ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ បានអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រយ័ត្នខ្ពស់ចំពោះឥទ្ធិពលព្យុះទី២១ មានឈ្នោះម៉ាតម៉ូ (Matmo) T2521 ដែលអាចនឹងធ្វើឱ្យមានភ្លៀងធ្លាក់ លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ រហូតដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥។

យោងតាមសេចក្តីជូនដំណឹងស្តីពីស្ថានភាពព្យុះទី២១ ឈ្មោះម៉ាតម៉ូ របស់ក្រសួងធនធានទឹក បានបញ្ជាក់ថា យោងតាមការអង្កេត ពិនិត្យនិងវិភាគលើស្ថានភាពធាតុអាកាសក្នុងតំបន់ និងព្រះរាជាណាចក្រកម្ពុជា ក្រសួងធនធានទឹកនិងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជន ឱ្យបានជ្រាបថា សម្ពាធទាបដែលកើតនៅសមុទ្រចិនខាងត្បូង បានវិវត្តទៅជាព្យុះទី២១ ឈ្មោះម៉ាតម៉ូ (Matmo) T2521 ដែលមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី ហើយបក់លើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា។ គន្លងផ្លូវដើររបស់ព្យុះនេះ ពុំមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជា នោះទេ ។
ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទីនេះ ដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ ៖
-តំបន់វាលទំនាប ៖ សីតុណ្ហភាពមធ្យមអប្បបរមា ២២អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣១អង្សាសេ។ ខ្យល់បក់មកពីទិសបូព៌និងទិសអាគ្នេយ៍ មានល្បឿនមធ្យម ៣ម៉ែត្រ ក្នុង១វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ២៥ភាគរយ។
-តំបន់ខ្ពង់រាប ៖ សីតុណ្ហភាពមធ្យមអប្បបរមា ២១អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣០អង្សាសេ។ ខ្យល់បក់មកពីទិសបូព៌និងទិសអាគ្នេយ៍ មានល្បឿនមធ្យម ៤ម៉ែត្រ ក្នុង១វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរ មានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរ ភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ៣០ភាគរយ។
-តំបន់មាត់សមុទ្រ ៖ សីតុណ្ហភាពមធ្យមអប្បបរមា ២១អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣១អង្សាសេ។ ខ្យល់បក់មកពីទិសនិរតីនិងទិសអាគ្នេយ៍ មានល្បឿនមធ្យម ៣ម៉ែត្រ ក្នុង១វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី២៥ភាគ រយ។ រលកសមុទ្រ មានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៧៥០ម៉ែត្រ។

យោងលើការព្យាករណ៍ដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាប្រុងប្រយ័ត្នខ្ពស់ ជាពិសេសបងប្អូនដែលធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹក។ ក្រសួងធនធានទឹកនិងឧតុនិយម នឹងបន្តធ្វើការតាមដាននិងវិភាគអំពីស្ថានភាពធាតុអាកាស ដើម្បីជម្រាបជូនជាបន្តបន្ទាប់ ក្នុងករណីមានការប្រែប្រួ៕