សហរដ្ឋអាមេរិក ៖ អតីតពិធីការិនី Pnn ម៉េង ឃុននី ហៅជីមមី បានដឹកដៃស្វាមី លោកនូ ចំណាប់ ហៅជីមមី ទៅលេងឪពុកម្ដាយក្មេក និងដើរលេងលើទឹកដីសហរដ្ឋអាមេរិក កាលពីពេលថ្មីៗ ដែលមើលទៅពួកគេមានការតុបតែងខ្លួនដូចតារាបរទេស ហើយជីមមី បង្ហាញអារម្មណ៍រីករាយ នៅពេលដែលស្វាមីនាំទៅមើលកុន នៅរោង ភាពយន្ដមួយ ឈ្មោះWoZatSphere តម្លៃជាង ២ពាន់លានដុល្លារ ដែលផ្ទុកអ្នកទស្សនាបានដល់ទៅជាង២ ម៉ឺននាក់ និងជិះកូនឡានអត់អ្នកបើក យ៉ាងរីករាយ ជាមួយម្ចាស់ចិត្ត ។

នេះមិនមែនជាលើកទីមួយនោះទេ សម្រាប់ជីមមី និងប្ដី ដែលចេញទៅកម្សាន្ដនៅក្រៅស្រុក ប៉ុន្ដែរយៈពេលចុងក្រោយ ប្ដីប្រពន្ធតារាមួយគូនេះ ផ្ដោតលើការកម្សាន្ដនៅបរទេស ជាញឹកញាប់ ដូចជាពួកគេបានទៅដើរលេងនៅកក្រុងឌូបៃ នៃប្រទេសអារ៉ាប់រួម និងប្រទេសអ៊ីតាលី ជាដើម ។ ប៉ុន្ដែការទៅអាមេរិ កលើកនេះ របស់ជីមមី អាចជាការស្ទាបស្ទង់ក្នុងការរៀបគម្រោងចេញទៅរស់នៅអាមេរិក នាពេលខាងមុខ ព្រោះតាមព័ត៌មានថា ឪពុកម្ដាយក្មេក ចង់ឲ្យនាងទៅរស់នៅទីនោះ។

គួរបញ្ជាក់ថា ជីមមី ជាពិធីការិនីដែលលេចធ្លោជាងគេនៅ Pnn តែនាងបានដើរចេញពីទ្រនំនេះ តាំងពីឆ្នាំ២០២០ ហើយចូល Mytv មួយភ្លែត ក៏បាត់ទៅវិញ ។ ក្រោយជីមមី ដើរចេញជាង៥ឆ្នាំនេះ Pnn នៅមិនទាន់រកបាន MC ថ្មីណាដែលអាចជំនួសតំណែងនាងបានឡើយ ខណៈដែល ឃុននី ក៏មិនផ្ដោតលើអាជីពជាពិធីការិនីទៀតដែរ ដោយបុកទៅលើការរកស៊ី Online វិញ តែនៅធ្វើ MC តាមក្រុមហ៊ុន Agency ទាំងឡាយធម្មតា ដោយនាងអាចនិយាយបាន៤ភាសា គឺខ្មែរ, អង់គ្លេស, ចិន និងថៃ ។ ស្រីស្រស់ខ្ពស់ស្រឡះរូបនេះ ល្បីលេច ធ្លោក្នុង MV បទ «ជើងស្រលន» របស់លោកឆាយ វីរៈយុទ្ធ ប៉ុន្ដែពេលនេះនាងបែរជាដកថយពីអាជីពចាស់ ហើយមកផ្ដោតតែលើការធ្វើជាអ្នករកស៊ី Online ទៅវិញ ទើប Fan របស់នាង មិនតិចនាក់ទេ ដែលស្ដាយនូវទេពកោសល្យរបស់នាង និងខ្លះថាសមត្ថភាពដូចនាង បើធ្វើជា MC ក្នុងកម្មវិធីប្រលងចម្រៀងធំៗនៅហង្សមាស ច្បាស់ជាកេរ្ដិ៍ឈ្មោះនឹងឡើងដល់ចំណុចកំពូល ជាមិនខាន ។

សូមបញ្ជាក់ថា ការដែល ជីមមី ទៅសប្បាយលើទឹកដីអាមេរិក នៅរដូវបុណ្យភ្ជុំបិណ្ឌ ឆ្នាំនេះ គឺចំពេលដែលនាង ណា សាឌី និងលោកគួច ខេវិន កំពុងដើរលេងនៅទឹកដីដុល្លារនេះដែរ ខណៈដែលជីមមី ដែលយកប្ដីឈ្មោះដូចគ្នានេះ ត្រូវបានគេចាត់ទុកថា នាងជាតារាម្នាក់ដែលជ្រើសគូស្នេហ៍សមគ្នាបំផុត ព្រោះពួកគេមានសម្រស់ស្អាត សង្ហា កម្ពស់ដូចគ្នា និងចេះនិយាយភាសាអង់គ្លេស បានយ៉ាងស្ទាត់ជំនាញដូចគ្នា។ ប៉ុន្ដែជីមមី ដែលនាំគូស្នេហ៍ចុះអេតាស៊ីវិល តាំងពីឆ្នាំ២០២៣ និងបានដឹកដៃប្ដីរៀបការកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ នោះពេលនេះនាងមិនទាន់ពពោះកូនដំបូងឡើយ បើទោះជា Fan ចេះតែជំរុញឲ្យនាងយកកូនទីមួយ ដើម្បីចងចិត្តស្វាមីក្ដី តែឃុននី នៅតែចង់រក្សារាងស្វែងតទៅទៀត ដើម្បីផ្សព្វផ្សាយផលិតផលរបស់ខ្លួន ។

ក្រៅពី ជីមមី តារាដែលកំពុងតែមានទីផ្សារសិល្បៈ ហើយដកខ្លួនថយទៅវិញស្ងាត់ៗដោយគ្មានដំណឹងនោះ មានដូចជា បេប៊ី, គីម ហួរ, ស្រីណៃ និងសុខ ស្រីនាង ជាដើម ។ សម្រាប់ជីមមី នាងនិងស្វាមី លែងផ្ដោតលើអាជីពសិល្បៈតែមួយច្រកទៀតហើយ និងតាមព័ត៌មានថា នាងចង់ធ្វើអ្វីដែលខ្លួនស្រលាញ់ មិនចង់ធ្វើការដោយមានសម្ពាធទេ ។ ប៉ុន្តែអ្វីដែលនាងទទួលបានបទពិសោធន៍ក្នុងការរកស៊ីអាជីវកម្ម Online មួយរយៈនេះ គេឃើញជីមមី កាក់កបផង ខកចិត្តផង ។ «ខកចិត្ត» ព្រោះជីមមី តែងតែបញ្ចេញនូវសារផ្ទុះជម្លោះជាមួយកូនចៅ ដោយចោទថា បុគ្គលិកខ្លះក្បត់នាង ដែលផ្ទុយពីអំឡុងប្រឡូកអាជីពសិល្បៈពេញទំហឹងនាងមិនដែលមានជម្លោះឬកាច់កុងជាមួយតារាណាឡើយ ។

មហាជនរង់ចាំមើលថា ជីមមី នឹងពពោះយកកូននៅក្នុងស្រុក ឬជ្រើសវិធីពន្យារកំណើតច្រើនឆ្នាំ ព្រោះចង់ផ្ដល់កំណើតដល់កូនដំបូង លើទឹកដីអាមេរិក ដូចសុគន្ធ និសា ?…»៕