ភ្នំពេញ ៖ តារាសម្ដែងរូបស្រស់សោភា កញ្ញាសឹម ស្រីនិច្ច ឈឺក្បាលមិនតិចទេ ព្រោះតែដោយសារតែប្រុសស្អាតសុខ សាន់នី ត្រូវបានគេយករូបលោកទៅដើរបោកស្រីៗ ក្នុងន័យស្នេហា ជាបន្ដបន្ទាប់ ហើយឆាតមករំខាននាង បើទោះជាលោកសាន់នី បានប្រកាសឲ្យមានការប្រុងប្រយ័ត្ន ហើយសមត្ថកិច្ចចាប់បានក្រុមបោក ប្រាស់ទាំងនោះ តាំងពីចុងខែសីហា ក្ដី ក៏ពេលនេះមានក្រុមជនបោកនោះផ្សេងៗទៀត បន្ដយករូបលោកសាន់នី ដើរបោកស្រីៗ និងឆាតទៅស្រីនិច្ច ដដែល។ អ្វីដែលធ្វើឲ្យស្រីនិច្ច ហួសចិត្ត គ្មានវាចាថ្លែងនោះ គឺស្រីៗឆាតទៅនាងហាក់ដូចជាចាត់ទុកនាងជាស្រី ឬកំណាន់ចិត្តរបស់លោកលោកសាន់នី ទើបពួកគេថា លោកសាន់នី មិនចង់ឲ្យនាងដឹងថា លោកបានទាក់ទងទៅពួកគេទៀតផង។

ស្រីនិច្ច ថ្លែងនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ថាផ្ដាំទៅស្រីៗទាំងនោះថា ឲ្យឈប់ឆាត ឬCall មកនាងទៀត ដោយនាងថែមទាំងប្រាប់ទៅពិធីករថា នាងកំពុងតែគេង ស្រាប់តែមានគណនេយ្យ ២-៣ តេទៅរំខាននាង សួរនាំពីបញ្ហានេះ ទាំងព្រឹកតែម្ដង។ ពេលនោះ លោកសាន់នី ប្រាប់ទៅស្រីនិច្ច វិញថា «ហត់នឿយមែន ដល់ខ្មែរ មិនចេះខ្មែរអ៊ីចឹង ថាពួកស្រុកគេទៅ វាមិនចេះខ្មែរ»។


គួរបញ្ជាក់ថា សឹម ស្រីនិច្ច ត្រូវបានសង្ស័យថា នាងមានទំនាក់ទំនងស្នេហាជាមួយលោកសុខ សាន់នី ដោយ សាតែពួកគេបង្ហាញភាពល្អូកល្អិនគ្នាលើសពីមិត្តរួមអាជីព ដូចជាធ្លាប់បណ្ដើរគ្នាទៅលេងនៅថៃ តែពីរនាក់ និងញ៉ាំអាហារចានបាយតែមួយរួមគ្នា ជាដើម ។ ប៉ុន្ដែស្រីនិច្ច បែរជាប្រាប់អ្នកយកព័ត៌មានយើងថា គ្មានទំនាក់ទំ នងស៊ីជម្រៅជាមួយលោកពិធីកររូបសង្ហានេះទៅវិញ ហើយពេលលោកសាន់នី ស្និទ្ធស្នាលជាមួយតារាស្រីផ្សេងៗទៀត ដូចជា ត្រូវជីជី និងគៀត សុវណ្ណាឡាង ឱបថើបនោះ នាងថែមទាំងអត់ខ្វល់ ឬប្រចណ្ឌលោក សាន់នី ឡើយ។ ដោយសាតែឃើញមន្ដស្នេហ៍របស់លោកសាន់នី មិនធម្មតាបែបនេះហើយ ទើបក្រុមជនខិលខូច បានយករូបថតលោក ទៅបង្កើតហ្វេសបុកក្លែងក្លាយ បោកស្រីៗ ដោយដើរតួជាពិធីកររូបនេះ ឆាតញ៉ែស្រីៗ។ ជាមួយគ្នានេះដែរ មានស្រីៗខ្លះ ដែលត្រូវគណនីហ្វេសបុកក្លែងក្លាយ ដាក់រូបលោកសាន់នី ឆាតទៅញ៉ែ ពួកគេបានរាយការណ៍ទៅស្រីនិច្ច ដោយចាត់ទុកនាងថា ជាសង្សារលោកសាន់នី ទើបធ្វើឲ្យស្រីនិច្ច មួម់ៅក្ដៅចិត្ត ។ ចំណែកលោកសាន់នី ក៏សារភាពថា លោកអស់លទ្ធភាពពន្យល់បងប្អូនហើយ ព្រោះលោកធ្លាប់ប្រាប់ដដែលៗថា ឲ្យប្រុងប្រយ័ត្ន កុំចាញ់បោកគេ ព្រោះគេក្លែងបន្លំជាលោកទេ ប៉ុន្តែនៅតែមានអ្នកជឿថាលោកឆាតទៅញ៉ែគេដដែល ។ អ្នកសិល្បៈរួមអាជីព បានលើកឡើងថា នេះសំណាងហើយដែលស្រីនិច្ច បដិសេធស្នេហ៍លោកសាន់នី តាំងពីដំបូង តែបើនាងជាសង្សារលោកសាន់នី វិញ ប្រាកដជានឹងធ្វើឲ្យចំណងស្នេហាឈានទៅរង្គោះរង្គើជាមិនខាន នៅពេលដែលមានស្រីរាយការណ៍ទៅនាងថា សង្សារឆាតញ៉ែពួកគេបែបនេះ ។

មានការកត់សម្គាល់ថា សឹម ស្រីនិច្ច ជាតារាសម្ដែងលេចធ្លោម្នាក់ នាពេលបច្ចុប្បន្ន ហើយមិនខ្វះឡើយប្រុសៗចង់នៅក្បែកាយានាង ប៉ុន្ដែនាងបែរជាជឿជាក់តែលោកសុខ សាន់នី ម្នាក់ប៉ុណ្ណោះ រហូតដល់អ្នកញ៉ែនាងមួយចំនួន ខកចិត្ត ព្រោះជឿថា «ស្នេហ៍មិនឈ្នះស្និទ្ធ»។Fan ទាំងសងខាង ចង់ឲ្យស្រីនិច្ច-សាន់នី ក្លាយទៅជាគូស្នេហាពិត ព្រោះពួកគេសមគ្នា «ស្រីស្អាតប៉ះប្រុសសង្ហា» ។ ប៉ុន្តែពេលនេះ ស្រីនិច្ច បែរជាអារម្មណ៍ច្របូលច្របល់ ព្រោះតែស្រីៗដែលថាខ្លួនត្រូវបានលោកសាន់នី ឆាតញ៉ែ តាមរំខាននាងទៅវិញ ។

សឹម ស្រីនិច្ច ត្រូវបានរំពឹងថា នឹងឡើងកូដមួយក្រឺតទៀត នៅពេលដែលភាពយន្ដរឿង «អប្សរាមហាអង្គរ» ដាក់បញ្ចាំង នាពេលឆាប់ៗខាងមុខនេះ ព្រោះរឿងនេះ នាងសម្ដែងជាតួអង្គ ៣ផ្សេងគ្នា ក្រោមការដឹកនាំរបស់លោកហ្វៃ សំអាង ។ នៅពេលពេលស្រីនិច្ច កាន់តែឡើងកូដ នោះមន្ដស្នេហ៍របស់នាង ក៏រឹតតែមិនធម្មតាជាមិនខាន ៕

