Friday, October 3, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គម កម្មករោងចក្រ ធ្វើកូដកម្មតវ៉ា៥ចំណុច

 កម្មករោងចក្រ ធ្វើកូដកម្មតវ៉ា៥ចំណុច

ខេត្តកំពង់ស្ពឺ ៖ កម្មករ-កម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់ តារ៉ាល់ កាលពីព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ បាននាំគ្នាធ្វើកូដកម្មតវ៉ានៅមុខរោងចក្រ ស្ថិតនៅចន្លោះបង្គោលគីឡូម៉ែត្រលេខ ៤៦-៤៧ តាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងឃុំស្នំក្រពើ ស្រុកគងពិសី មិនចូលធ្វើការងារ ដោយទាមទារនូវលក្ខខណ្ឌមួយចំនួន ពីថៅកែជន ជាតិចិន។

កម្មករ-កម្មការិនីរោងចក្រកាត់ដេរ តារ៉ាល់ ដែលមានកម្មករសរុបជិត ៧០០០នាក់ ដែលធ្វើកូដកម្មទាមទារឱ្យថៅកែជនជាតិចិន ផ្តល់ដល់កម្មករមាន ទី១-ឱ្យមានលុយបាយថ្ងៃត្រង់។ ទី២-សូមកុំឱ្យថៅកែកាត់លុយពួកគាត់ដែលមកយឺត (យឺតចាប់ពី ១នាទីត្រូវកាត់លុយចំនួន១០ដុល្លារ)។ ទី៣-កាលពីប្រជុំ និយាយថា យឺតលើសពីកន្លះម៉ោង បានកាត់លុយ (បើត្រឹម១នាទី រហូតដល់២៥នាទី មិនកាត់លុយទេ)។ ទី៤-សូមឱ្យថៅកែកុំដំឡើងចំនួនខោអាវ និងកុំទម្លាក់លុយរង្វាន់ និងទី៥-សូមឱ្យថៅកែកុំគាបសង្កត់កម្មករពេក សូម្បីតែថ្នាំលេប និងទឹកសុទ្ធ ក៏មិនអាចយកចូលក្នុងរោងចក្របាន។

ក្រុមកម្មករ-កម្មការិនីរោងចក្រខាងលើ បានបញ្ជាក់ថា ពួកគាត់ធ្វើការតវ៉ានៅព្រឹកនេះ គឺមាន២ ទី១-គឺរឿងតៃកុងរថយន្តដឹកកម្មករ ត្រូវបានដោះស្រាយរួចហើយ។ ទី២-គឺសូមឱ្យថៅកែក្រុមហ៊ុន គោរពតាមច្បាប់ការងារក្នុងព្រះរាជាណាចក្រកម្ពុជា មានលុយថ្លៃបាយថ្ងៃត្រង់ ដូចមុន និងឱ្យកម្មករកម្មការិនីយកថ្នាំលេបចូលទៅក្នុងរោងចក្រ ព្រមទាំងទឹកសុទ្ធផងដែរ។

ក្រុមកម្មករនិយាយថា កាលពីមុនរោងចក្រនេះស្រួលណាស់ ឥឡូវនេះចាប់ តាំងពីរដ្ឋបាលមុនត្រូវថៅកែក្រុមហ៊ុន បញ្ឈប់មកប្តូរ រដ្ឋបាលថ្មី រឹតបណ្តឹង ឆែកឆេរ និងគាបសង្កត់លើកម្មករ-កម្មការិនីខ្លាំងណាស់។ គិតត្រឹមម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥នេះ ការតវ៉ាមិនទាន់បានធ្វើការដោះស្រាយនោះទេ។

លោកចឹក បូរិន ប្រធានមន្ទីរការងារបានឱ្យដឹងថា ក្រុមការងារធ្វើការសម្របសម្រួលជាមួយកម្មកររួចហើយ ស្អែកពួកគាត់ចូលធ្វើការងារវិញហើយ៕

RELATED ARTICLES