Friday, September 12, 2025
Homeព័ត៌មានជាតិនាយករដ្ឋមន្ត្រី បញ្ជាបញ្ចេញឡានក្រុង៦០០គ្រឿង ដឹកពលរដ្ឋទៅស្រុក បុណ្យភ្ជុំបិណ្ឌ

នាយករដ្ឋមន្ត្រី បញ្ជាបញ្ចេញឡានក្រុង៦០០គ្រឿង ដឹកពលរដ្ឋទៅស្រុក បុណ្យភ្ជុំបិណ្ឌ

ភ្នំពេញៈ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញ បញ្ចេញរថយន្តក្រុង ចំនួន៥៩៧គ្រឿង សម្រាប់ដឹកជញ្ជូនបងប្អូន ប្រជាពលរដ្ឋ ធ្វើដំណើរទៅលេងស្រុកកំណើត ដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។

សម្តេចហ៊ុន ម៉ាណែត បានបញ្ជាក់តាមបណ្តាញសង្គម ហ្វេសប៊ុក នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ថារាជ រដ្ឋាភិបាល បានត្រៀមរៀបចំរថយន្តក្រុង ចំនួន៥៩៧គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ ប្រចាំថ្ងៃ និងសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ ចំនួន៦ថ្ងៃ។

សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា “ដូចដែលបានរៀបចំជាច្រើនឆ្នាំកន្លងមក ដើម្បីជួយ សម្រាលបន្ទុកចំណាយរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ខ្ញុំបានផ្តល់គោលការណ៍ជូនរដ្ឋបាលរាជធានីភ្នំពេញ រៀបចំនូវរថយន្តក្រុង សម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរទៅលេងស្រុកកំណើត ដោយឥតគិតថ្លៃ”។

សម្តេចនាយករដ្ឋមន្ត្រី បន្តថា លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរៀបចំរថយន្តក្រុង ចំនួន៥៩៧គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ប្រចាំថ្ងៃ និងសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ ចំនួន៦ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ដោយក្នុងនោះ ៖

១- រថយន្តក្រុង ចំនួន១០០គ្រឿង ប្រើប្រាស់សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋ ប្រចាំថ្ងៃ ក្នុងរាជធានីភ្នំពេញ និងសេវារថយន្តក្រុងសាធារណៈអាកាសយានដ្ឋានអន្តរជាតិតេជោ (AIRPORT EXPRESS BUS)។

២- រថយន្តក្រុងចំនួន ៤៩៧គ្រឿង ប្រើប្រាស់សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញទៅលេងស្រុកកំណើត និងការវិលត្រឡប់មកវិញ ដោយមានបែងចែកជាខ្សែរត់ធំៗ ចំនួន ៧គោលដៅ។ ព័ត៌មានលម្អិត សាលារាជធានីភ្នំពេញ នឹងផ្តល់ជូនសាធារណៈជនក្នុងពេលឆាប់ៗ ខាងមុខ។

ជាមួយគ្នានោះដែរសម្តេច បានសង្ឃឹមថា ការរៀបចំនេះនឹងអាចជួយសម្រួលនិងសម្រាលបន្ទុកខ្លះ ក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំនេះ៕

RELATED ARTICLES