ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ទាហានថៃ បានបន្តឈ្លានពានទឹកដីកម្ពុជា នៅចំណុចបង្គោលព្រំដែលលេខ៤៦ និង៤៦ នៃភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្នុងបំណងវាស់ដី ចូលមកជិតបង្គោលព្រំដែនទាំងពីរ ដើម្បីដណ្ដើមកាន់កាប់ទឹកដីដូនតារបស់ខ្មែរ តាមហេតុផលយោងលើផែនទីដែលគូសដោយឯកតោភាគីរបស់ខ្លួន ។ ប៉ុន្តែអាជ្ញាធរ និងប្រជាពលរដ្ឋខ្មែរ ដែលមានទឹកចិត្តហានក្លាមោះមុត និងមានឆន្ទៈស្មារតីស្នេហាជាតិខ្ពស់ បានព្យាយាមរារាំង រុញច្រានទាហានសៀម ឲ្យដកថយទៅវិញ ។

យោងតាមសេចក្ដីរាយការណ៍ព័ត៌មាន បានឲ្យដឹងថា នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ទាហានថៃ បាននាំអ្នកវាស់ដី ចូលមកជិតបង្គោលព្រំដែនលេខ៤៦ នៅចម្ការអំពៅ ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ តែត្រូវកងកម្លាំងកម្ពុជា ដែលមិនប្រដាប់អាវុធ និងប្រជាពលរដ្ឋ រុញចេញមិនឱ្យវាស់បានទេ បន្ទាប់មក ទាហានថៃ ក៏បានដកថយទៅវិញ។

ចំណែកទាហានថៃ មួយក្រុមទៀត ចង់ទៅបង្គោលព្រំដែនលេខ៤៧ ប៉ុន្តែកងកម្លាំងជួរមុខ និងប្រជាពលរដ្ឋជាម្ចាស់ដី និងរស់នៅផ្ទាល់ ត្រៀមខ្លួនជានិច្ចដើម្បីការពារបូរណភាពទឹកដី។

ក្រោយទាហានថៃ ត្រឡប់ទៅវិញ សភាពការណ៍បានប្រែជាស្ងប់ស្ងាត់ តែទោះជាយ៉ាងណា ប្រជាពលរដ្ឋជាម្ចាស់ដី ត្រៀមខ្លួនជានិច្ច ការពារដីធ្លីនិងផ្ទះសម្បែងរបស់ពួកគាត់ ។

លោក កែវ តារារស្មី អភិបាលស្រុកអូរជ្រៅ ឱ្យដឹងថា ជុំវិញសកម្មភាពបង្កហេតុដោយភាគីថៃ បង្កភាពតានតឹងសាជាថ្មី បានស្ងប់ស្ងាត់ទៅវិញ ក្រោយទាហានថៃ បានដកថយ ហើយគិតមកត្រឹមម៉ោង ៩:៣០នាទីព្រឹក ថ្ងៃដដែល ស្ថានភាពនៅតំបន់អូរបីជាន់ មានសភាពស្ងប់ស្ងាត់ទៅវិញធម្មតា គ្មានសភាពតានតឹងឡើយ ។ សភាពការណ៍ពេលនេះ មិនធ្ងន់ធ្ងរនោះទេ តែកម្ពុជា ត្រៀមខ្លួនជានិច្ច ដើម្បីការពារបូរណភាពទឹកដី ។

ចំណែកលោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោយឃើញកងកម្លាំង និងប្រជាពលរដ្ឋកម្ពុជា សហការគ្នាបានយ៉ាងល្អ ក្នុងការរារាំងទាហានសៀម មិនឲ្យចូលមកវាស់ដីចូលក្នុងបង្គោលព្រំដែនលេខ៤៦ និង៤៧ ត្រង់ចំណុចភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នេះ បានលើកឡើងថា សាមគ្គីភាពក្នុងចំណោមតួអង្គទាំងអស់នៃសង្គម គឺមានសារៈសំខាន់ណាស់ក្នុងការការពារដែនអធិបតេយ្យជាតិ ពីការឈ្លានពានរបស់ពួកចោរសៀម។

លោកបណ្ឌិត គិន ភា បានសរសេរនៅក្នុងគណនីនិងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ថា “ពួកចោរព្រៃ ចូលមកទៀតហើយ! សូមបងប្អូនប្រយ័ត្នឱ្យមែនទែន!
បងប្អូន, នេះជាយុទ្ធសាស្ត្រចោរព្រៃ ឈ្នះបានដី, ចាញ់បានខ្មែរខាតពេល, ខាតលុយ, បាត់បង់មុខរបរ, កសិ ករអត់បានធ្វើស្រែចម្ការ, កូនសិស្សសាលា មិនបានទៅរៀន, ព្រះសង្ឃមិនបានទៅវត្តវ៉ា, មន្ត្រីរាជការមិនបានចូលការិយាល័យ, សម្មភាពសេដ្ឋកិច្ចត្រូវបានផ្អាកឬរអាក់រអួល, ធ្វើឱ្យជាតិខ្មែរ បែកបាក់និងមិនទុកចិត្តគ្នា, ហើយជាពិសេស ធ្វើឱ្យប្រជាជនបាត់បង់ជំនឿនិងទំនុកចិត្ដលើរាជរដ្ឋាភិបាល ដោយគិតថា រាជរដ្ឋាភិបាល ទន់ខ្សោយ ឬទន់ជ្រាយចំពោះមុខសត្រូវឈ្លាពាន។

សូមបងប្អូនយល់ឱ្យច្បាស់ នេះជាល្បិចនិងមហិច្ឆតាតជំនាន់របស់ចោរឈ្លានពានដែលចង់បាននិងលេបត្របាក់ទឹកដីយើង មករាប់សតវត្សរ៍មកហើយ។ ពូជចោរឈ្លានពាននេះ មិនបោះបង់ល្បិចនិងមហិច្ឆតាឈ្លានពានរបស់ពួកគេទេ។ ពួកនេះរួមគ្នាសម្ដែងតួល្អណាស់ ដើម្បីឈ្លានពាននិងលេបត្របាក់ទឹកដីយើង។ សកម្មភាពរបស់ពួកគេ ស្រុះគ្នាតាមតួនាទីរៀងៗខ្លួន ម្ចាស់វាំង រដ្ឋាភិបាល ទាហាន អ្នកនយោបាយគ្រប់បក្ស មហាជន និងម៉ាស៊ីនឃោសនារបស់គេ សុទ្ធតែកំពុងអនុវត្តល្បិចនិងមហិច្ឆតារបស់គេយ៉ាងរស់រវើក។
ដូច្នេះ សូមបងប្អូនកុំបែកបាក់សាមគ្គីឱ្យសោះ, ពេលនេះជាងពេលណាៗទាំងអស់ សាមគ្គីភាពមានសារៈសំខាន់ណាស់ គឺសាមគ្គីភាពក្នុងចំណោមតួអង្គទាំងអស់នៃសង្គមយើង រួមមាន ប្រជាពលរដ្ឋ អ្នកនយោបាយគ្រប់និន្នាការ រាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ រួបរួមគ្នាឈរលើស្មារតីជាតិខ្មែរតែមួយ ដើម្បីការពារអធិបតេយ្យ ឯករាជ្យ និងបូរណភាពទឹកដីយើងទាំងអស់គ្នា និងរួមគ្នាអភិវឌ្ឍជាតិយើងឱ្យរឹងមាំ ខ្លាំងពូកែលើគ្រប់វិស័យ“ ។
លោកយ៉ែម បុញ្ញឫទ្ធិ ប្រធានគណបក្សប្រជាធិបតេយ្យជឿនលឿន បានលើកឡើងតាមបណ្ដាញសង្គម ពីករណីនេះដែរថា “ភាគីកម្ពុជា ដែលមិនមានអាវុធ និងប្រជាពលរដ្ឋម្ចាស់ដី បានតវ៉ា ធ្វើឱ្យទាហានសៀម និងក្រុមអ្នកវាស់ដី ដកថយទៅវិញ នាព្រឹកថ្ងៃទី៣០/០៩/២៥ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ! យើងគាំទ្រកងទ័ពជាតិខ្មែរ“ ៕ កុលបុត្រ