ភ្នំពេញ ៖ ប៉ាច គីមមួយ និងសយ រតនៈ បានថើបគ្នានៅថ្ងៃជប់លៀងខួបស្នេហា ៨ឆ្នាំ(8th Anniversary ) កាលពីទី៩ ខែកញ្ញា ឆ្នាំ២០២៥ ខណៈដែលនៅថ្ងៃពិសេសនោះ ទាំង គីមមួយ និងគូស្នេហ៍ សុទ្ធតែបង្ហាញអារម្មណ៍ថា ចំណងស្នេហាពួកគេ ចុះមស្រុងគ្នាល្អ ចិត្ត១ថ្លើម១ ទៅហើយ ។ ចំណែក Fan ទាំងសងខាង បានជំរុញឲ្យគីមមួយ-រតនៈ ចូលរោងការនៅចុងឆ្នាំ២០២៥ នេះតែម្ដងទៅ ព្រោះ៨ឆ្នាំ គ្រប់គ្រាន់ហើយក្នុងការស្វែង យល់ចិត្តគ្នា។

អ្នកយកព័ត៌មាន «នគរធំ» បានទូរស័ព្ទទៅលោក សយ រតនៈ កាលពីរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ តែគ្មានអ្នកទទួលឡើយ ។ ប៉ុន្ដែក្នុងជំនួបកន្លងមក ទាំងគីមមួយ និងរតនៈ សុទ្ធតែអះអាងស្របគ្នាថា រឿងរៀបការ មិនអាចប្រាប់មុនបានទេ ព្រោះតែពួកគេចង់ឲ្យ Fan ភ្ញាក់ផ្អើល (Surprise) អីចឹងមានតែលាក់ថ្ងៃពិតប្រាកដជា បន្ដទៅទៀត ហើយចាំដល់ថ្ងៃរៀបការគឺរៀបចំឲ្យគ្រប់គ្នាបានឃើញតែម្ដង ។

សូមរំលឹកថា ប៉ាច គីមមួយ-សយ រតនៈ បានភ្ជាប់ពាក្យកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ក្រោយពីពួកគេស្រលាញ់គ្នា ៥ឆ្នាំ ពេលរួមទ្រនំហង្សមាស។ បច្ចុប្បន្នគួស្នេហ៍តារា ១គូនេះ បានចេញពីហង្សមាស ព្រមគ្នា ដោយងាកមកផលិតបទចម្រៀងដោយខ្លួនឯង ចំណាយលុយផ្ទាល់ខ្លួន ប៉ុន្ដែនៅបន្ដច្រៀងឆាកហង្សមាស ធម្មតា ។

ប្រភពថា ក្រោយមានគូដណ្ដឹង ៣ឆ្នាំ ប្រៀបដូចជាអង្គរក្សបេះដូង តាមការពារស្អិតគ្រប់កន្លែងបែបនេះ គីមមួយ មិនសូវមានប្រុសតាមញ៉ែដូចមុនទៀតទេ ហើយនាងក៏ជាស្រីស្អាតម្នាក់ដែលទទួលបានការសរសើរពីតារារួមអាជីពថា មិនចេះទន់ជ្រាយទៅតាមឥទ្ធិពលលុយឡើយ ពោលគឺមនុស្សប្រុសដែលអាចយកបេះដូងនាងបាន គឺទាល់តែនាងស្រលាញ់ ទើបអាចទៅរួច ព្រោះតាមព័ត៌មានថា មានសេដ្ឋីមួយចំនួន ចង់ចិញ្ចឹមនាង ដោយផ្គត់ផ្គងគ្រប់បែបយ៉ាងទាំងអស់ តែទីបំផុត គីមមួយ សុខចិត្តជ្រើសយកលោករតនៈ ហើយទិញផ្ទះ បង់រំលស់រួមគ្នា។ គីមមួយ ក៏មិនច្រណែននឹងតារាដែលច្រៀងក្រោយនាង រូបសម្រស់មិនដល់នាង តែពួកគេមានផ្ទះវីឡា និងជិះរថយន្ដទំនើបៗនោះឡើយ ដោយនាងធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា «គេចិញ្ចឹម មិនមែនស្រួលទេ» ដោយសារតែនាងចង់សំដៅដល់ប្រឈមសម្ពាធ ហួងហែងពីគូស្នេហ៍លាក់មុខ ប្រសិនបើសុខចិត្តលេងផ្លូវកាត់ យកលុយ ឡាន និងវីឡា ដោយស្រួលៗ ជាថ្នូរងារជំទាវលាក់មុខនោះ។

លោក សយ រតនៈ ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា ទោះជាពេលនេះ លោកនិងគីមមួយ អត់ទាន់កំណត់ថ្ងៃរៀបការ ប៉ុន្ដែពួកគេបានរួមរស់ក្រោមដំបូលតែមួយទៅហើយ ។ Fan ថា ៣ឆ្នាំមកនេះ ជាញឹកញាប់ គេឃើញគីមមួយ និងរតនៈ ក្រៅពីមមាញឹកចេញច្រៀងសម្ដែងរៀងៗខ្លួននោះ អ្នកទាំងពីរក៏រកស៊ីលក់ Online ផងដែរ ដើម្បីសន្សំលុយឲ្យគ្រប់ចំនួន ទើបរៀបការ។

ក្រៅពីស្រីស្អាត ប៉ាច គីមមួយ តារាដែលជ្រើសប្ដីជាតារាដូចគ្នា មានដូចជា អ្នកនាង គង់ សុជាតិ, ខាត់ សុឃីម, យក់ ថិតរដ្ឋា, កុល ដាវី, សែម ឆវី, ទេព បូព្រឹក្ស, គង់ ច័ន្ទរដ្ឋា, គង់ ច័ន្ទស្រីមុំ និងម៉ានីកា ជាដើម ។

លោកគួច ខេវិន អតីតអ្នករៀបចំកម្មវិធីសិល្បៈ បានលើកឡើងថា តារាដែលជ្រើសអ្នករួមអាជីពដូចគ្នា ជាគូស្រករ រក្សាបានស្នេហាយូរអង្វែងជាងអ្នកយកគូក្រៅរង្វង់សិល្បៈ ៕
