Wednesday, September 3, 2025
Homeតារាខ្មែរ ពេជ្រ សូលីកា រុញប្អូនស្រីឡើងច្រៀង

 ពេជ្រ សូលីកា រុញប្អូនស្រីឡើងច្រៀង

ភ្នំពេញ ៖ ប្អូនស្រីតារាចម្រៀង ពេជ្រ សូលីកា កញ្ញាជេលី ជីង (Jelly Jing) បានសាកល្បងឡើងច្រៀងឆាកតន្រ្ដី តាម Pub និងក្លឹបមួយចំនួន កាលពីពេលថ្មីៗនេះ ដោយមានក្រុមរាំអម ដល់ទៅ៦នាក់ ក្រោមការជំរុញនិងគាំទ្រពីបងស្រីរបស់ខ្លួន។ ប្រភពបានឲ្យដឹង ថាប្អូនស្រីសូលីកា ហាក់នៅមិនទាន់ស៊ាំឆាកតន្រ្ដីទេ ព្រោះកន្លង មក នាងធ្លាប់តែច្រៀងចាប់ដៃជាមួយបងស្រីនាង ពេជ្រ សូលីកា ជាអ្នកយោងនាង ប៉ុន្ដែពេលនេះ សូលីកា បានបណ្ដោយឲ្យប្អូនស្រីច្រៀងដោយគ្មាននាងជួយផ្ទាល់ តែនាងនៅឈរក្រោយឆាកតន្រ្ដីដែលប្អូនច្រៀងជានិច្ច ។

យ៉ាងណា ដោយសាតែ ជេលី ជីង នៅក្មេង មិនទាន់ពេញវ័យ ហេតុនេះការសមត្ថភាពច្រៀងរបស់នាង នៅមិនទាន់អាចសន្និដ្ឋានបានឡើយ។ ប៉ុន្ដែការហ្វឹកហាត់តាំងពីនៅពីក្មេងបែបនេះ ក្រោមការបណ្ដុះបណ្ដាលពីសូលីកា ទម្រាំនាងពេញវ័យ គឺប្រាកដជាបានល្អដូចបងស្រីរបស់នាងមិនខាង។

សូមបញ្ជាក់ថា ពេជ្រ សូលីកា ធ្លាប់ចាប់ដៃច្រៀងជាមួយប្អូនស្រីខ្លួន លើកដំបូង កាលពីឆ្នាំ២០២៤ តាមរយៈបទ «ផ្កាឈូកកម្សត់» ហើយអំឡុងពេលនាងច្រៀង Solo Concert កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ក៏បាននាំ ប្អូនស្រីឡើងឆាកធំនោះរួមគ្នាដែរ ។ ប៉ុន្ដែដោយចង់ឲ្យប្អូនស្រីឆាប់ស៊ាំនឹងឆាកតន្រ្ដី និងមានតម្លៃខ្លួនដាច់ដោយឡែក មិនចាំបាច់ផ្គួបជាមួយខ្លួន ទើបថ្មីៗនេះ ស្រីពេជ្រ ឲ្យប្អូនចេញច្រៀង ដោយមិនចាំបាច់ចាប់ដៃគូជាមួយនាងទៀត។

 សូមរំលឹកថា ពេជ្រ សូលីកា ក្រោយម្ដាយនាង អ្នកស្រី ស៊ិន ស្រីនាង ត្រូវតុលាការផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ រយៈពេល ១២ឆ្នាំ ពីបទ «ឃាតកម្ម» លើគូស្នេហ៍ភេទដូចគ្នា កាលពីខែមករា ឆ្នាំ២០២០ នាងបានតាំងចិត្តថា ភារកិច្ចសំខាន់ដែលនាងត្រូវធ្វើ គឺប្រឹងរកលុយចិញ្ចឹមកូន និងប្អូន ហេតុនេះនាងស្នើសុំកុំឲ្យអ្នកលេងបណ្ដាញសង្គម វាយប្រហារនាងទៀតអី ។ រយៈពេលជាង ៥ឆ្នាំ ពេជ្រ សូលីកា អាចបង្រៀនប្អូនឲ្យចេះច្រៀង ឡើងឆាកដោយខ្លួនឯង ពោលគឺចេះរកលុយបានខ្លួនឯង ដែលពេលនេះលែងជាបន្ទុកទាំងស្រុងលើនាងដូចមុនទៀតហើយ ។ ប៉ុន្តែយ៉ាងណា ទាក់ទងការធ្វើបទចម្រៀង រៀបចំខ្លួនឡើងឆាក និងក្បាច់រាំ គឺសុទ្ធតែមានការចង្អុលបង្ហាញពីស្រីពេជ្រ គ្រប់ពេល ទើបធ្វើឲ្យប្អូននាងបានក្លាយជាអ្នកចម្រៀងម្នាក់នាពេលនេះ រហូតមាន Pub និងក្លឹបខ្លះ ហ៊ានជួលច្រៀង ដោយមិនបាច់ភ្ជាប់ជាមួយបងស្រីទៀតផង។

ក្រៅពីពេជ្រ សូលីកា តារាចម្រៀងដែលយកប្អូនឲ្យច្រៀងដូចខ្លួនដែរ មានដូចជា លោកណុប បាយ៉ារិទ្ធ (នីកូ), មាស សុខរតនៈ (មាស សុខសោភា), ណាំ ប៊ុណ្ណារ័ត្ន (Angella)), ខេមរៈ សិរីមន្ដ (ខេមរៈ ស្រីពៅ, ឆាយ វីរៈយុទ្ធ (ឆាយ សុវណ្ណារី), មាស សាលី (វេហាស៍), និងហ្សូណូ (K) ជាដើម ។ ប្រភពថា ដើម្បីឲ្យប្អូនស្រីឆាប់ល្បី សូលីកា នឹងផលិតបទចម្រៀងជាដៃគូជាមួយខ្លួនថែមទៀត ដែលពេលនោះ ទាំងនាងនិងប្អូន នឹងចេញ អង្រួនឆាកតន្រ្ដីព្រមគ្នាតែម្ដង ។

 មានការកត់សម្គាល់ថា កាលពីឆ្នាំ២០២៤ ពេជ្រ សូលីកា រកប្រាក់ចំណូលបានមិនក្រោម ៣០ម៉ឺនដុល្លារឡើយ ពីការច្រៀង Concerts សរុបគ្រប់កម្មវិធីទាំងអស់ ជិត១០០កម្មវិធីបន្ទាប់ពីនាងល្បីត្រឹមតែ ២បទប៉ុណ្ណោះ គឺបទ «ថែការចងចាំ» និង «បើអូនជួបគេ» ។ ប៉ុន្ដែនៅឆ្នាំ២០២៥ នេះ គង់ ស្រីពេជ្រ ហៅពេជ្រ សូលីកា មិនទាន់មានបទល្បីៗដូចមុនទេ ហើយតាំងពីផ្ទុះសង្រ្គាមនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ បង្កដោយទាហានសៀម ឈ្លាន ពានកម្ពុជា មកនាងសកម្មក្នុងការដើរធម្មយាត្រា ទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ដើម្បីសុំសន្ដិភាព និងទាមទារឲ្យថៃ ឈប់ឈ្លានពានកម្ពុជា ហើយដោះលែងកងទ័ពកម្ពុជា ១៨នាក់។ ប៉ុន្ដែពេលនេះ ស្រីពេជ្រ បានវិលរកឆាកតន្រ្ដីវិញហើយ ក្រោយពីផ្អាក ១ខែ ។

អ្នកជំនាញសិល្បៈ បានលើកឡើងថា មូលហេតុដែលពេជ្រ សូលីកា ចង់ឲ្យប្អូនស្រីដើរតាមគន្លងខ្លួន ព្រោះនាងយល់ថា អាជីពចម្រៀង ស្រួលរកលុយជាងអាជីពមួយចំនួនទៀត នៅពេលដែលល្បីឈ្មោះ ។ ប៉ុន្ដែពេលនេះ ប្អូនស្រីសូលីកា ត្រូវបានគេចាប់អារម្មណ៍ទៅលើក្បាច់រាំ ជាងសំឡេង ៕

RELATED ARTICLES