សហរដ្ឋអាមេរិក ៖ អតីតតារាសម្ដែង លោក យស បូវណ្ណៈ ដែលកំពុងរស់នៅសហរដ្ឋអាមេរិក ពេលនេះលោកបានក្លាយជាអ្នកអានព័តមានទូរទស្សន៍ Online ឈ្មោះទូរទស្សន៍សំឡេងកម្ពុជា (Voice Of Cambodia TV) «VOC TV» ដែលផ្សាយចេញពីទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ។ នេះជាជំហានថ្មីមួយទៀតរបស់លោកបូវណ្ណៈ ព្រោះទូរទស្សន៍Online មួយនេះ ផ្សាយពីព័តមានទាក់ទងកម្ពុជា ដោយលោកថែមទាំងមានក្រុមការងារជាអ្នកកាត់តរូបភាព វីដេអូ ទាក់ទងការអត្ថាធិប្បាយរបស់លោក ពោលគឺ មិនចាញ់អ្នកធ្វើ Talk Show ដទៃទៀតឡើយ ។ ប៉ុន្ដែគេនៅមិនទាន់ដឹងថា តើលោកវណ្ណៈ មានប្រាក់ឧបត្ថម្ភពីស្ថាប័នណាទើបលោកអាចដំណើរការទូរទស្សន៍មួយនេះបាននោះ ខណៈដែលកន្លងមក មានព័ត៌មានថាលោកក៏ធ្លាប់ចុះឡើងមកខ្មែរ ជាញឹកញាប់ដែរ ប៉ុន្ដែក្នុងលក្ខណៈឯកជន ស្ងប់ស្ងាត់ ដោយថែមទាំងបានជួបប្រមុខថ្នាក់ដឹកនាំកម្ពុជា កំពូលៗទៀតផង។ ប៉ុន្តែតែមានពេលខ្លះ លោកវណ្ណៈ ក៏ឆ្លៀតជួបជាមួយអតីតមិត្តភក្ដិលោក ជាតារាសម្ដែង ដែលកំពុងបន្ដអាជីពនៅកម្ពុជា ផងដែរមុនហោះទៅអាមេរិក វិញ ។

គួរបញ្ជាក់ថា ទោះជាការងារអានព័ត៌មានថ្មី សម្រាប់លោក យស បូវណ្ណៈ ប៉ុន្ដែកន្លងមក ក្នុងជីវិតកសាងគ្រួ សារនៅលើទឹកដីអាមេរិក ជាច្រើនឆ្នាំ អតីតតារាសម្ដែងរូបនេះ តែងតែបំផុសពីរបាំខ្មែរ ជាញឹកញាប់ នៅសហរដ្ឋអាមេរិក ពិសេសក្នុងពិធីបុណ្យប្រពៃណី ចូលឆ្នាំខ្មែរតែម្ដង ព្រោះលោកមានតួនាទីជាទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ហើយលោកនិងភរិយា ស្រលាញ់វប្បធម៌ ប្រពៃណីខ្មែរ ។ ប៉ុន្ដែការចេញធ្វើជាអ្នកអានព័ត៌មាន របស់លោកវណ្ណៈ នាពេលនេះ មានអាណិកជនខ្មែរ នៅអាមេរិក មួយចំនួន បានភ្ញាក់ផ្អើល ដោយខម្មិនថា លោកមិនត្រឹមតែពូកែខាងសម្ដែងកុនទេ ប៉ុន្ដែធ្វើអ្នកអានព័ត៌មាន ក៏ទៅរួច ហើយសំឡេងពីរោះ មិនចាញ់អ្នកអាជីពឡើយ ។

សូមរំលឹកថា តារាសម្ដែងល្បីល្បាញ នាទសវត្សឆ្នាំ១៩៩០ លោក យស បូវណ្ណៈ ធ្លាប់ចុះមកកម្ពុជា កាលពីឆ្នាំ២០១៨ ថតរឿង «លោកឪពុក» ឲ្យផលិតកម្មមហាហង្ស ដែលពេលនោះលោកក៏បានប្រកាសផងដែរថា នឹងទទួលថតរឿងថ្មីៗទៀត ឲ្យតែផលិតករត្រូវការ និងចរចាតម្លៃត្រូវគ្នា ប៉ុន្ដែលោកថា ទាល់តែប្រាប់លោក ពី៦ខែ ទៅ១ឆ្នាំ ទើបលោកអាចដាក់ច្បាប់ធ្វើការបាន ព្រោះកន្លែងលោកធ្វើការ មិនអាចសុំច្បាប់បានភ្លាមៗទេ ។ មុនចេញទៅរស់នៅអាមេរិក លោកបូវណ្ណៈ ធ្លាប់ចាប់ដៃគូសម្ដែងជាមួយអ្នកនាង ចាន់ តារាទី, អ៊ុំ សុវណ្ណនី, អម្ពរ ទេវី, សុខ ស្រីមុំ, ហុក លក្ខិណា និងកែវ កល្យាណ ជាដើម ខណៈដែលលោកល្បីរឿង «ព្រានដំរីដេញ» ហើយលោកធ្លាប់ថតជាមួយលោកកែវ កុសល និងសុវណ្ណ មុន្នី ជាដើម ។ ចំណែកកាលពីខែមេសា ឆ្នាំ២០២៤ មានដំណឹងថា លោក យស បូវណ្ណៈ ចង់ឈរឈ្មោះជាបេក្ខភាពប្រធានសមាគមសិល្បករខ្មែរ អាណត្តិទី៦ ប៉ុន្ដែលោកបានដកថយទៅវិញ បន្ទាប់ពីដឹងថា អ្នកឧកញ៉ា ម៉ៅ ចំណាន ចូលរួមប្រកួតដែរ ដែលបញ្ហានេះ អាចមកពីលោកបានដឹងមុនថា លោកស្រីអ្នកឧកញ៉ា ចំណាន នឹងជាប់។ ប៉ុន្ដែពេលនេះ លោកបូវណ្ណៈ មិននៅស្ងៀមទេ ពោលគឺលោកនៅតែចេញមុខក្នុងការងារថ្មី ជាអ្នករាយការណ៍ព័ត៌មានវិញម្ដង។


ក្រៅពីលោក យស បូវណ្ណៈ អតីតតារាដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក មានប្រពន្ធនៅទីនោះ មានដូចជា លោកសុវណ្ណ មុន្នី, ហង្ស ឈា, ខៀវ សំភេទ, សេន រ៉ានុត, មាស សាលី, សោភ័ណ្ឌ ឡារី និងនៅ ស៊ីនឿន ជាដើម ។ ប៉ុន្ដែមានតែលោកបូវណ្ណៈ ម្នាក់ប៉ុណ្ណោះ ដែលបើកទូរទស្សន៍ Online មុនគេ ៕


