Thursday, August 28, 2025
Homeព័ត៌មានជាតិរដ្ឋបាលរាជធានីភ្នំពេញ ផ្អាកទីតាំងថតចម្លងឯកសារ  ថ្ងៃប្រឡងបាក់ឌុប ២៨-២៩សីហា

រដ្ឋបាលរាជធានីភ្នំពេញ ផ្អាកទីតាំងថតចម្លងឯកសារ  ថ្ងៃប្រឡងបាក់ឌុប ២៨-២៩សីហា

ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចផ្អាកជាបណ្តោះអាសន្នចំពោះទីតាំងអាជីវកម្មថតចម្លងឯកសារ អ៊ីនធឺរណិត និងអាជីវកម្មលក់សម្ភារៈសិក្សាគ្រប់ប្រភេទ ចាប់ពីថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥ អំឡុងការប្រឡងបាក់ឌុប។

រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ សម្រាប់ ឆ្នាំសិក្សា ២០២៤-២០២៥ សម័យប្រឡង ២៨ សីហា ២០២៥ រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥។

ក្នុងន័យនេះ ដើម្បីចូលរួមចំណែកឱ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅរាជធានីភ្នំពេញ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ជាពិសេសធានារក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ តម្លាភាព និងរបៀបរៀបរយសាធារណៈនៅជុំវិញមណ្ឌលប្រឡងទាំង ៣៥មណ្ឌល ក្នុងរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ បានដំណឹងដល់បងប្អូនអាជីវករដែលប្រកបអាជីវកម្មជុំវិញបរិវេណមណ្ឌលប្រឡង (ដូច មានក្នុងឯក សារឧបសម្ព័ន្ធ) ដូចខាងក្រោម ៖

១ ៈ ផ្អាកជាបណ្តោះអាសន្នចំពោះទីតាំងអាជីវកម្មថតចម្លងឯកសារ អ៊ីនធឺរណិត និងអាជីវកម្មលក់សម្ភារៈសិក្សាគ្រប់ប្រភេទ ចាប់ពីថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥។

២ ៈ ផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មនានា ដូចជា ភោជនីយដ្ឋាន អាហារដ្ឋាន ការដ្ឋានសំណង់នានា ដែលស្ថិតនៅជុំវិញបរិវេណមណ្ឌលប្រឡង ចាប់ពីថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥។

៣ ៈ ទីតាំងអាជីវកម្មផ្សេងទៀត រួមទាំងការដ្ឋានសំណង់ ដែលស្ថិតនៅជិតបរិវេណមណ្ឌលប្រឡង ហាមបង្កសំឡេងរំខាន ឬសកម្មភាពនានាដែលធ្វើឱ្យប៉ះពាល់ដល់ដំណើរការនៃការប្រឡងរបស់បេក្ខជន។

៤ ៈ សម្រាប់ភ្ញៀវទេសចរដែលស្នាក់នៅក្នុងសណ្ឋាគារ អគារស្នាក់នៅរួម ផ្ទះសំណាក់ ឬ ផ្ទះជួលបណ្តោះ អាសន្ន ដែលស្ថិតនៅជុំវិញបរិវេណមណ្ឌលប្រឡង ត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរចេញ-ចូលជាធម្មតា។

៥ ៈ ដោយឡែកសម្រាប់ការផ្ញើកង់-ម៉ូតូនៅតាមមណ្ឌលប្រឡង មិនត្រូវបានបង់ប្រាក់ឡើយ។

អាស្រ័យហេតុនេះ សូមសាធារណជន និងបងប្អូនអាជីវករទាំងអស់មេត្តាជ្រាប និងយោគយល់ដោយសេចក្តីអនុគ្រោះ។ ក្រោយផុតរយៈពេលនៃការប្រឡង បងប្អូនអាជីវករទាំងអស់អាចបើកដំណើរការអាជីវកម្មជាធម្មតាឡើងវិញ។

ទទួលបានសេចក្តីជូនដំណឹងនេះ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជ អាវុធហត្ថរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរជំនាញពាក់ព័ន្ធជុំវិញរដ្ឋបាលរាជ ធានីភ្នំពេញ និងបងប្អូនអាជីវករពាក់ព័ន្ធ ត្រូវផ្សព្វផ្សាយ អនុវត្តឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់…៕

RELATED ARTICLES