ខេត្តព្រះវិហារ-សៀមរាប ៖ លោកស្រី ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី (គណៈកម្មការទី៨) នៃរដ្ឋសភា និងជាប្រធានក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្រ្តី តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលនិងសាក សួរសុខទុក្ខវីរកងទ័ពរងរបួសនៅសមរភូមិជួរមុខ ដែលកំពុងសម្រាកព្យាបាលជំងឺចំនួន ១៦នាក់ នៅមន្ទីពេទ្យបង្អែកខេត្តសៀមរាប និងបានបន្តអញ្ជើញជួបសំណេះសំណាល និងចុះសាកសួរសុខទុក្ខវីរកងទ័ពរងរបួសនៅសមរភូមិជួរមុខ ដែលកំពុងសម្រាកព្យាបាលចំនួន ១៧នាក់ នៅមន្ទីពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ ។

លោកស្រី ឡោក ខេង បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេច ឃួន សុដារី ប្រធានរដ្ឋសភា សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់បងប្អូនទាំងអស់ ដោយក្តីនឹករលឹក និងការគិតគូរដល់បងប្អូនវីរកងទ័ពគ្រប់ពេលវេលា។ ឆ្លៀតក្នុងឱកាសនោះដែរ លោកស្រី ព្រមទាំងប្រតិភូទាំងអស់ បានជូនពរឱ្យវីរយុទ្ធជនមានសុខភាពល្អ និងឆាប់ជាសះស្បើយ ដើម្បីបានទៅបម្រើជាតិមាតុភូមិ។

ជាមួយគ្នានេះ លោកស្រី ឡោក ខេង បានបញ្ជាក់ពីទឹកចិត្តគោរពកោតសរសើរ និងដឹងគុណដល់វីរភាពកងទ័ព ដែលបានតស៊ូ លះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុការពារបូរណភាព និងសេចក្តីសុខ សន្តិភាពជូនជាតិ និងប្រជាជន ព្រមទាំងសម្តែងនូវអំណរគុណក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់ ដែលបាននិងកំពុងបំពេញតួនាទីជាកងទ័ពអាវសជួរក្រោយ ដោយឈរលើសាមគ្គីភាពជាធ្លុងមួយ យកចិត្តទុកដាក់មិនរាថយ បម្រើការថែទាំព្យាបាលអ្នកជំងឺគ្រប់ស្ថានការណ៍ ប្រកបដោយវិជ្ជាជីវៈ និងសេចក្តីស្រឡាញ់។
ក្នុងឱកាសនោះ លោកស្រី ឡោក ខេង បាននាំយកថវិកាផ្តល់ជូនដល់វីរកងទ័ពដែលរបួស ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១លានរៀល និងក្រមា១ ដោយក្នុងនោះថវិកាសម្តេចប្រធានរដ្ឋសភា ចំនួន ២០ម៉ឺនរៀល ក្នុងមួយនាក់ ថវិកាក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្រ្តី ចំនួន ២០ម៉ឺនរៀល ថវិកាគណៈកម្មការទី៤ ចំនួន ២០ម៉ឺនរៀល ថវិកាគណៈកម្មការទី៨ ចំនួន ២០ម៉ឺនរៀល និងថវិកាគណៈកម្មការទី៩ ចំនួន ២០ម៉ឺនរៀល។

ដោយឡែកសម្រាប់មន្ទីរពេទ្យខេត្តសៀមរាប ទទួលបានថវិកាចំនួន ៤លានរៀល ក្នុងនោះថវិកាសម្តេច ឃួន សុដារី ប្រធានរដ្ឋសភា ចំនួន ២លានរៀល ថវិកាក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្រ្តី ចំនួន ៥០ ម៉ឺនរៀល ថវិកាគណៈកម្មការទី៤ ចំនួន ៥០ម៉ឺនរៀល ថវិកាគណៈកម្មការទី៨ ចំនួន ៥០ម៉ឺនរៀល និងថវិកាគណៈ កម្មការទី៩ ចំនួន ៥០ម៉ឺនរៀល ។ រីឯថវិកាឧបត្ថម្ភដល់មន្ទីរពេទ្យបង្អែកខេត្តព្រះវិហារ ចំនួន ៤លានរៀល ផងដែរ ៕ ខៀវទុំ