រុមហ៊ុនប្រមូល សម្អាតនិងដឹកជញ្ជូនសំរាម ទាំង៣ ឱ្យបង្កើនការបោសសម្អាត ប្រមូលនិងដឹកជញ្ជូនសំរាម ចេញពីរាជធានីភ្នំពេញ ឱ្យទាន់ពេលវេលា ដើម្បីធានាបាននូវបរិស្ថាននិងអនាម័យស្អាត។
៤- មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ត្រូវ ៖
-ណែនាំដល់គ្រប់វត្តអារាម ត្រូវចាត់ចែងបោសសម្អាតបូជនីយដ្ឋាន ស្តូប និងកន្លែងតម្កល់អដ្ឋិធាតុបងប្អូនជនរួមជាតិដែលបានបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ សម្អាតអនាម័យបរិស្ថាន ក្នុងបរិវេណវត្តអារាម និងត្រូវរៀបចំតុបតែងលម្អទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក និងរចនាដោយបំភ្លឺភ្លើងពណ៌ចម្រុះឱ្យបានសមរម្យ។

-ណែនាំដល់គ្រប់វត្តអារាម ត្រូវយកចិត្តទុកដាក់រៀបចំពិធីបុណ្យទាំងពីរ ឱ្យបានល្អប្រសើរ ក្នុងនោះ ត្រូវបង្កលក្ខណៈងាយស្រួលជូនពុទ្ធបរិស័ទ ក្នុងការប្រគេនទេយ្យវត្ថុ ពិធីដង្ហែអង្គកឋិនទាន និងបង្សុកូលឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន និងញាតិទាំងឡាយ ដែល បានលាចាកលោក ព្រមទាំងចាត់ចែងប្រារព្ធពិធីប្រពៃណីសាសនាផ្សេងៗ ស្របតាមប្រពៃណីព្រះពុទ្ធសាសនា។
-សហការជាមួយរដ្ឋបាលខណ្ឌសាមីណាមួយ ដើម្បីរៀបចំពិធីបង្សុកូលឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធជនរួមជាតិនិងបុព្វបុរសដែលបានពលីក្នុងបុព្វហេតុជាតិមាតុភូមិ ស្របតាមប្រពៃណីព្រះពុទ្ធសាសនា។
-ផ្សព្វផ្សាយ អប់រំ និងណែនាំដល់ពុទ្ធបរិស័ទដែលផ្តួចផ្តើមរៀបចំពិធីបុណ្យកឋិនទាន ត្រូវត្រួតពិនិត្យមើលឱ្យបានគ្រប់ជ្រុងជ្រោយ លើប្រភេទបុគ្គលដែលចូលរួមពិធីដង្ហែអង្គកឋិនទាន ចៀសវាងមានបុគ្គលទុច្ចរិតបង្ក បាតុភាពឬប្រព្រឹត្តសកម្មភាពនានាដែលនាំឱ្យមានទំនាស់រវាង ក្រុមមួយ ទៅក្រុមមួយទៀត ធ្វើឱ្យប៉ះពាល់ដល់តម្លៃនៃពិធីបុណ្យប្រពៃណីជាតិ។
៥- មន្ទីរព័ត៌មានរាជធានីភ្នំពេញ ត្រូវចាត់តាំងស្ថានីយទូរទស្សន៍និងវិទ្យុ ចុះយកព័ត៌មាន ធ្វើការតាមដានស្វែងយល់ ស្រាវជ្រាវប្រវត្តិ ខ្លឹមសារ និងសកម្មភាពនៃពិធីបុណ្យប្រពៃណី និងអំពីរបៀបរបបស្លៀកពាក់ អាកប្បកិរិយា ដែលត្រូវប្រកាន់យកក្នុងពេលចូលរួមពិធីបុណ្យ ទាំងពីរនេះ ជាពិសេសនៅក្នុងទីវត្តអារាម និងធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ក្នុងរយៈពេលរៀបចំពិធីបុណ្យទាំងពីរ។
៦- មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ត្រូវរៀបចំផែនការការពារសុខភាព ដោយត្រូវត្រៀមក្រុមគ្រូពេទ្យ ឱសថ សម្ភារ បរិក្ខារសុខាភិបាល និងរថយន្តគិលានសង្គ្រោះ ប្រចាំការនៅតាមតំបន់រមណីយដ្ឋាន និងទីប្រជុំជន កម្សាន្តនានា ដើម្បីត្រៀមជួយសង្គ្រោះបងប្អូន ដែលមានបញ្ហាសុខភាព ឱ្យបានទាន់ពេលវេលា។
៧-មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវរៀបចំតុបតែងលម្អបំភ្លឺភ្លើង តាមបណ្តាសួនច្បារ និងតាមដងវិថី-មហាវិថីនានា ឱ្យបានសមរម្យ ដំឡើងរបាកាត់ទទឹងផ្លូវ នៅវិថី-មហាវិថីសំខាន់ៗ លាងសម្អាតផ្លូវ លាបលន ឬគំនូសនៅតាមបណ្តាវិថី-មហាវិថីសំខាន់ៗ ដើម្បីធានានូវបរិស្ថាន និងសោភណភាពស្រស់ស្អាត និងចូលរួមអបអរសាទរពិធីបុណ្យទាំងពីរ។
៨- មន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ត្រូវរៀបចំកម្មវិធីសម្តែងសិល្បៈ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ វត្តភ្នំ តាមទីសាធារណៈសមរម្យ និងនៅផ្លូវថ្មើរជើងចតុមុខ រាជធានីភ្នំពេញ ព្រមទាំងបំផុសចលនាបងប្អូន ប្រជាពលរដ្ឋ ចូលរួមលេងល្បែងប្រជាប្រិយ ឱ្យបានផុលផុស។
៩- មន្ទីរទេសចរណ៍រាជធានីភ្នំពេញ ត្រូវផ្សព្វផ្សាយនិងណែនាំដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ ជាពិសេស សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងរមណីយដ្ឋានទេសចរណ៍នានា ត្រូវ ៖
-យកចិត្តទុកដាក់លើការងារសន្តិសុខ និងសុវត្ថិភាពជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលបានមកស្នាក់នៅចូលកម្សាន្តឬបរិភោគអាហារ និងអនាម័យម្ហូបអាហារ ឱ្យបានល្អប្រសើរ។
-សម្អាតអនាម័យ-បរិស្ថាន និងទុកដាក់-វេចខ្ចប់សំរាម តាមលក្ខណៈបច្ចេកទេស និងត្រូវបញ្ចេញតាមពេលវេលាកំណត់ ឱ្យបានត្រឹមត្រូវ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ក្រុមហ៊ុនប្រមូល សម្អាតនិងដឹកជញ្ជូនសំរាម ក្នុងការមកយកសំរាម ហើយធានាបាននូវអនាម័យបរិស្ថានស្អាត។

១០- ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងបញ្ជាការដ្ឋានយោធភូមិភាគពិសេស ត្រូវរៀបចំនិងអនុវត្តផែនការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈនិងរបៀបរៀបរយសង្គម ឱ្យបានល្អប្រសើរ ទាំងមុនពេល អំឡុងពេល និងក្រោយពេលរៀបចំពិធីបុណ្យ ដើម្បីធានាឱ្យបងប្អូនប្រជាពលរដ្ឋ បានចូលរួមក្នុងពិធីបុណ្យ ប្រកបដោយសុវត្ថិភាព បំពេញកុសលជាប្រពៃណី នៅតាមវត្តអារាម និងភាពសប្បាយរីករាយនៅគ្រប់ទីកន្លែង។ ជាមួយគ្នានេះ ត្រូវយកចិត្តទុកដាក់ និងជួយសម្រួលចរាចរណ៍នៅតំបន់គោលដៅដែលមានការកកស្ទះខ្លាំង ទប់ស្កាត់បង្ការបទល្មើស និងសកម្មភាពល្មើសច្បាប់គ្រប់ប្រភេទ។ ដោយឡែកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវចាត់តាំងក្រុមការងារបច្ចេកទេសពន្លត់អគ្គិភ័យ និងត្រៀមរថយន្តពន្លត់អគ្គិភ័យ ឱ្យបានគ្រប់គ្រាន់ ដើម្បីប្រចាំការជួយសង្គ្រោះបន្ទាន់ នៅពេលមានបញ្ហាគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ។

ទទួលបានសេចក្តីណែនាំនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជាការដ្ឋានយោធភូមិភាគពិសេស រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ មន្ទីរ-អង្គភាពជំនាញជុំវិញ រដ្ឋបាលរាជធានីភ្នំពេញ ក្រុមហ៊ុន រោងចក្រ-សហគ្រាស មូលដ្ឋានទីតាំងអាជីវកម្ម និងប្រជា ពលរដ្ឋទាំងអស់នៅក្នុងរាជធានីភ្នំពេញ ត្រូវចាត់ចែងផ្សព្វផ្សាយ និងអនុវត្តឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់…៕