ភ្នំពេញ ៖ ជនសង្ស័យ ១ក្រុម បានធ្វើសកម្មភាពចាប់បង្ខាំងមនុស្ស ជំរិតយកលុយ ទីបំផុតត្រូវបានកម្លាំងសមត្ថកិច្ចស្រាវជ្រាវបង្ក្រាបបាន ដោយឃាត់ខ្លួនជនសង្ស័យ ចំនួន៨នាក់ ព្រមទាំងរំដោះជនរងគ្រោះ ២នាក់ បានដោយសុវត្ថិភាព។

ករណីចាប់បង្ខាំងនិងជំរិតទារប្រាក់នេះ បានកើតឡើង កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចសណ្ឋា គារមួយកន្លែង ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មការា រាជធានីភ្នំពេញ។ លុះមកដល់វេលាម៉ោង ៥និង៤០នាទីល្ងាច ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ទើបកម្លាំងសមត្ថកិច្ចជំនាញ បង្ក្រាបក្រុមជនសង្ស័យបាន ចំនួន៨នាក់។

ជនសង្ស័យទាំង៨នាក់ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រួមមាន ទី១-ឈ្មោះ ZHU LI MIN ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិចិន។ ទី២-ឈ្មោះ HE YE ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន។ ទី៣-ឈ្មោះ HE SHUAI ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន។ ទី៤-ឈ្មោះ WANG HUA XIE ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិចិន។ ទី៥-ឈ្មោះ យឿន វឌ្ឍនា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ។ ទី៦-ឈ្មោះដោម សីហា ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ។ ទី៧-ឈ្មោះយ៉ា ចំរុង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ និងទី៨-ឈ្មោះវ៉ែន ដាវីត ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ។

ចំណែកជនរងគ្រោះ ដែលសមត្ថកិច្ចរំដោះបាន មានចំនួន២នាក់ រួមមាន ទី១-ឈ្មោះ JACKY TANG SAI TING ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន សញ្ជាតិកាណាដា (រំដោះបានកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចស្ថិតក្នុងផ្លូវ៥៨ ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ) និងទី២-ឈ្មោះ MA CHANG ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិចិន (រំដោះបាន កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង)។

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បានបញ្ជាក់នៅរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ថា អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ បានទទួលបណ្តឹងតាមរយៈទូរស័ព្ទថា មានករណីបង្ខាំងមនុស្សខុសច្បាប់ និងជំរិតទារប្រាក់ បង្កដោយជនសង្ស័យ មួយក្រុម ជនជាតិចិន ជិះរថយន្ត ១គ្រឿង ម៉ាក TOYOTA ALPHARD ពណ៌ស បានធ្វើសកម្មភាពចាប់ជនរងគ្រោះម្នាក់ ឈ្មោះ JACKY TANG SAI TING ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន សញ្ជាតិកាណាដា ចេញពីសណ្ឋាគារមួយកន្លែង ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ប្រភពដដែល បន្តថា ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ខេត្តព្រះសីហនុ និងខេត្តកណ្តាល ធ្វើការស្រាវជ្រាវតាមនីតិវិធីនិងជំនាញ រហូតកំណត់ បានអត្តសញ្ញាណក្រុមជនសង្ស័យខាងលើបាន។ លុះមកដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានធ្វើការជួយសង្គ្រោះជនរងគ្រោះ ឈ្មោះ JACKY TANG SAI TING នៅចំណុចស្ថិតក្នុងផ្លូវ៥៨ ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពខាងលើ បន្តថា បន្ទាប់មកនៅវេលាម៉ោង ៥និង៤០នាទីល្ងាច ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ទើបកម្លាំងជំនាញបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ បានជាបន្តបន្ទាប់ សរុបចំនួន៨នាក់ (១-ឈ្មោះ ZHU LI MIN ២-ឈ្មោះ HE YE ៣-ឈ្មោះ HE SHUAI ៤-ឈ្មោះ WANG HUA XIE ៥-ឈ្មោះយឿន វឌ្ឍនា ៦-ឈ្មោះដោម សីហា ៧-ឈ្មោះយ៉ា ចំរុង ៨-ឈ្មោះវ៉ែន ដាវីត) ព្រមទាំងរំដោះបានជនរងគ្រោះម្នាក់ទៀត ឈ្មោះ MA CHANG នៅចំណុចសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ជនសង្ស័យទាំង៨នាក់ ខាងលើ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕