Friday, October 3, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអាជ្ញាធរ ព្រមានអាជីវករលក់កោរភ្ញៀវ

អាជ្ញាធរ ព្រមានអាជីវករលក់កោរភ្ញៀវ

ខេត្តកំពង់ចាម ៖ អាជ្ញាធរខេត្តកំពង់ចាម បានព្រមានចាត់វិធានការចំពោះអាជីវកររូបណា ដែលតែងតែឆ្លៀតឱកាសដំឡើងថ្លៃ ក្នុងការលក់ដូរតាមរមណីយដ្ឋាននានា ជាពិសេសនៅថ្ងៃឈប់សម្រាក និងពេលមានពិធី បុណ្យជាតិ។

យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈ បញ្ជាការឯកភាពខេត្តកំពង់ចាម ប្រចាំខែសីហា ដោយមានការចូលរួមពីសំណាក់ អភិបាលរងខេត្ត កងកម្លាំងទាំង៣ នាយក នាយករងរដ្ឋបាលសាលាខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត នៅសាលប្រជុំសាលាខេត្តកំពង់ចាម។

ក្នុងឱកាសនេះ លោកអភិបាលខេត្តកំពង់ចាម ថ្លែងព្រមានចាត់វិធានការចំពោះអាជីវករណាដែលតែងតែដំ ឡើងថ្លៃក្នុងការលក់ដូរតាមរមណីយដ្ឋាននានា ជាពិសេសនៅថ្ងៃឈប់សម្រាក និងពេលមានពិធីបុណ្យជាតិ ជាដើម។

លោកអភិបាលខេត្ត បានលើកឡើងថា រឿងដែលកើតឡើងដដែលៗ ដោយសារការដំឡើងតម្លៃក្នុងការលក់ដូរនាឱកាសបុណ្យជាតិ នៅតាមរមណីដ្ឋាននានា ក្នុងខេត្តកំពង់ចាម ជាពិសេសគឺនៅរមណីដ្ឋានទឹកឆា គឺមានអាជីវករតាមតូបលក់ដូរមួយចំនួនតូច នៅតែដំឡើងថ្លៃទំនិញនិងម្ហូបអាហារ នៅថ្ងៃមានពិធីបុណ្យជាតិ បើទោះបីមានការណែនាំជាច្រើនលើកច្រើនសាក៏ដោយ។

ចំពោះបញ្ហានេះ លោកបានណែនាំដល់មន្ទីរទេសចរណ៍ខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន បន្តឱ្យក្រុម ការងារចុះទៅតាមដានជាប្រចាំ គ្រប់រមណីយដ្ឋានទាំងអស់ ក្នុងខេត្តកំពង់ចាម ដើម្បីដឹងថាការលក់ដូររបស់គាត់មានតម្លៃសមរម្យទៅតាមមុខទំនិញ មិនលក់ឡើងថ្លៃ ហួសហេតុពេក និងគោរពទៅតាមការណែនាំរបស់មន្ត្រីជំនាញ។

លើសពីនេះ លោកអភិបាលខេត្តកំពង់ចាម បានបន្ថែមថា ក្នុងករណីណែនាំរួចហើយ នៅតែមិនស្តាប់ គឺត្រូវបណ្តេញចេញ មិនអនុញ្ញាតឱ្យប្រកបអាជីវកម្មលក់ដូរនៅក្នុងបរិវេណរមណីយដ្ឋាននោះទៀតឡើយ ព្រោះទង្វើបែបនេះ គឺធ្វើឱ្យបាត់បង់នូវភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលអញ្ជើញមកលេងកម្សាន្តនៅរមណីយដ្ឋាននានា ក្នុងខេត្តកំពង់ចាម និងប៉ះពាល់ដល់កិត្តិយស មុខមាត់ខេត្តទាំងមូលផងដែរ៕

RELATED ARTICLES