Saturday, October 4, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្ទាវថៃ បាញ់៤គ្រាប់ ជាប់ខ្នោះ២

ស្ទាវថៃ បាញ់៤គ្រាប់ ជាប់ខ្នោះ២

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ ជាជនជាតិថៃ ចំនួន២នាក់ បានប្រើប្រាស់កាំភ្លើងខ្លី ១ដើម បាញ់បោះសេរី ៤គ្រាប់ យ៉ាងអនាធិបតេយ្យ កណ្តាលក្រុងប៉ោយប៉ែត ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត សហការជាមួយក្រុមល្បាតព្រំដែន ចុះអន្តរាគមន៍ចាប់វាយខ្នោះភ្លាមៗទាំង២នាក់ នាំយកទៅចាត់ការតាមច្បាប់។

ករណីបាញ់បោះសេរី បង្កឡើងដោយជនជាតិថៃ នេះ បានកើតឡើងកាលពីវេលាម៉ោង ១២ និង៤១នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ នៅត្រង់ចំណុចដីវាលមុខបុរីស្តារហ្គោល ស្ថិតក្នុងភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

ជនសង្ស័យទាំង២នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន ទី១-ឈ្មោះផាចារាក់ ខៅផូ (PATCHARA KHAOPHO) ភេទប្រុស អាយុ២៧ឆ្នាំ ជាជនជាតិថៃ (ជាម្ចាស់អាវុធ) និងទី២-ឈ្មោះឡាំភុម រ៉ាត់តាណាក់កែវមន្នី (RAMPUM RATTANAKAEWMANEE) ភេទប្រុស អាយុ២២ឆ្នាំ ជាជនជាតិថៃ។ ជនសង្ស័យទាំង២នាក់ ស្នាក់នៅម្តុំវត្តជាយដែនស្ថិតក្នុងភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

តាមប្រភពមន្ត្រីជំនាញអាវុធហត្ថ បានបញ្ជាក់ឱ្យដឹងថា កាលពីវេលាម៉ោង ១២និង៤១នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត សហការជាមួយក្រុមល្បាតព្រំដែន ចុះល្បាតតាមព្រំដែនក្នុងភូមិសាស្ត្រក្រុង ប៉ោយប៉ែត ដល់ចំណុចដីវាលមុខបុរីស្តារហ្គោល ស្ថិតក្នុងភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្រទះឃើញករណីបាញ់បោះសេរី និងប្រើ​ប្រាស់អាវុធដោយខុសច្បាប់ ប្រព្រឹត្តដោយជនសង្ស័យ ចំនួន២នាក់ ភ្លាមនោះកម្លាំងបានធ្វើការឃាត់ខ្លួនជន​សង្ស័យ ជាជនជាតិថៃ ចំនួន២នាក់ (១-ឈ្មោះផាចារាក់ ខៅផូ PATCHARA KHAOPHO ២-ឈ្មោះឡាំភុម រ៉ាត់តាណាក់កែវមន្នី RAMPUM RATTANAKAEWMANEE) ព្រមទាំងដកហូតវត្ថុតាង រួមមាន អាវុធខ្លីម៉ាក ស៊ិច​សាយអឺ (SIG SAUER) ពណ៌ខ្មៅ លេខតួ 66A986594 ចំនួន១ដើម បង់ចំនួន១ គ្រាប់ចំនួន១០គ្រាប់ និងសំបកគ្រាប់បាញ់រួចចំនួន៤គ្រាប់។ ជនសង្ស័យទាំង២នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបាននាំខ្លួនមកសាកសួរនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីកសាងសំណុំរឿង តាមនីតិវិធី៕

RELATED ARTICLES