Friday, September 26, 2025
Homeនយោបាយមេទ័ពកម្ពុជា បដិសេធនិងថ្កោលទោសគឹម សុខ បំភ្លៃបំផ្លើសថាទុកចោលសពយុទ្ធជនសមរភូមិមុខ ពេញព្រៃ

មេទ័ពកម្ពុជា បដិសេធនិងថ្កោលទោសគឹម សុខ បំភ្លៃបំផ្លើសថាទុកចោលសពយុទ្ធជនសមរភូមិមុខ ពេញព្រៃ

ភ្នំពេញ ៖ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានចេញលិខិតបដិសេធទាំងស្រុង និងថ្កោលទោសចំពោះលោកគឹម សុខ អ្នកនាំពាក្យក្រុមប្រឹក្សាជាតិតស៊ូ ដែលមានលោកសម រង្ស៉ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) ជាប្រធាន ដែលផ្សព្វផ្សាយព័ត៌មានបំភ្លៃនិងបំផ្លើសថា រាជរដ្ឋាភិបាល ទុកចោលសព យុទ្ធជនសមរភូមិមុខ ពេញព្រៃ មិនយកមកធ្វើបុណ្យ។

លិខិតបដិសេធរបស់អគ្គបញ្ជាការដ្ឋាន ចុះថ្ងៃព្រហស្បតិ៍ ៣កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ មានខ្លឹមសារទាំងស្រុងថា «អគ្គមេបញ្ជាការ អគ្គមេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងយោធពលខេមរភូមិន្ទ សូមបដិសេធទាំងស្រុង ចំពោះការផ្សព្វផ្សាយព័ត៌មានបំភ្លៃបំផ្លើសការពិត ក្នុងផេកផ្លូវការរបស់គឹម សុខ ដែលថា “រាជរដ្ឋាភិបាលកម្ពុជា ទុកចោលសពយុទ្ធជនសមរភូមិមុខពេញព្រៃ មិនយកមកធ្វើបុណ្យ ហើយអាជ្ញាធរសម្លុតគ្រួសារយុទ្ធជន មិនឱ្យនិយាយសួររកយុទ្ធជនជាសមាជិកគ្រួសារទៀតផង”។

រាជរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការរៀបចំគ្រប់ គ្រងធ្វើបុណ្យសព តាមប្រពៃណី និងផ្តល់គោលរបបប្រកបដោយកិត្តិយសខ្ពស់បំផុត ចំពោះយោធិនពលីទាំង អស់ ដែលបានបូជាសាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ។

កងយោធពលខេមរភូមិន្ទ សូមបដិសេធទាំងស្រុង និងថ្កោលទោសដាច់អហង្ការចំពោះការផ្សព្វផ្សាយព័ត៌មានបំភ្លៃបំផ្លើសការពិត របស់បុគ្គលនេះ ដែលជាទង្វើក្បត់ជាតិ និងមានគោលបំណងបំបាក់ស្មារតី ប្រមាថយ៉ាង ធ្ងន់ធ្ងរបំផុតចំពោះកងយោធពលខេមរភូមិន្ទ ក៏ដូចជាប្រទេសជាតិ និងប្រជាជនខ្មែរ ដែលកំពុងរងគ្រោះពីការ រំលោភបំពានមកលើបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន»។

គួរបញ្ជាក់ថា ការចេញលិខិតបដិសេធរបស់អគ្គបញ្ជាការដ្ឋាន ខាងលើនេះ បានធ្វើឡើងបន្ទាប់ពីលោកគឹម សុខ អ្នកនាំពាក្យក្រុមប្រឹក្សាជាតិតស៊ូ របស់លោកសម រង្ស៉ី អតីតមេបក្សប្រឆាំង  បានសរសេរក្នុងគណនីហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ថា «សពយុទ្ធជនសមរភូមិមុខ រាប់រយនាក់ ត្រូវលោក ហ៊ុន សែន+ហ៊ុន ម៉ាណែត ទុកចោលពេញព្រៃ មិនយកមកធ្វើបុណ្យ ។ អាជ្ញាធរដើរសម្លុតគ្រួសារយុទ្ធជន មិនឲ្យនិយាយសួររកយុទ្ធជនជាសមាជិកគ្រួសារទៀត» ៕ ខៀវទុំ

RELATED ARTICLES