Friday, September 19, 2025
Homeតារាខ្មែរអ្នកឧកញ៉ា មៅ ចំណាន ភ្ជុំបិណ្ឌ នៅបារាំង

អ្នកឧកញ៉ា មៅ ចំណាន ភ្ជុំបិណ្ឌ នៅបារាំង

ប្រទេសបារាំង ៖ លោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានទៅប្រទេសបារាំង ជា មួយស្វាមី និងកូនៗ រហូតចប់បុណ្យភ្ជុំបិណ្ឌ ទើបវិលត្រឡប់មកកម្ពុជា វិញតាមកាលកំណត់ ហើយនឹងបន្ដដឹក នាំការងារសមាគម ដូចដើម ពិសេសគឺសកម្មភាពដឹកនាំក្រុមសិល្បករ ចុះទៅដោយផ្ទាល់ នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ បន្ដទៀត ។

 តាមប្រភពបុគ្គលិកសមាគមសិល្បករខ្មែរ ម្នាក់ បានប្រាប់ «នគរធំ» នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ថាលោក ស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន ហៅស្រីតូច ចំណាន បានចេញទៅប្រទសបារាំង កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ហើយនៅថ្ងៃទី១៣ ខែកញ្ញា លោកស្រី បានអញ្ជើញចូលរួមកម្មវិធីពិព័រណ៍ម្ហូបអាហារពិភពលោក នៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលក្នុងនោះ ក៏មានកម្ពុជា ចូលរួមផងដែរ ថែមទាំងមានមេចុងភៅខ្មែរ ម្នាក់ បានឈ្នះរង្វាន់លេខ១ បង្អែម «ពងក្នុងសំបុក» ទៀតផង។

ទោះបីជាមមាញឹកក្នុងមុខជំនួញ ជាច្រើនក្នុងដៃ និងការងារដឹកនាំសមាគមសិល្បករខ្មែរ យ៉ាងណា ក៏លោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន មិនភ្លេចការពង្រឹងចំណងស្នេហាជាមួយស្វាមីដែរ ដើម្បីឲ្យគ្រួសារកាន់តែមានភាពកក់ក្ដៅថែមទៀត ស្របពេលដែលកំពុងនៅលើទឹកដីបារាំង លោកស្រី និងស្វាមី អ្នកឧកញ៉ាគិត ម៉េង បានបង្ហោះសារសរសើរគ្នាទៅវិញទៅមកយ៉ាងផ្អែមល្ហែម ដែលបញ្ជាក់ថា គ្រួសារមហាសេដ្ឋីនេះ ពិតជារស់នៅពោពេញទៅដោយសុភមង្គល ព្រោះប្ដី តែងតែលើកទឹកចិត្តប្រពន្ធ ចំណែកប្រពន្ធ លើកពីគុណសម្បត្តិរបស់ប្ដី ប្រាប់ទៅពិភពលោកដូចគ្នា ។

 សូមរំលឹកថា អ្នកឧកញ៉ា ម៉ៅ ចំណាន បានជាប់ជាប្រធានសមាគមសិល្បករខ្មែរ អាណត្តិទី៦ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ដែលជាង ១ឆ្នាំនេះ លោកស្រីបានបង្ហាញសកម្មភាពច្រើន បង្ហាញពីស្នាដៃរបស់សមាគមសិល្បករខ្មែរ ក្នុងការជួយលើកកម្ពស់វិស័យសិល្ប: វប្បធម៌ និងទេសចរណ៍ខ្មែរ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ ក្រោយកាន់តំណែងប្រធានសមាគម បាន៣ខែដំបូង លោកស្រី ម៉ៅ ចំណាន ប្រមូលបានថវិកាពីសប្បុរសជននានា ចូលសមាគម ដល់ទៅជាង ៤លានដុល្លារ កាលពីខែសីហា ឆ្នាំ២០២៤ ។ ប៉ុន្ដែពេលនេះគេមិនដឹងថាសមា គមមួយនេះ បានចាយទៅលើកម្មវិធីសប្បុរសធម៌ផ្សេងៗអស់ចំនួនប៉ុន្មានទេ ។ យ៉ាងណា លោកស្រីប្រធាន នៅសល់ពេលជាង៣ឆ្នាំទៀត ដើម្បីពង្រឹងសមាគម និងបញ្ចេញស្នាដៃឲ្យសិល្បករ ក៏ដូចជាមហាជន បានឃើញ ស្របពេលដែលមានការលើកឡើងថា សមាគមសិល្បករខ្មែរ អាណត្តិមុនៗ មិនមានទីតាំងការិយាល័យខ្លួនឯងឲ្យពិតប្រាកដនោះទេ គឺជួលគេ ពីកន្លែងមួយទៅកន្លែងមួយ ប៉ុន្ដែអាណត្តិលោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន មានស្នាក់ការសមាគមខ្លួនឯង ដែលធ្វើឲ្យសិល្បករជាច្រើន កក់ក្ដៅ ហើយពួកគេក៏មិនបារម្ភច្រើនថា លុយមូលនិធិសមាគម បាត់ទៅណា ឬមិនដឹងលុយនៅឯណា ព្រោះថា ប្រធានសមាគម គឺជាសេដ្ឋិនី ទៅហើយ អីចឹងរឿងអីដែលពិបាកលុយកាក់ទៀត ?

 ក្រៅពីអ្នកឧកញ៉ា ម៉ៅ ចំណាន ដែលទៅធ្វើបុណ្យភ្ជុំបិណ្ឌ នៅបារាំង នោះ ក៏មានតារា ៣ដួងទៀត ដែលចេញទៅសម្ដែងនៅបារាំង ហើយត្រូវឆ្លងបុណ្យភ្ជុំបិណ្ឌ នៅទីនោះដែរ ក្នុងនោះរួមមាន ចំរើន សុភ័ក្រ្ដ, កញ្ញា រ័ត្ន រចនា និងលោកយឿន សូតអនុស្សាវរីយ៍  ៕

RELATED ARTICLES