ភ្នំពេញ ៖ ក្មេងស្រីម្នាក់ វ័យ១៤ឆ្នាំ ត្រូវបានក្រុមគ្រូពេទ្យជំនាញមន្ទីរពេទ្យគន្ធបុប្ជា ជួយសង្គ្រោះជីវិត ឱ្យរស់រាន បន្ទាប់ពីក្មេងស្រីរូបនេះ បានកើតមានជំងឺផ្តាសាយបក្សី បណ្តាលឱ្យរលាកសួតធ្ងន់ធ្ងរ។

តាមប្រភពមន្ទីរពេទ្យគន្ធបុប្ផា បានឱ្យដឹងកាលពីរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ថា ក្មេងស្រី អាយុ១៤ឆ្នាំម្នាក់ ត្រូវបានយកមកពីខេត្តតាកែវ ដោយមានជំងឺរលាកសួតធ្ងន់ធ្ងរ បណ្តាលមកពីឆ្លងវីរុសគ្រុនផ្តាសាយបក្សី-H5N1។ អ្នកជំងឺបានមកដល់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងស្ថានភាពធ្ងន់ធ្ងរ។
ក្មេងស្រីខាងលើ ត្រូវបានសង្គ្រោះជីវិត ដោយការថែទាំ ព្យាបាល អស់រយៈពេល ១១ថ្ងៃ។ ថ្ងៃនេះ អ្នកជំងឺមាន ជីវិតរស់ឡើងវិញ និងបានត្រឡប់ទៅផ្ទះវិញ ដោយស្នាមញញឹម ជាមួយឪពុកម្តាយ។

ជាមួយគ្នានេះ មន្ទីរពេទ្យគន្ធបុប្ផា បានធ្វើការអំពាវនាវដល់សាធារណជន កុំយកមាន់ទាងាប់ មកទទួលទាន ព្រោះអាចបណ្តាលឱ្យឆ្លងវីរុស H5N1 (ផ្តាសាយបក្សី) និងរលាកសួតធ្ងន់ធ្ងរពិបាកព្យាបាល និងមានហានិភ័យខ្ពស់ដល់អាយុជីវិត។ ទន្ទឹមនឹងនេះ ត្រូវស្តាប់និងគោរពតាមនិយាមការពារនៃការចម្លងរោគ របស់ក្រសួងសុខា ភិបាល ពេលមានមាន់ទាងាប់៕