ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានខណ្ឌពោធិ៍ សែនជ័យ ឆ្មក់បង្ក្រាប ទីតាំងហាងម៉ាស្សា កោសជប់ ២ទីតាំង ជាប់គ្នា ដែលលួចបង្កប់សេវាកម្មជួញដូរផ្លូវភេទ ឃាត់ខ្លួននារី ចំនួន៧នាក់ និងវត្ថុតាងមួយចំនួន។

ប្រតិបត្តិការនេះ ធ្វើឡើងកាលពីវេលាម៉ោង ៨និង៤៥នាទីយប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចទីតាំងហាងម៉ាស្សា ១១១១ហេងហេង និងហាងម៉ាស្សា កោសជប់ ៧៧៧៧ ស្ថិតតាមបណ្តោយផ្លូវបេតុង អមផ្លូវរថភ្លើង (ឈូកវ៉ា២) សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីមន្ត្រីជំនាញក្នុងរង្វង់ប្រតិបត្តិការ បានឱ្យដឹងថា មុនឈានដល់ការចុះបង្ក្រាបហាងម៉ាស្សា ទាំង២កន្លែង ខាងលើ ដែលមានម្ចាស់គ្រប់គ្រងតែមួយ សង្ស័យលួចបង្កប់សេវាកម្មផ្លូវភេទ ខុសច្បាប់ ទើបកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ផែនប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន សហការជាមួយកម្លាំងអាវុធហត្ថមូលដ្ឋានខណ្ឌ ធ្វើការស្រាវជ្រាវរហូតឆ្មក់បង្ក្រាបជាក់ស្តែង។ បន្ទាប់មក សមត្ថកិច្ចជំនាញបានចូលទៅពិនិត្យនៅតាមបន្ទប់នីមួយៗ ប្រមូលបានសម្ភារៈ វត្ថុតាងមួយចំនួនធំ និងបានធ្វើការឃាត់ខ្លួននារី ចំនួន៧នាក់ ដែលបម្រើកាងារនៅក្នុងហាងម៉ាស្សាខាងលើ។ ក្រោយពីសមត្ថកិច្ចឃាត់ខ្លួន ក្រុមជនសង្ស័យត្រូវបាននាំខ្លួនយកទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងបន្តនីតិវិធី៕




