Thursday, September 11, 2025
Homeតារាខ្មែរសួស វីសា លែងបុកចម្រៀង

សួស វីសា លែងបុកចម្រៀង

ភ្នំពេញ ៖ សួស វីសា លែងមានបទថ្មីៗល្បីដូចមុន ជាច្រើនខែមកហើយ បើទោះជាជំងឺរលាកបំពង់ករបស់នាង បានធូរស្រាលហើយក្ដី ប៉ុន្ដែទាំងរូបនាងនិងប្ដី ពេលនេះផ្ដោតទៅលើការពង្រឹងអាជីវកម្ម Online ច្រើនជាង ច្រៀងរាំ ។ វីសា បានសម្ពោធក្រុមហ៊ុនថ្មីមួយទៀត កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ខណៈដែលលោក ថមមី ថាឲ្យតែមានភរិយានៅក្បែរ គឺការរកស៊ីឬធ្វើអ្វីមួយ លោកតែងតែមានជំនឿចិត្តខ្ពស់ ។

ក្រៅពីកំណត់ថ្ងៃល្អ ០៩-៩-២០២៥ បោះទុនរកស៊ីធំនោះ សួស វីសា មិនបានសន្យា ឬប្រកាសទៅ Fan ថា ពេលណានាងចេញបទថ្មីឡើយ ។ ប៉ុន្ដែអ្វីដែលគួរឲ្យកត់សម្គាល់ ពេលនេះ នាងនៅតែមិនទាន់សម្រកគីឡូបានដដែល ពោលគឺមានព្រលឹងបន្ដិច បើទោះជាសម្រាលកូនប្រុសទី២ បានជាង៥ខែហើយក្ដី ប៉ុន្ដែមិនអាចរក្សារាងដូចមុនមានកូនបានទេ ។ ប្រសិនបើវីសា នៅតែបណ្ដោយឲ្យឡើងគីឡូថែមទៀត នោះនាងប្រាកដជាមិនអាចប្រជែងទីផ្សារចម្រៀងសាជាថ្មីបានជាដាច់ខាត។ ចំណែកតំណែងនាងជាគណៈកម្មការ Beat The Best រដូវកាលថ្មីខាងមុខ ស្ថិតក្នុងភាពស្រពេចស្រពិលនៅឡើយ បើទោះជានាងមិនទាន់ប្រកាសជាផ្លូវការថា បានចេញ ពីហង្សមាស ក្ដី ។

 ក្រៅពីសួស វីសា តារាដែលមិនអាចហាមឃាត់ការឡើងគីឡូបាន ក្រោយមានកូន មានឱក សុគន្ធកញ្ញា និងយក់ ថិតរដ្ឋា ជាដើម ប៉ុន្ដែថ្មីៗនេះ រដ្ឋា សម្រកគីឡូបានដោយជោគជ័យដល់ទៅ ១៨គ.ក្រ ទើបធ្វើឲ្យនាងមានទីផ្សារចម្រៀងជាថ្មី។ សម្រាប់វីសា នាងថាខ្លួនមានសំណាង ប្រៀបដូចជាព្រះនាង បន្ទាប់ពីក្លាយជាភរិយាលោកប៊ុនថុល ប៊ុនថង ហៅថមមី ជិត៦ឆ្នាំ ព្រោះប្ដីថ្នាក់ថ្នម និងផ្គាប់ចិត្តនាងគ្រប់បែបយ៉ាងទាំងអស់ ។ ប៉ុន្ដែរឿងដែលវីសា មិនទាន់ធ្វើបានសម្រេចនោះ គឺនាងចង់ជិះរថយន្ដលំដាប់សេដ្ឋី ម៉ាក Rolls Royce ឥឡូវមិនទាន់មានលុយគ្រប់ទិញជិះទេ ខណៈដែលបច្ចុប្បន្ន នាងជិះឡានទំនើបៗ ឆ្លាស់គ្នា ដូចជា Lexus Lx570, Lexus Nx200t, Alphard និង BMW ជាដើម ។

 ប្រភពបានឲ្យដឹងថា ទាំងសួស វីសា និងប្ដី សុទ្ធតែបានដឹងខ្លួនច្បាស់ថា ក្រោយពួកគេរៀបការ មានកូន គឺអាជីពសិល្បៈ មានការប្រែប្រួល ទីផ្សារចុះខ្សោយ ហេតុនេះបានជាងាកទៅបុករកស៊ីផ្នែក Online វិញម្ដង។ ដើម្បីឲ្យអាជីវកម្មរបស់ខ្លួនទទួលបានការចាប់អារម្មណ៍ វីសា ថែមទាំងឲ្យប្ដីតែងខ្លួនជាភេទទី៣ ទៀតផង ទើបរហូតមកដល់បច្ចុប្បន្ន នាងនិងប្ដីដែលលែងសូវល្បីខាងសិល្បៈ មកជាលេចធ្លោលើ Online វិញម្ដង។

អ្នកជំនាញសិល្បៈ បានព្រមានថា វីសា ពិបាកប្រជែងទីផ្សារចម្រៀងជាមួយតារាវ័យក្មេងថ្មីៗ ទោះជានាងជាតារាដែលមានសមត្ថភាពម្នាក់ក្ដី ប៉ុន្ដែការអាក់ខានចេញបទថ្មីៗ អំឡុងពេលមានបញ្ហារលាកបំពង់កធ្ងន់ធ្ងរ និងការសម្រាលកូនទី១ និងទី២ ដែលតម្រូវឲ្យផ្អាកពីឆាកតន្រ្ដី និងគ្មានបទថ្មី ចេញ២ឆ្នាំនោះ ធ្វើឲ្យនាងត្រូវបាន Fan ខ្លះ លែងសូវតាមដានចម្រៀងរបស់នាងទៀតហើយ ។ ប៉ុន្តែបញ្ហាសុភមង្គល ជារឿងសំខាន់ ហេតុនេះការមានប្ដីនិងកូន គឺជារឿងចាំបាច់ ព្រោះមនុស្សម្នាក់ៗ មិនអាចរស់នៅម្នាក់ឯងជារៀងរហូតទេ ហេតុនេះហើយបានជាទស្សនិកជនភាគច្រើន សរសើរវីសា និងប្ដី ពូកែរកស៊ី ហើយនាងក៏ត្រូវបានចាត់ទុកដូចឱក សុគន្ធកញ្ញា ដែលជោគជ័យទាំងស្នេហា និងអាជីពចម្រៀង ។ ប៉ុន្តែការមានកូនប្រុសស្រី ពីរនាក់ របស់គូស្នេហ៍សួស វីសា-ថមមី នៅមិនទាន់គ្រប់គ្រាន់ទេ ព្រោះតាមប្រភពថា ប្ដីប្រពន្ធតារា ១គូនេះ នឹងត្រៀមយកកូនទី៣ មុនទិញរថ យន្តបន្ថែម Rolls Royce ៕

RELATED ARTICLES