Thursday, August 28, 2025
Homeតារាខ្មែរលោកគួច ខេវិនៈជួបកូនម្ចាស់ផលិតកម្មឆ្លងដែននៅអាមេរិក និងមិនភ្លេចគុណ​សប្បុ​រស​​ជនជួយក្មេងកំព្រាទាំង៣នៅខេត្តកំពត

លោកគួច ខេវិនៈជួបកូនម្ចាស់ផលិតកម្មឆ្លងដែននៅអាមេរិក និងមិនភ្លេចគុណ​សប្បុ​រស​​ជនជួយក្មេងកំព្រាទាំង៣នៅខេត្តកំពត

អាមេរិកៈលោកគួច ខេវិន បានទៅដល់អាមេរិកកាលពីថ្ងៃទី២២ ខែសីហា ដើម្បីត្រៀម​ចូលរួម​មង្គលការក្មួយស្រីរបស់លោកនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ នៅរដ្ឋកាលីហ្វ័រញ៉ា (California) សហរដ្ឋ​អា​មេរិក។មុនដល់ថ្ងៃ រៀបអាពាហ៍ ពិពាហ៍ ក្មួយស្រីលោកគួច ខេវិន ក៍ បានទៅជួបលោកតូនីសុន (Tony Son)ដែលជាកូនប្រុសរបស់លោកធឹង សុន ម្ចាស់ផលិតកម្ម​ឆ្លងដែន បច្ចុប្បន្នរស់នៅរដ្ឋកាលីហ្វ័រញ៉ា ទីក្រុងឡងប៊ិច (Long Beach)  នឹងត្រៀមទៅជួបលោកអតីត​តារា​សម្ដែងលោកហង្ស ឈា នៅថ្ងៃទី៣១ ខែសីហា ដែលកំពុងរស់នៅរដ្ឋ Massachusetts រដ្ឋធានី Boston ផងដែរ ក្រោយបែកគ្នាជាច្រើនឆ្នាំ ។

 លោកគួច ខេវិន បង្ហាញអារម្មណ៍រីករាយនៅពេលដែលទទួលបានការរាប់អាន​ដ៍រាក់​ទាក់​ស្និតស្នាលដូចបងប្អូនបង្កើតពីសំណាក់លោកតូនីសុន នៅលើទឹកដីអាមេរិក ហើយអ្វី ដែលលោកចាប់អារម្មណ៍កូនថៅកែផលិតកម្ម ឆ្លងដែនរូបនេះបានបើកភោជនីយដ្ឋានCrystal Cambodian Thai Cuisine  ។ប៉ុន្ដែលោកខេវិន បញ្ជាក់ថាហាង Crystal Cambodian Thai Cuisine  មិនមែនជាម្ហូបថៃ ឬសៀម(Thai)ទេ តែជាប់ពាក្យThai នោះដោយសាតែឪពុក​របស់​លោកតូនីសុន គឺលោកធឹង សុន បានដាក់ឈ្មោះលោកតូនី ថា«អាថៃ »ពេលរត់ភៀស ខ្លួនមាន​កំណើតនៅជំរុំជាយដែនថៃ  ទើបបានជា​ជាប់​ឈ្មោះ​នេះ ដើម្បីរំលឹកអនុស្សាវរីយ៍ដែលឈឺចាប់ ក៍ដូចជាផលិតកម្មឆ្លងដែន ដ៍ល្បីល្បាញរបស់គាត់ប្រើពាក្យ«ឆ្លងដែន » ដែលគាត់បាន​ឆ្លង​ដែនទៅប្រទេសទី៣ គឺអា មេរិកនេះហើយ ។ជាមួយគ្នានេះដែរលោកគួច ខេវិន ក៍បានអរ​គុណ​ដល់លោកតូនីសុន ដែលលោកបានជួយឧបត្ថម្ភផ្គត់ផ្គង់ថវិការមួយចំនួនប្រចាំខែ រយៈ​ពេល១ឆ្នាំដល់កូនភ្លោះទាំង៣ នៅខេត្តកំពត។ ​លោកខេវិន បន្ថែមថា​ក្រៅពីកូនថៅ​កែផលិត​កម្មឆ្លងដែន លោកក៍មិនភ្លេចអរគុណដល់លោកនា​យក​សាលាMPS ដែលបាន​ផ្ដល់អាហារ​រូបករណ៍​១០០%​រយៈ​ពេល១២ឆ្នាំ  ,អតីតតារាសម្ដែង​លោក​ហង្ស ឈា ជួយឧត្តម្ថម្ភ​ទឹកប្រាក់​២៥០ ដុល្លារ ដល់ការជួលជុសដំបូលផ្ទះ និងអ្នក​ស្រីVodanny Pheng (យាយ ដានី) ឧត្តមម្ភ៥០ដុល្លារ ជួសជុលដំ បូល ផ្ទះឲ្យកូនភ្លោះទាំង៣ដែរ  ។

សូមរំលឹកថាកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ លោកគួច ខេវិន បានចុះទៅជួប និងជួយក្មេង​កំព្រាភ្លោះ៣នាក់រស់នៅភូមិឈើទាល ឃុំឈូក ស្រុកឈូក ខេត្តកំពត គឺទី១៖ឈ្មោះជា ទី២៖ ឈ្មោះហេង និងទី ៣៖ឈ្មោះលាភ ។ប្រភពថាកូនភ្លោះទាំង៣ ត្រូវម្ដាយរត់ចោលតាំងពីពួក​គេមានអាយុ៣ខែ ខណៈដែលឪពុកពួកគេកំពុងជាប់​ពន្ធនាគារ ។

 គួរកត់សម្គាល់ដែរថាការទៅអាមេរិករបស់លោកគួច ខេវិន លើកនេះចំពេលដែល​ពល​រដ្ឋ​ទាំងក្នុងនិងក្រៅស្រុកកំពុងធ្វើពហិការលើទំនិញសៀម បន្ទាប់ពីទ័ពសៀមបើក​ការវាយ​ប្រហារនិងឈ្លានពានព្រំដែនខ្មែរកាលពីថ្ងៃទី២៤ ខែកក្កដា ហើយពេលនេះទោះជាមាន​បទ​ឈប់បាញ់តាំងពីរាត្រីថ្ងៃទី២៩ ខែកក្កដា  តែទ័ពសៀមនៅតែបន្ដឈ្លានពានព្រំដែនខ្មែរ។

 ឆ្លើយតបសំណួរថាតើលលោកគួច ខេវិន យល់បែបណាចំពោះពលរដ្ឋទាំង​ក្នុងនិង​ក្រៅ​ស្រុកធ្វើពហិការទំនិញសៀមនោះលោកអះអាងថាមនុស្សម្នាក់ៗមានមនសិការខ្លួនឯង លើ​ទង្វើរដែលសៀមបានធ្វើមកលើខ្មែរយើង។ប៉ុន្ដែលោកចង់ឲ្យកូនខ្មែរជួយផ្សព្វផ្សាយលើកស្ទួយពីផលិតផលខ្មែរ ខំផលិត ខំលើកស្ទួយ ហើយជាក់ស្ដែងនៅអាមេរិកលោក​សង្កេតឃើញថាមាន​ផលិតផលខ្មែរច្រើន ដែលពលរដ្ឋនៅក្រៅស្រុកគាំទ្រផលិតផលខ្មែរច្រើន ដូច​ជាអង្ករ  និង​សម្លៀក​បំពាក់ ជាដើម ។

 លោកគួច ខេវិន ថាបន្ទាប់ពីបានជួបកូនម្ចាស់ផលិតកម្មឆ្លងដែន ,អតីតតារាសម្ដែង​លោក​ហង្ស ឈា និងចូលរួមមង្គលការក្មួយស្រីសំណព្វចិត្តរបស់លោកនៅអមេរិករួច លោក​នឹង​វិលមក​កម្ពុជាវិញនៅដើមខែកញ្ញា ខាងមុខ ៕

RELATED ARTICLES