ខេត្តរតនគិរី ៖ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងចម្រុះនៃរដ្ឋបាលខេត្តរតនគិរី នៅតែបន្តប្រតិបត្តិការរុករកពលរដ្ឋ ចំនួន៤នាក់ ដែលបានបាត់ខ្លួន តាំងពីយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ដោយសារតែជំនន់ទឹក ភ្លៀង ហូរកួចយកទៅ។

រដ្ឋបាលខេត្តរតនគិរី បានប្រកាសនៅលើបណ្តាញសង្គម នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ថា ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ លោកនាង សំអាត អភិបាលរងនៃគណៈអភិបាលខេត្តរតនគិរី បានដឹកនាំកម្លាំងចម្រុះខេត្ត និងលេខា ធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដោយសហការជាមួយនឹងកម្លាំងរដ្ឋបាលស្រុកអូរជុំ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ បន្តចុះរុករកប្រជាពលរដ្ឋ ចំនួន៤នាក់ ដែលបានបាត់ខ្លួនដោយសារជំនន់ទឹក ភ្លៀងហូរកួចយកទៅ នាយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ ។

ដោយស្ថានភាពភូមិសាស្ត្រពិបាក ទឹកអូរជ្រៅ និងស្ថានភាពទឹកហូរខ្លាំង មានត្រឹបព្រៃជាដុំៗ ដោយសារទឹកហូរកួចខ្លាំង ធ្វើឱ្យការរុករកមានការពិបាក ។

គិតមកទល់ពេលនេះ ប្រជាពលរដ្ឋដែលបាត់ខ្លួន ចំនួន៤នាក់នោះ ពុំទាន់បានរកឃើញនៅឡើយទេ ។ អាជ្ញាធររដ្ឋបាលស្រុកអូរជុំ ក៏ដូចជារដ្ឋបាលខេត្តរតនគិរី កំពុងដុតដៃដុតជើង ដឹកនាំកម្លាំងបន្តរុករក៕


