Saturday, September 27, 2025
Homeសង្គម និងជីវិតស្ត្រីឈឺពោះ កើតកូនលើទូក

ស្ត្រីឈឺពោះ កើតកូនលើទូក

ខេត្តមណ្ឌលគិរី ៖ ស្ត្រីមានផ្ទៃពោះម្នាក់ ឈឺពោះសម្រាល ចំពេលទឹកជំនន់លិចផ្ទះ ត្រូវបានក្រុមគ្រួសារប្រើ ប្រាស់ទូក ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ តែមិនទាន់ទៅដល់មន្ទីរពេទ្យផង ក៏សម្រាលកូននៅលើទូកតែម្តង។ករណីស្ត្រីសម្រាលកូនលើទូកនេះ បានកើតឡើង កាលពីព្រឹកព្រលឹមថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក។

ស្ត្រីមានផ្ទៃពោះ ដែលសម្រាលកូននៅលើទូក មានឈ្មោះដើម ថារី អាយុ២៦ឆ្នាំ មានលំនៅភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា កាលពីព្រលឹមថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុកកោះញែក បានធ្វើការសង្គ្រោះបន្ទាន់ និងជួយសម្រាលកូនដោយជោគជ័យ ជូនដល់ស្ត្រីម្នាក់ ឈ្មោះដើម ថារី អាយុ២៦ឆ្នាំ រស់នៅភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក ដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់។

លោកអ៊ុត សុភា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរយ៉ បានឱ្យដឹងថា ដោយសារស្ថានភាពផ្ទះទឹកជន់លិច ក្រុមគ្រួសារបានប្រើប្រាស់ទូកជាមធ្យោបាយ ដឹកស្ត្រីជាម្តាយ ទៅកាន់កន្លែងមានសុវត្ថិភាព។ ប៉ុន្តែដោយសារស្ថាន ភាពបន្ទាន់ ក្រុមគ្រូពេទ្យបានចុះជួយអន្តរាគមន៍ និងសម្រាលកូនដោយផ្ទាល់ នៅលើទូកតែម្តង។

បច្ចុប្បន្ន ទាំងទារកនិងម្តាយ មានសុវត្ថិភាពល្អ ហើយកំពុងបន្តទទួលការថែទាំសុខភាពយ៉ាងយកចិត្តទុកដាក់ នៅមន្ទីរពេទ្យបង្អែកស្រុកកោះញែក ។

ទាក់ទងនឹងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនេះ លោកសី ទូច អភិបាលស្រុកកោះញែក បានបញ្ជាក់ថា គិតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ឃុំចំនួន៦ ក្នុងស្រុកកោះញែក បានរងការជន់លិចដោយ សារទឹកភ្លៀង និងការហូរហៀរមកពីទន្លេស្រែពក។ ទឹកជំនន់នេះ បានបង្កការខូចខាតដល់ផ្លូវថ្នល់ ផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធរដ្ឋ និងវត្តអារាមមួយចំនួន។

យ៉ាងណា អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បានអះអាងថា មិនមានមនុស្សបាត់បង់ជីវិតដោយសារករណីនេះទេ ។ ក្រោយពេលស្ថានភាពទឹកបានស្រកច្រើនហើយ លោកអភិបាលស្រុក កំពុងចាត់ក្រុមការងារឱ្យចុះទៅស្រង់ទិន្នន័យនៃការខូចខាតជាក់ស្តែង ដើម្បីរាយ ការណ៍ជូនថ្នាក់ដឹកនាំពាក់ព័ន្ធ សម្រាប់ចាត់វិធានការបន្ត៕

RELATED ARTICLES