ភ្នំពេញ ៖ ស្ទើតែមិនគួរឲ្យជឿថា កំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ដែលជាតារាលំដាប់ជូរមុខរបស់ផលិតកម្ម Galaxy នោះ ពេលនេះត្រូវបានអ្នកប្រើបណ្ដាញសង្គម ចូលទៅខម្មិន រិះគន់ និងខ្លះជេរស្រោចទៅលើតារាទាំងពីរ ដោយចំហតែម្ដង នៅពេលដែលតារាចម្រៀងឧកញ៉ា ទាំងពីរ ចេញសារពាក់ ព័ន្ធការពារអ្នកនយោបាយ។ មតិមហាជន បានលើកឡើងថា ព្រាប សុវត្ថិ ដែលធ្លាប់តែត្រូវបានទស្សនិកជនគាំទ្រច្រើន អំឡុងច្រៀងនៅហង្សមាស ពេលនេះប្រែប្រួលខ្លាំង ដោយសាតែមានអ្នកជេរចំៗ ដែលបញ្ហានេះសាមីខ្លួនផ្ទាល់ ក៏បានដឹងខ្លួនច្បាស់ដែរ។ ចំណែកលោក ខែម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ វិញត្រូវថ្មោងអ្នកប្រើបណ្ដាញសង្គម លើសព្រាប សុវត្ថិ ទៅទៀត ពោលគឺសឹងតែធ្វើអីក៏ខុស ដោយអ្នកមិនពេញចិត្តលោក ចាត់ទុកថា លោកជាតារាទ្រពង ឬយកមុខ ជាដើម ។

មហាជនបានលើកឡើងថា ចាប់ពីពេលនេះតទៅ ទាំងព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ បើនៅពាក់ព័ន្ធនយោ បាយ ឬការពារថៅកែនោះ នឹងមានអ្នកតាមជេរតារាទាំងពីរនេះ កាន់តែច្រើនៗទៅ ។ ជាក់ស្ដែងដូចជា នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ អតីតតារាហង្សមាស ទាំងពីរត្រូវអ្នកជេរលើហ្វេសប៊ុក ដូចទឹកបាក់ទំនប់។ យ៉ាងណា គេថាដំណាក់កាលនេះ ទាំងលោកសុវត្ថិ និងសិរីមន្ដ «ចុះទឹកក្រពើ ឡើងលើខ្លា» ។

លោកខេមរៈ ភារុណ បងប្រុសខេមរៈ សិរីមន្ដ ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថាទាក់ទងអ្នកលេងហ្វេសប៊ុក ចេះតែជេរសិរីមន្ដ នោះ លោកក៏បានដឹងដែរ ប៉ុន្ដែលោកមិនដឹងថាអ្នកចេញមុខជេរនោះ ប្រើឈ្មោះហ្វេសប៊ុកក្លែងក្លាយ ឬពិតឡើយ ព្រោះអត់បានតាមដាន។

ទោះជាយ៉ាងណា ក្រៅពីលោក ព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ក៏មានតារាផ្សេងៗទៀតដែលថ្លែងសារពាក់ព័ន្ធនយោបាយ ត្រូវអ្នកលេងបណ្ដាញសង្គម ជេរប្រមាថដូចគ្នាដែរ មានដូចជា លោកខេម និងកញ្ញា តន់ ច័ន្ទសីម៉ា ជាដើម ដែលពេលនេះតារាទាំងនោះ ទ័លតម្រិះអត់មានវិធានការទប់ស្កាត់ការបញ្ចេញមតិទាំងនោះឡើយ ។ ប៉ុន្ដែចំពោះលោកសុវត្ថិ និង សិរីមន្ដ បើនៅតែមានគេជេរស្រោចបែបនេះទៀតនោះ ឥទ្ធិពលតម្លៃនៃតារាជូរមុខ នឹងធ្លាក់ចុះជាមិនខាន ព្រោះមហាជន ជាអ្នកកំណត់ភាពល្បីរបស់តារា មិនមែនតារា។

គួរបញ្ជាក់ថា លោកព្រាប សុវត្ថិ អំឡុងច្រៀងនៅហង្សមាស លោកត្រូវបានអ្នកដឹកនាំកម្មវិធីប្រគំតន្រ្ដី លោក គង់ វិសាល អះអាងថា មនុស្សទាំង១០០នាក់ ស្រលាញ់គាំទ្រលោកទាំង១០០នាក់ តែពេលចូល Galaxy ជាង៥ឆ្នាំនេះ មិនដូចអ្វីដែលលោកវិសាល អះអាងពីមុនមកនោះឡើយ ។ សម្រាប់លោកខេមរៈ សិរីមន្ដ ជ្រកនៅ Galaxy ជាង២ឆ្នាំហើយ ដែលអុកឡុកទីផ្សារចម្រៀងជាងគេ ហើយក៏កាន់តែសកម្មផងដែរ ក្នុងការចេញមុខការពារមេ និងអ្នកនយោបាយ ជាពិសេសលោកត្រូវអ្នកលេងហ្វេសប៊ុក តាមជេរ តាំងពីលោកនិយាយកាលពីឆ្នាំ២០២៣ ថា អត់ស្គាល់ឧកញ៉ាណាកាប់ឈើ ។

ទាំងលោកព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ រួមទាំងតារាផ្សេងទៀត ដែលឡើងជាឧកញ៉ាត្រូវបានលោកស៊ិន សិលា អ្នកដឹកនាំការប្រគំតន្រ្ដី ទូរទស្សន៍ CTN សំណូមពរឲ្យឈប់ ឬផ្ដាច់ខ្លួនពីសិល្បៈទាំងស្រុង ដើម្បីកុំឲ្យច្របូកច្របល់ ពេលច្រៀង ពិបាកឡើងអក្សរ ប៉ុន្ដែលោកសុវត្ថិ-សិរីមន្ដ នៅតែបន្ដអាជីពចាស់ ផ្ទុយពីឧកញ៉ា ទុំ សារុត ហៅនាយឃ្លោក និងលាន អាហ្វ្រីលគីនីន បានបោះបង់អាជីពសិល្បៈ តាំងពីក្រោយទទួលបានគោរមងារឧកញ៉ា ភ្លាមៗក្ដី ៕

