ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ម៉ាឡេស៊ី ដែលជាប្រធានក្រុមអ្នកសង្កេត ការណ៍អន្តរកាល លើការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ រវាងប្រទេសកម្ពុជា និងថៃ បានបន្តដឹកនាំក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចុះពិនិត្យតំបន់ច្រកព្រំដែនកម្ពុជា-ថៃ នៅច្រកបឹងត្រកួន ខេត្តបន្ទាយ មានជ័យ ប្រទេសកម្ពុជា ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ ។

លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងនៅព្រឹកថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ថា ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្រប សម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយវរសេនីយ៍ឯក ម៉ូដ ហ្វារីដ ប៊ិន ម៉ូដ យូសូព (Mohd Farid Bin Mohd Yusop) ប្រធានក្រុមអ្នកសង្កេតការណ៍អន្តរកាល ទីស្នាក់ការ២ ប្រចាំខេត្តបន្ទាយ មានជ័យ អញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង ក្រោយបទឈប់បាញ់ នៅច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍តាមតួនាទី ភារកិច្ច ។

ក្នុងឱកាសនេះ ក្រុម IOT បានធ្វើសកម្មភាពសហការជាមួយអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងពាក់ព័ន្ធ ដើម្បីតាមដានស្ថានការណ៍នៅតំបន់ព្រំដែន ពិនិត្យការអនុវត្តបទឈប់បាញ់ និងប្រមូលព័ត៌មានបច្ចុប្បន្នភាព ឲ្យបានត្រឹមត្រូវ និងមានតម្លាភាព។ ការចុះពិនិត្យនេះ មានគោលបំណងជំរុញការបង្កើតទំនុកចិត្ត និងថែរក្សាស្ថិរភាពសន្តិសុខសម្រាប់ប្រជាពលរដ្ឋនៅតំបន់ជិតព្រំដែន ។
សូមជម្រាបថា កាលពីរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងការពារជាតិកម្ពុជា បានសម្របសម្រួលទទួលដំណើរអញ្ជើញដល់របស់ក្រុមអ្នកសង្កេតកាណ៍អន្តរកាល (IOT) ដឹកនាំដោយឧត្តមសេនីយ៍ត្រី Dato’ Pahlawan Asri bin Shukor នាយកនាយកដ្ឋានបណ្តុះបណ្តាល នៃបញ្ជាការដ្ឋានកងទ័ពជើងគោកម៉ាឡេស៊ី និងជាប្រធានបេសកកម្ម IOT (HOM) និងតំណាងមកពីប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីន នៅអាកាសយាន្តដ្ឋានអន្តរជាតិតេជោ។
វត្តមានរបស់ក្រុមអ្នកសង្កេតការណ៍ (IOT) ដែលបានអញ្ជើញដល់ព្រះរាជាណាចក្រកម្ពុជា គឺជាការចូលរួមយ៉ាងសកម្មរបស់បណ្តាប្រទេសជាសមាជិកក្នុងសមាគមអាស៊ាន ជាពិសេស មានប្រទេសម៉ាឡេស៊ី ជាប្រធាន ដឹកនាំសម្របសម្រួលក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី សម្រាប់ប្រជាជាតិទាំងពីរប្រទេស។ ទាំងនេះគឺជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីបំណងប្រាថ្នារួម ក្នុងការធ្វើឱ្យបទឈប់បាញ់ ទទួលបានជោគជ័យនិងយូរអង្វែង ជាមួយនឹងគោលដៅនាំមកវិញនូវសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសម្រាប់ ប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ថៃ។

ក្រសួងការពារជាតិកម្ពុជា បញ្ជាក់ថា សកម្មភាពនេះ កើតចេញពីលទ្ធផលដែលបន្តពីកិច្ចប្រជុំពិសេស កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (Extraordinary GBC Meeting) នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលបាននាំទៅដល់ការឯកភាពគ្នាលើបទឈប់បាញ់ ។
ក្រោយការចុះមកដល់កម្ពុជា របស់ក្រុមអ្នកសង្កេតការណ៍ (IOT) ដឹកនាំដោយម៉ាឡេស៊ី នៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នក សង្កេតការណ៍អន្តរកាល (IOT) ប្រចាំទីស្នាក់ការ២ ខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង ក្រោយបទឈប់បាញ់ នៅភូមិជោគជ័យ ឃុំអូរបីជាន់ និងច្រកអូរបីជាន់ ខេត្តបន្ទាយមានជ័យ ដើម្បីសង្កេត ការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ ។

នៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ដដែលនោះ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ប្រចាំទីស្នាក់ការទី១ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលដឹកនាំដោយឧត្តមសេនីយ៍ត្រី Dato’ Pahlawan Asri bin Shukor នាយកនាយកដ្ឋានបណ្តុះបណ្តាល នៃបញ្ជាការដ្ឋានកងទ័ពជើងគោកម៉ាឡេស៊ី និងជាប្រធានបេសកកម្ម IOT (HOM) រួមនិងសមាជិក បានអញ្ជើញចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពនៅច្រកព្រំដែន អានសេះ ខេត្តព្រះវិហារ ក្រោមការសម្របសម្រួលពីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ៕